ចម្ងល់​សំខាន់ៗ​ ៦ ចាំបាច់ត្រូវដឹង​ក្រោយ​ព្យាបាលមហារីកសុដន់​

    ចម្ងល់​សំខាន់ៗ​ ៦ ចាំបាច់ត្រូវដឹង​ក្រោយ​ព្យាបាលមហារីកសុដន់​

    គ្នា​យើង​ជា​ធម្មតា គ្រាន់​តែ​ឮ​ថា​មហារីក​ខ្លាច​បាត់​ទៅ​ហើយ កុំ​ថា​ឡើយ​ចាំ​ទាល់​តែ​កើត​នោះ ប៉ុន្តែ​បើ​គ្នា​យើង ឬ​អ្នក​ផ្ទះ អាច​ជា​មិត្ត​ភក្តិ​ មហារីក​សុដន់ ចាំ​បាច់​ណាស់​ត្រូវ​ស្វែង​យល់​ពីវា​ឲ្យ​បាន​ច្បាស់ មិន​ចឹង?។ ពេល​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ចម្ងល់​ទាំង ៦ចំណុច គ្នា​យើង​កើត​មហារីក​សុដន់ ចង់​ដឹង​បំផុត។

    ១- ធ្វើយ៉ាងណាទើបដឹងការព្យាបាលជោគជ័យ?

    ពេល​ព្យាបាល​គ្រូពេទ្យ ​នឹង​ណែ​នាំ​គ្នា​យើង ឬម៉ាក់អ៊ំ ​ធ្វើ​តេស្ត​មួយ​ចំនួន ​ដូច​ជា ​ពិនិត្យ​រាង​កាយ​ ពិនិត្យ​ឈាម និង​ថត​កាំរស្មីអ៊ិច ទៅ​តាម​ចវិធី​ព្យាបាល។ លើស​ពី​នេះ​គ្រូពេទ្យ​ អាច​សួរ​នាំ​ពី​អារម្មណ៍​ក្រោយ​ព្យាបាល​ ក្នុង​ករណី​នេះ​ បើ​មាន​អ្វី​មិនស្រួល​ឆាប់​ប្រាប់​ពេទ្យ​ជា​បន្ទាន់។ យើង​អាច​​ជួប​ផល​រំខាន​មួយ​ចំនួន​ដោយ​ការ​ព្យាបាល ប៉ុន្តែក៏​មិន​​មាន​ន័យ​ថា​ការ​ព្យាបាល​បរាជ័យ​នោះ​ដែរ។

    ស្វែងយល់មហារីកជាចម្រើនទៀត ចុចទីនេះ

    ២- ផលរំខានអ្វីខ្លះ?

    ផល​រំខាន​ធម្មតា​មាន​ដូចជា ​ក្អួត​ និង​អស់​កម្លាំង ​ប៉ុន្តែ​ពេល​ខ្លះ​រោគ​សញ្ញា​នេះ ​ក៏អាច​បណ្តាល​ឲ្យមាន​គ្រោះ​ថ្នាក់​ផង​ដែរ។ អ៊ីចឹង​ បើ​ប្រទះ​រោគ​សញ្ញា​ណា​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ខាង​ក្រោម​ កុំ​អែ​អង់ ឆាប់​ទៅ​ជួប​ពេទ្យ​ភ្លាម។

    – ក្តៅ​ខ្លួន​លើស​ ៣៧អង្សា​ ឬអាការៈ​ញាក់​ ​
    – បញ្ហា​នៅមាត់ ​ដូចជា ​ផ្សា​មាត់​ ឈាម​អញ្ចាញ ​ឬ​ស្ងួត​ក ​
    – ក្អក​អត់​បាត់​
    – ផ្សា​ពេល​នោម នោម​ញឹក​ ឬ​មាន​ឈាម​ក្នុង​ទឹក​នោម​
    – ក្អួត​ ឬ​រាក​ធ្ងន់ធ្ងរ​ ២-៣ ថ្ងៃ​ជាប់​គ្នា​។

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញឮ
    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    ៣- ក្រោយពេលព្យាបាលម៉េចអស់កំលាំងម្ល៉េះ

    ការ​ព្យាបាល​តាម​វិធីវះកាត់ ​ប្រើ​សារធាតុគីមី​ ឬ​កាំរស្មី ​អស់​កម្លាំង​​ជា​រឿង​ធម្មតា​ទេ ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​ដូចជា ​Codeine​ ឬ​ Morphine ​អាច​ធ្វើ​ឲ្យ​យើងហត់។ បើមាន​អការៈ​ក្អួត ​ឬ​ឈឺចាប់​ នោះយើងកាន់​តែ​នឿយ​ហត់ខ្លាំង​មួយ​កម្រិត​ទៀត។ ប៉ុន្តែ​​​កុំបារម្ភ​អី​ ព្រោះ​គ្រូពេទ្យ​មាន​វិធី​ជួយ​បន្ថយ​ភាព​នឿយហត់​បាន។

    ៤- ក្រោយវះកាត់ត្រូវដេកពេទ្យយូរប៉ុណ្ណា?

    អាស្រ័យ​លើ​ស្ថានភាព​ និង​ប្រភេទ​វះកាត់ បើ​វះកាត់​សុដន់​ទាំងមូល​ ត្រូវ​ដេកពេទ្យ​យ៉ាងតិច ៣ថ្ងៃ ប៉ុន្តែ​បើ​គ្រាន់​តែវះ​យកដុំ​ចេញ ​សម្រាក​តែមួយ​យប់​ គ្រប់គ្រាន់​ហើយ។ ពេល​ត្រឡប់​ទៅ​ដល់​ផ្ទះ ត្រូវធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន។ គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ញឹកញាប់​ ដើម្បី​ពិនិត្យ​តាម​ដាន​សភាព​ជំងឺ។

    ៥-ក្អួតក្រោយព្យាបាលត្រូវធ្វើម៉េច?

    ចង់​ក្អួត​ក្រោយ​ពេល​ព្យាបាល​ដោយ​សារធាតុ​គីមី ​ឬ​ថ្នាំបំបាត់​ការឈឺ​ចាប់ ​សូម​ធ្វើតាម​វិធីខាង​ក្រោម​នេះ៖

    – ញ៉ាំ​ល្មមៗ ​កុំឲ្យ​ឆ្អែត​ពេក
    – កុំ​ដើរ ឬរត់ ​ក្រោយ​ញ៉ាំចំណី​រួចភ្លាម
    – ខ្ពុរ​មាត់​ឲ្យស្អាត​ពេល​ញ៉ាំ​
    – រក​ថ្នាំលេប​ ប៉ុន្តែ​ពុំគួរ​លេប​ពេល​កំពុង​មាន​ផ្ទៃពោះ​ទេ
    – កុំញ៉ាំ​អាហារ​សំបូរខ្លាញ់​ ឬប្រេង​ ដូចជា​ប្រភេទ​អាហារ​ចៀន ឬ​បំពង
    – ញ៉ាំ​ពពួក​អាហារ​ក្រៀម​ ដូចជា ​គ្រាប់​ធញ្ញជាតិ​ នំប៉័ង ​ឬ​នំស្រួយ​ ប្រសើរ​ជាង​អាហារ​ទឹក (សម្ល បបរ)។

    ៦- ម៉ាក់ៗកើតមហារីកដោះ អូនៗអាចកើតទេ?

    គ្មាន​ភស្តុតាង​ច្បាស់​លាស់​ណា​មួយ​បង្ហាញថា ​កោសិកា​មហារីក​អាច​ឆ្លង​ទៅអូនៗ​បានទេ។ ប៉ុន្តែ​មាន​ករណី​កម្រ​ខ្លះ ​កោសិកា​មហារីក​អាច​ឆ្លង​ទៅ​អូនៗ​តាម​សុក ហេតុ​នេះ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​សុក​ ដើម្បី​ឲ្យ​ប្រាកដ​ថាគ្មាន​កោសិកា​មហារីក។ ក្នុង​ករណី​គ្រួសារ​អ្នក​សម្បូរ​អ្នក​កើត​មហារីក​ គួរតែ​យក​កូន​ទៅ​ពិនិត្យ។

    អាន៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Frequently asked questions. https://www.cancer.org/treatment/treatments-and-side-effects/physical-side-effects/fertility-and-sexual-side-effects/fertility-and-women-with-cancer/faqs.html. Accessed February 12, 2017.

    Questions about chemotherapy. https://www.cancer.org/treatment/treatments-and-side-effects/treatment-types/chemotherapy/what-chemo-is-and-how-it-helps/questions-about-chemo.html. Accessed February 12, 2017.

    Side Effects From Breast Cancer Treatments. http://www.webmd.com/breast-cancer/guide/treatment-side-effects#3-9. Accessed February 12, 2017.

    http://www.breastcancer.org/treatment/side_effects/fatigue. Accessed February 12, 2017.

    http://www.breastcancer.org/treatment/side_effects/nausea. Accessed February 12, 2017.

    Mastectomy: What to Expect. http://www.breastcancer.org/treatment/surgery/mastectomy/expectations. Accessed February 12, 2017.

    Lumpectomy: What to Expect. http://www.breastcancer.org/treatment/surgery/lumpectomy/expectations. Accessed February 12, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Duk Panharat កែសម្រួល​ចុងក្រោយ 13/01/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត