backup og meta

វីរុសផ្ទុះថ្មីនៅចិន "Langya” មានរោគសញ្ញាអ្វីខ្លះ? ឆ្លងតាមរបៀបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 15, 2022

    វីរុសផ្ទុះថ្មីនៅចិន "Langya” មានរោគសញ្ញាអ្វីខ្លះ? ឆ្លងតាមរបៀបណា?

    ​​​ជំងឺ​បង្ក​ឡើង​ដោយ​ពពួក​សត្វ​ ឬ​Zoonotic កើត​ឡើង​នៅ​ពេល​ដែល​​មេរោគ​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​។ យោង​តាម​​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លងអាមេរិក (CDC) ​ថា ជំងឺ​ប្រភេទ​នេះ​ បង្ក​ឡើង​ពី​មេរោគ​ដ៏​គ្រោះថ្នាក់​ ដូចជា​វីរុស​ បាក់តេរី ប៉ារ៉ាស៊ីត និង​ផ្សិត ហើយ​ថ្មី​ៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​​ជំងឺ​បង្ក​ឡើង​ដោយ​ពពួក​សត្វ​​ថ្មី​មួយ​​នៅ​ប្រទេស​ចិន​ ដែល​ឈ្មោះ​ថា​វីរុស​ Langya។

    រោគសញ្ញា​នៃ​វីរុស​Langya

    រោគសញ្ញា​មួយ​ចំនួន​បង្ក​ដោយ​​វីរុស​នេះ រួម​មាន​៖

    • គ្រុន​ក្ដៅ
    • អស់​កម្លាំង
    • ក្អក
    • ​ឈឺ​សាច់ដុំ
    • ឈឺ​ក្បាល
    • ក្អួត

    ក្នុង​ចំណោម​រោគសញ្ញា​ទាំង​នេះ អ្នក​ជំងឺ​Langya​ទាំងអស់​ សុទ្ធ​តែ​កើត​មាន​​អាការៈ​គ្រុន​ក្ដៅ​។ ទន្ទឹម​នឹង​នេះ​ដែរ​ អ្នក​ជំងឺ​ជាង​ពាក់​កណ្ដាល​បាន​ប្រឈម​នឹង​អាការៈ​អស់​កម្លាំង​ ក្អក​ ក៏​ដូចជា​មិន​ឃ្លាន​អាហារ ហើយ​ប្រហែល​ជា​មួយ​ភាគ​បី​នៃ​អ្នក​ជំងឺ​ មាន​មុខងារ​ថ្លើម​ចុះ​ខ្សោយ​ និង​៨%​ ជួប​ប្រទះ​នឹង​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ។

    ​​​​វីរុស​នេះ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ឬ​អត់?

    ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​​រក​ឃើញ​ភស្តុតាង​នៃ​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​ឡើយ​ទេ​នៅ​បច្ចុប្បន្ន​នេះ​។ បន្ថែម​ពី​នេះ ពុំ​មាន​អ្នក​ជំងឺ​Langya​ណា​ម្នាក់​ចម្លង​វីរុស​ទៅ​សមាជិក​គ្រួសារ​របស់​ខ្លួន​ឡើយ។

    ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រការ​នេះ​មិន​មែន​មាន​ន័យ​ថា​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​មិន​កើត​ឡើង​នោះ​ទេ។ ក្រុម​អ្នក​ស្រាវជ្រាវ​ថា​ ដោយ​សារ​តែ​សំណាក​មាន​ចំនួន​តិច​ពេក​ គេ​មិន​ទាន់​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​ច្បាស់លាស់​នៅ​ពេល​នេះ​ឡើយ។

    ​​​យើង​គួរ​បារម្ភ​អត់​ទាក់ទង​នឹង​ជំងឺ​នេះ​?

    លោក​វេជ្ជបណ្ឌិត​Gandhi ជា​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​ និង​ជា​ប្រធាន​ផ្នែក​រង​នៃ​ផ្នែក​មេរោគ​អេដស៍ ជំងឺ​ឆ្លង និង​វេជ្ជសាស្ត្រ​សកល​នៅ​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា​ សាន់ហ្វ្រាន់ស៊ីស្កូ​មាន​ប្រសាសន៍​ថា វីរុស​Langya​​ជា​វីរុស​ថ្មី​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​។ យ៉ាង​ណា​មិញ ដោយ​សារ​តែ​ពុំ​មាន​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​ឡើយ ដូច្នេះ​ វីរុស​នេះ​មិន​បង្ក​ជា​​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​​ដល់​មនុស្ស​ឡើយ ហើយលោក​​សង្ឃឹម​ថា​វីរុស​នេះ​នឹង​អាច​ទប់ស្កាត់​បាន​ ដោយ​កាត់បន្ថយ​ការ​ប៉ះពាល់​ជាមួយ​នឹង​សត្វ។

    ឈឺក

    អត្ថបទគួរអាន៖

    ចំណែក​​លោក​វេជ្ជបណ្ឌិត​Armand Balboni ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ជីវៈ​ឱសថសាស្ត្រ​ជំងឺ​ឆ្លងAppili Therapeutics ​បាន​ឲ្យ​ដឹង​ថា​ វីរុស​ថ្មី​នេះ​មិន​មាន​លក្ខណៈ​ស្រដៀង​នឹង​វីរុស​កូវីដ​-១៩​ឡើយ​ ប៉ុន្តែ​យើង​នៅ​តែ​​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​វីរុស​បង្ក​ឡើង​ពី​ពពួក​សត្វ​ប្រភេទ​ថ្មី​ណា​មួយ ពីព្រោះ​វា​បំប្លែង​ខ្លួន​យ៉ាង​ឆាប់​រហ័ស។

    ចំណុចសំខាន់

    វីរុសLangya ជាប្រភេទវីរុស​ដែល​បង្ក​ឡើង​ដោយ​ឆ្លង​​ពពួក​សត្វ និង​ទើប​តែ​រក​ឃើញ​ថ្មី​ៗនេះ នៅ​ប្រទេសចិន។ វីរុស​នេះ​មាន​រោគសញ្ញា​ដូចជា គ្រុន​ក្តៅ អស់​កម្លាំង ក្អក ឈឺ​សាច់ដុំ​ ឈឺ​ក្បាល​ និង​ក្អួត។ យ៉ាង​ណា​មិញ ក្រុម​អ្នក​ស្រាវជ្រាវ​​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ វីរុស​នេះ​ពុំ​មាន​ការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​ឡើយ។ ប៉ុន្តែ​យើង​​គួរ​តែ​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​ប្រភេទ​វីរុស​​ប្រភេទ​ណា​មួយ​ដែល​បង្ក​ឡើង​ដោយ​ពពួក​សត្វ​ ពីព្រោះ​វា​អាច​មាន​ការ​បំប្លែង​យ៉ាង​ឆាប់​រហ័ស ដូចជា​វីរុស​កូវីដ​-១៩​ជា​ដើម។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 15, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម