ជំងឺ ភ្នែកខ្សោយ ជាទូទៅបង្កឡើងដោយការលូតលាស់មិនប្រក្រតីនៃភាពមើលឃើញច្បាស់ ពីកំណើតរបស់កែវភ្នែក ដែលដំណើរការនេះ មានទំនាក់ទំនងនឹងស្រទាប់ នៃប្រព័ន្ធសរីរាង្គសំខាន់ៗរបស់ភ្នែក ហើយត្រូវបញ្ជូនទិន្ន័យទៅកាន់ខួរក្បាល។
ដូច្នេះហើយទើប មានកត្ដាមួយចំនួន ដែលបណ្ដាលឲ្យកុមារជួបនឹងបញ្ហាអាក្រក់នេះគឺ៖
- ការកើតមិនគ្រប់ខែ
- ការកើតមិនគ្រប់គីឡូ
- ការមានប្រវត្ដិគ្រួសារមានធ្លាប់មានជំងឺភ្នែកខ្សោយ
- ការវិវត្ដរាងកាយ មិនប្រក្រតី
- ការវិវត្ដពីជំងឺភ្នែកឡើងបាយ
តើរោគសញ្ញា ជំងឺនេះ មានអ្វីខ្លះ?
កុមារ ដែលចាប់ផ្ដើមកើតជំងឺប្រភេទនេះ ប៉ាម៉ាក់ អាចកត់សម្គាល់លើចំណុចសំខាន់ៗមួយចំនួនដូចជា៖
• ភ្នែកកុមារមានសភាពទាញម្ខាង (ភ្នែកខ្សោយ)៖ ក្នុងដំណាក់កាលចាប់ផ្ដើម ឬកើតហើយមួយរយៈ ភ្នែករបស់កុមារដែលឈឺ នឹងប្រែប្រួលខុសពីធម្មតា។ តួយ៉ាង ភ្នែកដែលមានជំងឺ នឹងអាចប្រែប្រួលទម្រង់អាចទាញម្ខាងបើទោះបី កុមារខំប្រឹងសម្លឹងទៅអ្វីមួយក៏ដោយ។ ពោល គឺទម្រង់់ភ្នែកខុសពីប្រក្រតី អាចទាញទៅឆ្វេង ស្ដាំ ឬលើក្រោម។
• ត្របកភ្នែកកុមារធ្លាក់ម្ខាង៖ ត្របកភ្នែកកុមារនឹងធ្លាក់ម្ខាង ជាហេតុកុមារមិនអាចមើលឃើញអ្វីច្បាស់លាស់នោះទេ កុមារអាចប្រឈមនឹងការ សម្លឹងដោយខិតខំប្រឹងផ្ទៀងផ្ទាត់ ប្រឹងបើកភ្នែក ប្រឹងញីភ្នែក។ កុមារក្នុងដំណាក់កាលនេះអាចនឹងមិនសូវប្រើប្រាស់ភ្នែកពួក គេទាំងសងខាង ពោលប្រើតែភ្នែក ម្ខាង បិទម្ខាង ឬបើកភ្នែកព្រឹមៗ។

• ឧស្សាហ៍ព្រិចភ្នែក ញីភ្នែក៖ កុមារអាចនឹងព្រិចភ្នែកជាញឹកញាប់ ជាពិសេសពេលពួកគេខំប្រឹងសម្លឹងអ្វីមួយដោយយកចិត្តទុកដាក់។ ជារួម កុមារដែលចាប់ផ្ដើមមានបញ្ហានេះ មិនសូវបង្ហាញពីអាការៈ ឲ្យអ្នកជុំវិញខ្លួនបានដឹងនោះទេ។
គួរបន្ថែមផងដែរថា ជាទូទៅ កុមារដែលមានវ័យចន្លោះពី ២ទៅ ៣ឆ្នាំ គួរពិនិត្យ តាមដានសុខភាពភ្នែក ជៀសវាងមានជំងឺអ្វីមួយ ដែលមិនបានបង្ហាញពីរោគសញ្ញាច្បាស់ បង្កជាផលប៉ះពាល់ដល់ថ្ងៃអនាគត។
ប្រភេទអាហារកុមារគួរញ៉ាំ
ជាការចូលរួមចំណែក ការពារ និងព្យាបាល ពីជំងឺខ្សោយភ្នែក កុមារ គួតែញ៉ាំជារៀងរាលថ្ងៃ នូវប្រភេទអាហារដែលមានផ្ទុកទៅដោយ ជាតិប្រូតេអ៊ីន ជាតិកាល់ស្យូម វីតាមីន beta-carotene និងជាតិខ្លាញ់ត្រី ដែលប្រភេទទាំងនោះមានតួនាទីយ៉ាងសំខាន់ ជួយចិញ្ចឹមសរីរាង្គភ្នែក ឲ្យមានសុខភាពល្អប្រសើរ។ ប្រភេទអាហារទាំងនោះ មានដូចជា នៅក្នុងសាច់ ប្រភេទបន្លែបៃតង មើមការរ៉ុត ស៊ុត និងត្រីសាលម៉ុនជាដើម។