ចិនបានបញ្ជូនទាហាន និង ក្រុមគ្រូពេទ្យ រាប់ពាន់នាក់ទៅកាន់ទីក្រុងសៀងហៃដើម្បីធ្វើតេស្ដរកអ្នកឆ្លងមេរោគ កូវីដ១៩ លើប្រជាជនចំនួន២៦លាននាក់ទូទាំងទីក្រុង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នេះ។ ការបញ្ជូនទាំងទាហាន និងគ្រូពេទ្យដ៏ច្រើននេះជាព្រឹត្ដិការណ៍យ៉ាងធំសម្បើមជាប្រវត្ដិសាស្ដ្រមួយទៀតរបស់ចិនលើសុវត្ថិភាពសុខភាពសាធារណៈ បន្ទាប់ពីការផ្ទុះមេរោគនេះនៅក្នុងទីក្រុងអ៊ូហានកាលពីចុងឆ្នាំ២០១៩។ ប្រជាជនទាំង ២៦លាននាក់តម្រូវឲ្យក្រោកពីព្រឹក មុនថ្ងៃរះ ដើម្បីធ្វើតេស្ដ។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
របាយការណ៍ព័ត៌មានក្នុងស្រុកចិនបានចុះផ្សាយថា មានទាហាន និងគ្រូពេទ្យប្រមាណជាង ២ពាន់នាក់ ត្រូវបានរៀបចំខ្លួនបញ្ជូនទៅកាន់ទីក្រុងគោលដៅកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីជាកម្លាំងជួយគាំទ្រ សកម្មភាពផ្គត់ផ្គង់សំភារៈទៅដល់ក្រុមគ្រូពេទ្យ។ របាយការណ៍បន្ដទៀតថា គិតត្រឹមថ្ងៃចន្ទនេះ មានវត្ដមានក្រុមគ្រូពេទ្យជាង ១ម៉ឺននាក់ កំពុងតែសកម្មនៅទីនោះ។
អត្ថបទគួរអាន៖
គិតចាប់ពីត្រឹមថ្ងៃអាទិត្យ មកទល់ពេលនេះ ក្រុងសៀងហៃ ត្រូវបានបែងចែកតំបន់នៃការបិទខ្ទប់ជាពីរដំណាក់កាល ការធ្វើតេស្ដក៏បានបង្ហាញក្នុងតំណាក់កាលទី១ កាលពីថ្ងៃអាទិត្យកន្លងទៅ គឺមានចំនួនអ្នកឆ្លង ៤២៥ករណី និង ៨៥៨១ នាក់ឆ្លងតែមិនបង្ហាញរោគសញ្ញា។
ក្រៅពីការធ្វើតេស្ដដោយក្រុមគ្រូពេទ្យ ប្រជាជនមួយភាគធំក៏ត្រូវដាក់ឲ្យនៅដាច់ដោយឡែក និងធ្វើតេស្ដរកមេរោគដោយខ្លួនឯង ដើម្បីរក្សាបានសុវត្ថិភាព និងម្យ៉ាងវិញទៀត ក៏ងាយស្រួលក្នុងការគ្រប់គ្រង ផ្គត់ផ្គង់ចំណីអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ។
គួរបញ្ជាក់ផងដែរថា នេះគឺជាព្រឹតិ្ដការណ៍ធំលើកទី២ របស់រដ្ឋាភិបាលចិនចំពោះការយកចិត្ដទុកដាក់ និងទំនួលខុសត្រូវលើសុខភាពសាធារណៈ ក្នុងការប្រយុទ្ធប្រឆាំងមេរោគរាតត្បាតយ៉ាងសាហាវនេះ បន្ទាប់ពីការផ្ទុះខ្លាំងកាលពីចុងឆ្នាំ២០១៩ នៅទីក្រុងអ៊ូហាន។