ក្ដីបារម្ភខ្លាំងបំផុតចំពោះអ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ គឺការគ្រប់គ្រងជាតិស្ករតែម្ដង មិនអាចខ្ពស់ពេក ហើយក៏មិនអាចទាបពេកនោះដែរ។ កម្រិតជាតិស្ករល្អសម្រាប់អ្នកជំងឺគឺចន្លោះពី ៨០ ទៅ ១២០មិល្លីក្រាមក្នុងមួយដេស៊ីលីតឈាម។ ករណីដែលអ្នកជំងឺមិនអាចរក្សាលំនឹងជាតិស្ករបានក្នុងចន្លោះនេះទេ នឹងបង្កផលវិបាកដល់សុខភាព និងអាចធ្វើឲ្យអ្នកជំងឺមានអាការៈអស់កម្លាំងជាដើម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ!
យោងតាមការបកស្រាយវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន នៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថា ការអស់កម្លាំង ជាបញ្ហាដែលអ្នកជំងឺទឹកនោមផ្អែមភាគច្រើនតែងជួបប្រទះ។ ប្រសិនបើអ្នកជំងឺជួបអាការៈបែបនេះ ជំហានដំបូងបំផុត អ្នកជំងឺត្រូវជួសឈាមមើលកម្រិតជាតិស្ករជាមុនសិនដើម្បីឲ្យដឹងច្បាស់ថាជាតិស្ករអាចចុះទាបជ្រុលក្រោម៧០មិល្លីក្រាមក្នុងមួយដេស៊ីលីត្រឈាមឬយ៉ាងណា។ បើកម្រិតជាស្ករចុះទាបបែបនេះអ្នកជំងឺអាចរកអាហារញ៉ាំភ្លាម ដើម្បីបង្កើនកម្រិតជាតិស្ករមកដល់គោលដៅវិញ។
ជួនកាលជាតិស្ករឡើងជ្រុលមិនចុះវិញ អ្នកជំងឺអាចមានអាការៈនោមច្រើន នាំឲ្យខ្សោះជាតិទឹកអាចធ្វើឲ្យអស់កម្លាំងដែរ ករណីនេះអ្នកជំងឺត្រូវជួបគ្រូពេទ្យដើម្បីប្ដូរថ្នាំ ឬក៏អាចប្រើអាំងស៊ុយលីនមួយរយៈសិន។ ម្យ៉ាងទៀតអ្នកជំងឺត្រូវញ៉ាំទឹកឲ្យច្រើនដើម្បីរក្សាលំនឹងជាតិទឹកដែលចុះតាមទឹកនោម។ ដើម្បីការពារ និងរក្សាលំនឹងជាតិស្ករឲ្យបានល្អ អ្នកជំងឺអាចអនុវត្ដបានតាមរយៈរបបអាហារ ការហាត់ប្រាណ និង កុំភ្លេចញ៉ាំថ្នាំឲ្យបានទៀងពេល មិនថាមួយពេល ឬពីរពេលក៏ដោយ។
តើគួរដោះស្រាយបែបណាប្រសិនជាជាតិស្ករទាប?
ការចុះទាបនៃកម្រិតជាតិស្ករក្នុងឈាមអ្នកជំងឺទឹកនោមផ្អែម ត្រូវបានកំណត់ជាពីរដំណាក់កាលសំខាន់គឺដំណាក់កាលធ្ងន់ និង ដំណាក់កាលស្រាល។
ដំណាក់កាលធ្ងន់
ដំណាក់កាលធ្ងន់ កម្រិតជាតិស្ករអ្នកជំងឺអាចចុះរហូតដល់ទាបជាង៥៥ មិល្លីក្រាមក្នុងមួយដេស៊ីលីត្រឈាម អ្នកជំងឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ មិនអាចអូសបន្លាយពេលវេលាទៀតនោះទេ។ ដូច្នេះអ្នកជំងឺត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាលពីគ្រូពេទ្យ។ ពិសេសអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្រឈមករណីនេះច្រើនជាង នៅពេលដែលអ្នកជំងឺប្រើប្រាស់អាំងស៊ុយលីនលើសដូស ដែលបណ្ដាលឲ្យជាតិស្ករក្នុងឈាមចុះខ្លាំង។
ដំណាក់កាលស្រាល
ក្នុងដំណាក់កាលស្រាល កម្រិតជាតិស្ករក្នុងឈាមអ្នកជំងឺស្ថិតនៅចន្លោះពី ៥៦-៦៩មិល្លីក្រាមក្នុងមួយដេស៊ីលីត្រឈាម។ ក្នុងដំណាក់កាលនេះអ្នកជំងឺអាចញ៉ាំអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់បាន មានពពួកផ្លែឈើកដូចជា ក្រូច ម្នាស់ ល្ហុង ប៉ោម ឪឡឹក ស្វាយទុំ និងពពួកអាហារកាបូនអ៊ីដ្រាត ដើម្បីប៉ូវជាតិស្ករឡើងមកវិញ។
ក្រោយពេលញ៉ាំអាហារអស់១៥នាទី អ្នកជំងឺត្រូវជួសឈាមមើលកម្រិតជាតិស្ករម្ដងទៀត ដើម្បីធានាបានថា ជាតិស្ករកើនឡើងមកដល់កម្រិតគោលដៅហើយឬនៅ។
អត្ថទពាក់ព័ន្ធ៖
- សារសំខាន់នៃការរក្សាទុក និងគុណភាពរបស់អាំងស៊ុយលីន
- ទម្លាយមូលហេតុធំៗ បណ្ដាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ពេលព្រឹក
- តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម
- អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព
- អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ ពេលញ៉ាំផ្លែឈើ
កត្ដាអ្វីខ្លះដែលបណ្ដាលឲ្យកម្រិតជាស្ករថយចុះ?
មានកត្ដាមួយចំនួនដែលអ្នកទឹកនោមផ្អែមមានការថយចុះកម្រិតជាតិស្ករខ្លាំងដូចជា៖
- ការបង្អត់អាហារ
- ការតបអាហារលើសកម្រិត
- ការហាត់ប្រាណខ្លាំង
- ប្រសិទ្ធភាពថ្នាំលើសកម្រិត
- ការប្រើប្រាស់អាំងស៊ុយលីនលើសកម្រិត (ទឹកនោមផ្អែមប្រភេទ១)
- ការផឹកស្រា
[embed-health-tool-bmi]