backup og meta

បើស្ថិតក្នុងដំណាក់កាលត្រៀមកើតទឹកនោមផ្អែម គួរ​ការពារ​ខ្លួនបែបម៉េចល្អ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 26

    បើស្ថិតក្នុងដំណាក់កាលត្រៀមកើតទឹកនោមផ្អែម គួរ​ការពារ​ខ្លួនបែបម៉េចល្អ?

    ត្រៀមកើតទឹកនោមផ្អែមគឺជាស្ថានភាពមួយដែលសុខភាពរាងកាយមានភាគរយខ្ពស់រហូតទៅ​ដល់ ៧០%នឹងវិវត្ដកើតជំងឺទឹកនោមផ្អែមប្រភេទ២ ប្រសិនជាមិនបានការពារ គ្រប់គ្រងជាតិស្ករ ឬផ្លាស់ប្ដូររបៀបរស់នៅបានល្អនោះទេ។

    ជាក់ស្ដែងយើងអាចសម្គាល់ដឹងខ្លួនឯងស្ថិតក្នុងស្ថានភាពត្រៀមកើតទឹកនោមផ្អែមប្រភេទ២ តាមរយៈរោគសញ្ញាទើបចាប់ផ្ដើមមាន ដូច​ជា​ការស្រេកទឹកខ្លាំង អស់កម្លាំង នោមញឹក ស្រកគីឡូ ស្រវាំងភ្នែក និង​ឃ្លានអាហារខុសពីធម្មតា ដែលរោគសញ្ញាទាំងនេះស្ថិតក្នុងការសង្ស័យ។ ដើម្បីកាន់តែច្បាស់ គ្រូពេទ្យនឹងធ្វើតេស្ដ HbA1c មើលកម្រិតជាតិស្ករ ៣ខែចុងក្រោយ ប្រសិនលទ្ធផលបង្ហាញថាជាតិស្ករនៅចន្លោះពី ៥,៧% ទៅ ៦,៤% នោះគឺស្ថិតក្នុងស្ថានភាពត្រៀមកើតជំងឺទឹកនោមផ្អែមហើយ។

    តើធ្វើយ៉ាងណាដើម្បីទប់ស្កាត់ការវិវត្ដទៅរកជំងឺទឹកនោមផ្អែម?

    ត្រៀមកើតទឹកនោមផ្អែម មានន័យថាមិនទាន់កើតជំងឺទឹកនោមផ្អែមទាំងស្រុងនោះទេ ដូច្នេះយើងនៅមានសង្ឃឹមអាចការពារខ្លួនឯងបាន ប្រសិនជាអនុវត្ដវិធីរស់នៅបានល្អ។

    ១.សម្រកទម្ងន់

    ធាត់លើសទម្ងន់ជាកត្ដាមួយងាយប្រឈមកើតជំងឹទឹកនោមផ្អែមណាស់ ដូច្នេះត្រូវគ្រប់គ្រងទម្ងន់ឲ្យបានល្អ ស្របតាមស្ដង់ដារអាយុ និង កម្ពស់។ យើងអាចជ្រើសរើសវិធីសម្រកទម្ងន់ណាមួយដែលមានភាពងាយស្រួល ដូចជាការហាត់ប្រាណ ការគ្រប់គ្រងរបបអាហារជាដើម។ ប៉ុន្ដែមិនត្រូវប្រើប្រាស់ ថ្នាំសម្រកទម្ងន់ដែលគ្មានគ្មានវេជ្ជបញ្ជា គ្មានប្រភពច្បាស់លាស់ ឬ មិនបានទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវឡើយ​។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ២.គ្រប់គ្រងរបបអាហារ

    ការគ្រប់គ្រងរបបអាហារ ក៏ជាវិធីមួយសំខាន់អាចទប់ស្កាត់ការវិវត្ដទៅរកជំងឺទឹកនោមផ្អែមបានផងដែរ។ របបអាហារដែលត្រូវជៀសវាង ដូចជា ពពួកអាហារកែច្នៃ អាហារមានកូលេសេ្ដរ៉ូលខ្ពស់ អាហារខ្លាញ់ អាហារប្រៃពេក ផ្អែមពេក បូករួមទាំងពពួកភេសជ្ជៈដែលមានកម្រិតជាតិស្ករខ្ពស់ និងពពួកគ្រឿងស្រវឹងផងដែរ។

    បន្ទាប់ពីនោះគួរបង្កើតទម្លាប់ញ៉ាំអាហារសម្បូរបន្លែ ផ្លែឈើ ដែលមានសម្បូជាតិសរសៃ ប្រូតេអ៊ីន វីតាមីន ដើម្បីជំនួយដល់សុខភាព ពិសេស​ប្រភេទរបបអាហារដែលជំនួយដល់ប្រព័ន្ធការពារ និង ប្រព័ន្ធរំលាយអាហារ។

    ៣.បង្កើតទម្លាប់ហាត់ប្រាណ

    ត្រូវបង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំ ដើម្បីឲ្យរាងកាយធ្វើចលនាអាចប្រើប្រាស់ថាមពល ជួយបញ្ចុះជាតិស្ករក្នុងឈាម។ យើងអាចជ្រើសរើសការហាត់ប្រាណងាយៗ ដូចជា ការដើរ ជិះកង់ ការរាំ ហាត់យូហ្គា និង រត់ក៏បាន។ យើងអាច​ហាត់​ប្រាណ​យ៉ាងហោចកន្លះម៉ោងក្នុងមួយថ្ងៃ និង៥ថ្ងៃមួយសប្ដាហ៍ ឬត្រឹម១៥០នាទី ក្នុងមួយសប្ដាហ៍ក៏​បានដែរ។ ទន្ទឹមគ្នានោះការហាត់ប្រាណបានទៀងទាត់ក៏អាចជួយដល់សុខភាពបេះដូង និងសម្រួលដល់ការគេងផងដែរ។

    ៤.គ្រប់គ្រងស្ដ្រេស

    ការកើតស្ដ្រេសរ៉ាំរៃ ក៏អាចបង្កបញ្ហាជាច្រើនដល់សុខភាព តួយ៉ាងការគេមិនលក់ និង​ការឃ្លានញ៉ាំអាហារផ្អែមៗ។ មួយ​វិញ​ទៀត​បញ្ហាស្រ្តេស​អាចរុញច្រានយើងធ្លាក់ក្នុងទម្លាប់មិនល្អ ដូចជា ការជក់បារី ការផឹកស្រាជាដើម។ ការគ្រប់គ្រង​ស្ដ្រេសបានល្អក៏ជាផ្នែកជួយរារាំងការវិវត្ដទៅរកជំងឺទឹកនោមផ្អែមប្រភេទ២បាន។

    ថប់បារម្ភ១

    ៥.តាមដានសុខភាពជាមួយគ្រូពេទ្យ

    ក្រោយពេលដឹងលទ្ធផលធ្វើតេស្ដបង្ហាញថា យើង​ស្ថិតក្នុងស្ថានភាពត្រៀមកើតជំងឺទឹកនោមផ្អែមប្រភេទ២ យើងត្រូវតាមដានសុខភាពជាមួយគ្រូពេទ្យ យ៉ាងហោច១ឆ្នាំម្ដងដើម្បីដឹងពីកម្រិតជាតិស្ករ និងការវិវត្ដនៃជំងឺ។ ប៉ុន្ដែក្នុងករណីដែលមាន មានអាការៈប្រែប្រួល ចេញរោគសញ្ញាផ្សេងៗ ពាក់ព័ន្ធនឹងជំងឹទឹកនោមផ្អែម ត្រូវទៅជួបគ្រូពេទ្យឲ្យបានលឿន និង បង្ហាញលទ្ធផលធ្វើតេស្ដជាតិស្ករចុងក្រោយទៅកាន់គ្រូពេទ្យ។

    ចំណុចសំខាន់

    តើធ្វើយ៉ាងណាដើម្បីទប់ស្កាត់ការវិវត្ដទៅរកជំងឺទឹកនោមផ្អែម?


    • សម្រក​ទម្ងន់
    • គ្រប់គ្រង​របប​អាហារ
    • បង្កើត​ទម្លាប់​ហាត់​ប្រាណ
    • គ្រប់គ្រង​ស្រ្តេស
    • តាមដាន​សុខភាព​ជាមួយ​គ្រូពេទ្យ

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 26

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម