និយមន័យ
១- អ្វីជាមហារីកលំពែង?
សំដៅមហារីកកើតលើលំពែង ដែលជាសរីរាង្គស្ថិតនៅក្រោយផ្នែកខាងក្រោមក្រពះ ជាប់និងដើមពោះវៀនតូច មាននាទីជាក្រពេញបញ្ចេញសារធាតុដ៏សំខាន់សម្រាប់ទ្រទ្រង់រាងកាយ ពិសេស មាននាទីបញ្ចេញអ័រម៉ូនសំខាន់ ២ប្រភេទ មានអាំងស៊ុយលីន និងគ្លុយកាហ្គុង ដើម្បីកម្រិតជាតិស្ករក្នុងឈាមឲ្យបានត្រឹមត្រូវ។ អាំងស៊ុយលីន មាននាទីធ្វើឲ្យជាតិស្ករក្នុងឈាមធ្លាក់ចុះ ខណៈអ័រម៉ូន គ្លុយកាហ្គុង មាននាទីបង្កើនជាតិស្ករក្នុងឈាម ពេលណាជាតិស្ករធ្លាក់ចុះខ្លាំង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២- កើតឡើងញឺកញាប់ដែរទេ?
នៅ អាមេរិក មហារីកលំពែងជាឃាតកទី ៤ សម្លាប់មនុស្សច្រើនជាងគេ ដោយសារយឺតយ៉ាវធ្វើរោគវិនិច្ឆ័យ និងព្យាបាល ភាគច្រើនទម្រាំដឹងថាមានជំងឺ គឺធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរបាត់ទៅហើយ តែយ៉ាងណាជំងឺនេះ នៅមានវិធីការពារបាន។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
ធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា អាចចៀសផុតគ្រោះថ្នាក់ជាច្រើន បង្កកើតមានឡើងជាយថាហេតុ ដូច្នេះអ្វីយើងត្រូវដឹងជាចាំបាច់ គឺរោគសញ្ញានៃមហារីកប្រភេទនេះដូចជា៖
– ខាន់លឿង
– ស្រកទម្ងន់
– បាក់ទឹកចិត្ត
– លែងឃ្លានអាហារ
– វិបត្តិកំណកឈាម
– ឈឺពោះផ្នែកខាងលើ អាចរាលដាលទៅខ្នង។
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមានសញ្ញាដូចខាងលើនោះទេ ហេតុនេះប្រសិនមានប្រទះរោគសញ្ញាគួរឲ្យសង្ស័យណាមួយ សូមប្រញាប់មកជួបគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?
នៅមិនទាន់មានការសិក្សាច្បាស់ពីមូលហេតុពិតប្រាកដ បង្កឲ្យមានមហារីកនេះនៅឡើយ ប៉ុន្តែគ្រូពេទ្យអាចដឹងបាន ពេលកោសិកាលំពែង ចាប់ផ្ដើមកើនចំនួនច្រើនឡើងៗ គឺអាចវិវត្តទៅជាដុំមហារីក។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
ទោះជាមិនទាន់ដឹងប្រាកដពីកត្តាប្រឈមជាក់ស្ដែងក៏ពិតមែន ប៉ុន្តែគ្រូពេទ្យនៅតែអាចសន្និដ្ឋានបានដូច៖
– ធាត់
– ផឹកស្រាច្រើន
– មានជំងឺថ្លើម
– មិនទម្លាប់ហាត់ប្រាណ
– មានរលាកលំពែងរ៉ាំរ៉ៃ
– មានជំងឺទឹកនោមផ្អែម
– មានសមាជិកគ្រួសារកើតជំងឺមហារីក
– ធ្វើការជាមួយសារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិត
– ជក់បារី៖ ព្រោះអ្នកជំងឺមហារីកលំពែងភាគច្រើនជក់បារី
– របបអាហារមានខ្លាញ់ច្រើន ពិសេសមិនចូលចិត្តញ៉ាំបន្លែ ផ្លែឈើ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
បន្ទាប់ពីគ្រូពេទ្យពិនិត្យរាងកាយរួច នឹងតម្រូវធ្វើតេស្តមួយចំនួនទៀត ក្នុងករណីសង្ស័យយើងអាចនឹងកើតមហារីកមែននោះ ដោយតេស្តទាំងនោះមានដូចជា៖
– ច្រឹបយកសាច់ទៅពិនិត្យ រកមើលកោសិកាមហារីក
– ធ្វើតេស្តឈាម រកមើលធាតុសម្គាល់មហារីក CA១៩-៩
– ថតរូបភាពវេជ្ជសាស្ត្រ ស៊ីធី (CT) និងតេស្តអឹមរ៉ាយ (MRI)
– ថតឆ្លុះតាមក្រពះដោយឧបករណ៏ អង់ដូស្កុប មានកាមេរ៉ាភ្ជាប់ជាមួយ
ដើម្បីកំណត់រកវិនិច្ឆ័យបាន គ្រូពេទ្យត្រូវបែងចែកដំណាក់កាលនៃមហារីកដូចជា៖
– ដំណាក់កាលទី ១៖ មហារីកមិនទាន់រាលដាលទៅសរីរាង្តផ្សេងទៀត
– ដំណាក់កាលទី ២៖ រាលដាលទៅជាលិកាជិតខាង និងមានឡើងកូនកណ្ដុរ
– ដំណាក់កាលទី ៣៖ រាលដាលចូលពេញសរសៃឈាម
– ដំណាក់កាលទី ៤៖ រាលដាលទៅសរីរាង្គផ្សេងទៀត ដូចជា ថ្លើម ជាដើម។
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាល គឺអាស្រ័យលើដំណាក់កាលនៃមហារីក ដោយគោលបំណងតែមួយគត់សម្លាប់កោសិកាមហារីកឲ្យអស់ និងចៀសវាងមានការរាលដាលទៅកន្លែងផ្សេង។ ផលវិបាកឧស្សាហ៍ជួបប្រទះជាងគេ ស្រកទម្ងន់ ស្ទះពោះវៀន ឈឺពោះ និងខ្សោយថ្លើម ហើយការរព្យាបាលមានដូចជា៖
– វះកាត់៖ អាស្រ័យលើទីតាំងដុំមហារីក ប្រសិនកើតលើក្បាលលំពែង ត្រូវកាត់ចេញតាមតិចនិច (Whipple)។ វិធីនេះ ត្រូវកាត់ចោលក្បាលលំពែង និងដងខ្លួនលំពែង ២០ភាគរយ និងសរីរាង្គមួយចំនួនទៀត ដូចជាផ្នែមដើមនៃពោះវៀនតូចជាដើម។ ពេលខ្លះអាចឈានដល់កាត់ក្រពះទៀតផង។
– ព្យាបាលដោយថ្នាំគីមី
– ព្យាបាលដោយវិទ្យុសកម្ម។
[embed-health-tool-bmi]
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
គ្មានវិធីណាមួយ មានប្រសិទ្ធភាព ១០០ ភាគរយទេ តែដើម្បីបង្ការ និងកាត់បន្ថយហានិភ័យគួរតែកែប្រែទម្លាប់រស់នៅខ្លះៗដូចជា៖
– តមស្រា
– តមខ្លាញ់
– ឈប់ជក់បារី
– ហាត់ប្រាណទៀងទាត់
– របបអាហារមានសុខភាព
– ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?