ត្រៀមកើតទឹកនោមផ្អែមគឺជាស្ថានភាពមួយដែលសុខភាពរាងកាយមានភាគរយខ្ពស់រហូតទៅដល់ ៧០%នឹងវិវត្ដកើតជំងឺទឹកនោមផ្អែមប្រភេទ២ ប្រសិនជាមិនបានការពារ គ្រប់គ្រងជាតិស្ករ ឬផ្លាស់ប្ដូររបៀបរស់នៅបានល្អនោះទេ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ត្រៀមកើតទឹកនោមផ្អែមគឺជាស្ថានភាពមួយដែលសុខភាពរាងកាយមានភាគរយខ្ពស់រហូតទៅដល់ ៧០%នឹងវិវត្ដកើតជំងឺទឹកនោមផ្អែមប្រភេទ២ ប្រសិនជាមិនបានការពារ គ្រប់គ្រងជាតិស្ករ ឬផ្លាស់ប្ដូររបៀបរស់នៅបានល្អនោះទេ។
ជាក់ស្ដែងយើងអាចសម្គាល់ដឹងខ្លួនឯងស្ថិតក្នុងស្ថានភាពត្រៀមកើតទឹកនោមផ្អែមប្រភេទ២ តាមរយៈរោគសញ្ញាទើបចាប់ផ្ដើមមាន ដូចជាការស្រេកទឹកខ្លាំង អស់កម្លាំង នោមញឹក ស្រកគីឡូ ស្រវាំងភ្នែក និងឃ្លានអាហារខុសពីធម្មតា ដែលរោគសញ្ញាទាំងនេះស្ថិតក្នុងការសង្ស័យ។ ដើម្បីកាន់តែច្បាស់ គ្រូពេទ្យនឹងធ្វើតេស្ដ HbA1c មើលកម្រិតជាតិស្ករ ៣ខែចុងក្រោយ ប្រសិនលទ្ធផលបង្ហាញថាជាតិស្ករនៅចន្លោះពី ៥,៧% ទៅ ៦,៤% នោះគឺស្ថិតក្នុងស្ថានភាពត្រៀមកើតជំងឺទឹកនោមផ្អែមហើយ។
ត្រៀមកើតទឹកនោមផ្អែម មានន័យថាមិនទាន់កើតជំងឺទឹកនោមផ្អែមទាំងស្រុងនោះទេ ដូច្នេះយើងនៅមានសង្ឃឹមអាចការពារខ្លួនឯងបាន ប្រសិនជាអនុវត្ដវិធីរស់នៅបានល្អ។
ធាត់លើសទម្ងន់ជាកត្ដាមួយងាយប្រឈមកើតជំងឹទឹកនោមផ្អែមណាស់ ដូច្នេះត្រូវគ្រប់គ្រងទម្ងន់ឲ្យបានល្អ ស្របតាមស្ដង់ដារអាយុ និង កម្ពស់។ យើងអាចជ្រើសរើសវិធីសម្រកទម្ងន់ណាមួយដែលមានភាពងាយស្រួល ដូចជាការហាត់ប្រាណ ការគ្រប់គ្រងរបបអាហារជាដើម។ ប៉ុន្ដែមិនត្រូវប្រើប្រាស់ ថ្នាំសម្រកទម្ងន់ដែលគ្មានគ្មានវេជ្ជបញ្ជា គ្មានប្រភពច្បាស់លាស់ ឬ មិនបានទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវឡើយ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ការគ្រប់គ្រងរបបអាហារ ក៏ជាវិធីមួយសំខាន់អាចទប់ស្កាត់ការវិវត្ដទៅរកជំងឺទឹកនោមផ្អែមបានផងដែរ។ របបអាហារដែលត្រូវជៀសវាង ដូចជា ពពួកអាហារកែច្នៃ អាហារមានកូលេសេ្ដរ៉ូលខ្ពស់ អាហារខ្លាញ់ អាហារប្រៃពេក ផ្អែមពេក បូករួមទាំងពពួកភេសជ្ជៈដែលមានកម្រិតជាតិស្ករខ្ពស់ និងពពួកគ្រឿងស្រវឹងផងដែរ។
បន្ទាប់ពីនោះគួរបង្កើតទម្លាប់ញ៉ាំអាហារសម្បូរបន្លែ ផ្លែឈើ ដែលមានសម្បូជាតិសរសៃ ប្រូតេអ៊ីន វីតាមីន ដើម្បីជំនួយដល់សុខភាព ពិសេសប្រភេទរបបអាហារដែលជំនួយដល់ប្រព័ន្ធការពារ និង ប្រព័ន្ធរំលាយអាហារ។
ត្រូវបង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំ ដើម្បីឲ្យរាងកាយធ្វើចលនាអាចប្រើប្រាស់ថាមពល ជួយបញ្ចុះជាតិស្ករក្នុងឈាម។ យើងអាចជ្រើសរើសការហាត់ប្រាណងាយៗ ដូចជា ការដើរ ជិះកង់ ការរាំ ហាត់យូហ្គា និង រត់ក៏បាន។ យើងអាចហាត់ប្រាណយ៉ាងហោចកន្លះម៉ោងក្នុងមួយថ្ងៃ និង៥ថ្ងៃមួយសប្ដាហ៍ ឬត្រឹម១៥០នាទី ក្នុងមួយសប្ដាហ៍ក៏បានដែរ។ ទន្ទឹមគ្នានោះការហាត់ប្រាណបានទៀងទាត់ក៏អាចជួយដល់សុខភាពបេះដូង និងសម្រួលដល់ការគេងផងដែរ។
ការកើតស្ដ្រេសរ៉ាំរៃ ក៏អាចបង្កបញ្ហាជាច្រើនដល់សុខភាព តួយ៉ាងការគេមិនលក់ និងការឃ្លានញ៉ាំអាហារផ្អែមៗ។ មួយវិញទៀតបញ្ហាស្រ្តេសអាចរុញច្រានយើងធ្លាក់ក្នុងទម្លាប់មិនល្អ ដូចជា ការជក់បារី ការផឹកស្រាជាដើម។ ការគ្រប់គ្រងស្ដ្រេសបានល្អក៏ជាផ្នែកជួយរារាំងការវិវត្ដទៅរកជំងឺទឹកនោមផ្អែមប្រភេទ២បាន។
ក្រោយពេលដឹងលទ្ធផលធ្វើតេស្ដបង្ហាញថា យើងស្ថិតក្នុងស្ថានភាពត្រៀមកើតជំងឺទឹកនោមផ្អែមប្រភេទ២ យើងត្រូវតាមដានសុខភាពជាមួយគ្រូពេទ្យ យ៉ាងហោច១ឆ្នាំម្ដងដើម្បីដឹងពីកម្រិតជាតិស្ករ និងការវិវត្ដនៃជំងឺ។ ប៉ុន្ដែក្នុងករណីដែលមាន មានអាការៈប្រែប្រួល ចេញរោគសញ្ញាផ្សេងៗ ពាក់ព័ន្ធនឹងជំងឹទឹកនោមផ្អែម ត្រូវទៅជួបគ្រូពេទ្យឲ្យបានលឿន និង បង្ហាញលទ្ធផលធ្វើតេស្ដជាតិស្ករចុងក្រោយទៅកាន់គ្រូពេទ្យ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕