រដូវភ្លៀង កុមារតូចៗងាយប្រឈមនឹងជំងឺផ្សេងៗណាស់ អ៊ឹចឹងហើយ ប៉ាម៉ាក់គួរអនុវត្តន៍គន្លឹះបែបណាខ្លះ ដើម្បីជួយកូនឲ្យជៀសផុតពីបញ្ហាមួយនេះ?
រដូវភ្លៀង កុមារតូចៗងាយប្រឈមនឹងជំងឺផ្សេងៗណាស់ អ៊ឹចឹងហើយ ប៉ាម៉ាក់គួរអនុវត្តន៍គន្លឹះបែបណាខ្លះ ដើម្បីជួយកូនឲ្យជៀសផុតពីបញ្ហាមួយនេះ?

ពិតណាស់ នៅរដូវភ្លៀង ជាមួយនឹងសំណើមខ្ពស់ អាចបណ្តាលឲ្យក្មេងៗដែលមិនទាន់មានប្រព័ន្ធភាពស៊ាំរឹងមាំនៅឡើយ ងាយនឹងឆ្លងជំងឺផ្សេងៗតាមរដូវកាល ដូចនេះ យកល្អ ប៉ាម៉ាក់ត្រូវត្រៀមវិធានការការពារទុកជាមុនដូចខាងក្រោម៖
ការរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន អាចបញ្ចៀសការរីករាលដាលនៃជំងឺឆ្លងបាន។ ហេតុនេះហើយ ប៉ាម៉ាក់គួរបង្រៀនកូនឲ្យយល់ដឹងពីសារៈសំខាន់នៃការលាងសម្អាតដៃឲ្យបានត្រឹមត្រូវ ជាពិសេស មុនពេលញ៉ាំអាហារ និងក្រោយពីការបន្ទោរបង់រួច។ ការលាងសម្អាតដៃទៀតសោត គួរឲ្យកូនលាងជាមួយនឹងសាប៊ូ និងទឹកយ៉ាងហោចណាស់២០វិនាទី។
របបអាហារតុល្យភាព ត្រូវរួមបញ្ចូលនូវវីតាមីន និងសារធាតុរ៉ែ ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ ប៉ាម៉ាក់គប្បីឲ្យកូនញ៉ាំបន្លែ ផ្លែឈើ និងប្រូតេអ៊ីនគ្មានខ្លាញ់។ អាហារដែលសម្បូរទៅដោយវីតាមីនC ដូចជាផ្លែក្រូច ស្រ្តប៊ឺរី និងម្ទេសប្លោក ក៏អាចជួយការពារកូនប៉ាម៉ាក់ពីជំងឺផ្សេងៗបានផងដែរ។ មួយវិញទៀត គួរកាត់បន្ថយការញ៉ាំអាហារដែលមានជាតិស្ករខ្ពស់ និងអាហារកែច្នៃ។
ម្យ៉ាងវិញទៀត ប៉ាម៉ាក់ចាំបាច់ណែនាំឲ្យកូនញ៉ាំទឹកឲ្យបានច្រើនក្នុងអំឡុងរដូវភ្លៀង នៅពេលដែលកម្រិតសំណើមឡើងខ្ពស់ ដើម្បីបញ្ចៀសបញ្ហាកង្វះជាតិទឹក។ យើងក៏អាចបន្ថែមជាប្រភេទផ្លែឈើដែលសម្បូរជាតិទឹក ដូចជាផ្លែឪឡឹក និងត្រសក់ជាដើម។

ជាមួយគ្នានេះ ប៉ាម៉ាក់គួរឲ្យកូនស្លៀកពាក់សំលៀកបំពាក់ណាដែលមានខ្យល់ចេញចូល ហើយងាយស្ងួត ដើម្បីការពារកូនពីការកើតជំងឹផ្តាសាយ ឬបញ្ហាស្បែក។ ក្នុងអំឡុងរដូវភ្លៀង ចាំបាច់ត្រូវឲ្យកូនមានអាវភ្លៀវ និងឆ័ត្រជាប់ខ្លួន។ ប្រសិនបើកូនលេងខាងក្រៅ ប៉ាម៉ាក់ត្រូវណែនាំឲ្យកូនផ្លាស់ប្តូរសំលៀកបំពាក់ភ្លាមៗ ជៀសវាងកូនប្រឈមនឹងអាការៈគ្រុនក្តៅ។
យើងដឹងហើយថា ការគេងមានសារៈសំខាន់ណាស់ ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ នៅពេលដែលកូនគេងគ្រប់គ្រាន់ជាទៀងទាត់ នោះក្មេងនឹងមានប្រព័ន្ធភាពស៊ាំរឹងមាំ និងមិនងាយឈឺផ្តេសផ្តាសឡើយ។
វ៉ាក់សាំងជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីការពារកូនពីជំងឺឆ្លងផ្សេងៗ ដូច្នេះហើយ ប៉ាម៉ាក់កុំភ្លេចនាំកូនទៅចាក់វ៉ាក់សាំងតាមការណែនាំពីរបស់ក្រសួងសុខាភិបាលកុំបីខាន។
អត្ថបទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Protecting Your Kids from Common Illnesses during Rainy Season
https://continentalhospitals.com/blog/protecting-your-kids-from-common-illnesses-during-rainy-season/
Monsoon Illness in Children: Common Ailments and Practical Tips for Prevention and Care
https://www.medanta.org/patient-education-blog/monsoon-illness-in-children-common-ailments-and-practical-tips-for-prevention-and-care
Five illnesses that affect children during the rain season
https://aho.org/articles/five-illnesses-that-affect-children-during-the-rain-season/
កំណែប្រែបច្ចុប្បន្ន
20/11/2024
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Sopheng
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ