តើអត្ថប្រយោជន៍វីតាមីន D ពិតជាសំខាន់សម្រាប់សុខភាពយើង និង អាចប្រឆាំងនឹងជំងឺមហារីកមែនឬទេ?
រយៈពេលកន្លងមកយើងបានដឹងត្រឹមថា វីតាមីន D គឺជាសារធាតុមួយមានមុខងារសំខាន់ជួយឲ្យឆ្អឺងរឹងមាំ ពិសេសម្រាប់សុខភាពកុមារតែម្ដង ប៉ុន្ដែការសិក្សាបានរកឃើញថា សមត្ថភាពម្យ៉ាងទៀតរបស់វីតាមីន D ក៏អាចជួយការពារពីការកើតជំងឺមហារីកផងដែរ។
ជាក់ស្ដែងណាស់ វីតាមីន D គឺជាប្រភេទខ្លាញ់រលាយ ដែលត្រូវបានបែងចែកជាពីរប្រភេទគឺ វីតាមីន D ប្រភេទ ergocalciferol ដែលមាននៅក្នុងរបបអាហារ និង វីតាមីន D ប្រភេទ cholecalciferol ដែលកើតមានក្នុងរាងកាយក្រោយពេលសំយោគជាមួយពន្លឺព្រះអាទិត្យ។
វីតាមីន D អាចជួយអោយរាងកាយអាចចាប់យកកាល់ស្យូម និង ផូស្វ័រដើម្បីបង្កើនការលូតលាស់របស់ឆ្អឹងថែមទាំងធ្វើឲ្យឆ្អឹងរឹងមាំទៀតផង។ លើសពីនោះក៏ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយឲ្យរឹងមាំដូចគ្នា ដែលនេះជាហេតុធ្វើអោយសុខភាពយើងល្អប្រសើរ អាចប្រឆាំងនឹងមេរោគ ជំងឺផ្សេងៗបាន។ ការសិក្សាមួយបានពិសោធន៍អ្នកជំងឺមហារីកក្នុងរដ្ឋ Pennsylvania នៃសហរដ្ឋអាមេរិក ដោយបង្ហាញលទ្ធផល ក្នុងចំណោមអ្នកជំងឺទាំងនោះមាន ៧៧% ដែលកង្វះវីតាមីន D ក្នុងរាងកាយ។ នៅមានការសិក្សារកឃើញស្រដៀងគ្នាផ្សេងៗទៀត ដែលបញ្ជាក់ថាអ្នកមានជំងឺមហារីកអាចមានចំណែក នៃកង្វះវីតាមីន D ក្នុងរាងកាយ។
ជាធម្មតាក្នុងមួយថ្ងៃរាងកាយរបស់យើង ត្រូវការវីតាមីន D ក្នុងបរិមាណផ្សេងៗគ្នា ដូចជា៖
- ចាប់ពីវ័យ១៤ ដល់ ៧០ឆ្នាំ ត្រូវការ ១៥ មីក្រូក្រាម
- ចាប់ពី៧១ឆ្នាំឡើងទៅ ត្រូវការ ២០ មីក្រូក្រាម
- និងអ្នកមានផ្ទៃពោះ និង បំបៅដោះកូន ត្រូវការអាចចន្លោះពី ១៥ ទៅ ១៦មីក្រូក្រាម។
តើយើងអាចរកវីតាមីន D បានដោយរបៀបណា?
វីតាមីនD អាចរកបានតាមរយៈការត្រូវនឹងពន្លឺព្រះអាទិត្យ។ ដើម្បីទទួលបានវីតាមីនD ពីពន្លឺព្រះ អាទិត្យ មនុស្សយើងអាចចំណាយពេលត្រឹម១៥នាទីក្នុងមួយថ្ងៃនៅក្រោមពន្លឺព្រះអាទិត្យ និងត្រូវធ្វើឲ្យបានពីពីរទៅបីដងក្នុងមួយសប្ដាហ៍។ ក្រៅពីពន្លឺព្រះអាទិត្យ យើងអាចទទួលបានវីតាមីន D ពីរបបអាហារមួយចំនួនដូចជាត្រី ស៊ុត យ៉ាអួរ និងទឹកដោះគោ មានបន្ថែមវីតាមីន D ជាដើម។
គ្នាយើងមួយចំនួនអាចនឹងចង់ប្រើអាហារបំប៉នវីតាមីនD តែថាមុននឹងប្រើគួរពិភាក្សាជាមួយគ្រូពេទ្យ។ ការទទួលបានវីតាមីន D លើសកម្រិតក៏អាចបង្កទៅជាជំងឺក្រួសក្នុងតម្រងនោមផងដែរ។ មួយវិញទៀត ការត្រូវពន្លឺថ្ងៃច្រើន ក៏អាចបង្កជាបញ្ហាដល់ស្បែក ពិសេសជំងឺមហារីកស្បែក ដែលចំណុចនេះ គ្នាយើងត្រូវកំណត់ និងកម្រិតការត្រូវពន្លឺថ្ងៃតាមការណែនាំ។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
[embed-health-tool-heart-rate]