
គ្នាយើងជាធម្មតា គ្រាន់តែឮថាមហារីកខ្លាចបាត់ទៅហើយ កុំថាឡើយចាំទល់តែកើតនោះ ប៉ុន្តែបើគ្នាយើង ឬអ្នកផ្ទះ អាចជាមិត្តភក្តិ មហារីកសុដន់ ចាំបាច់ណាស់ត្រូវស្វែងយល់ពីវាឲ្យបានច្បាស់ មិនចឹង?។ ពេលនេះ “Hello គ្រូពេទ្យ” នឹងលម្អិតចម្ងល់ទាំង ៦ចំណុច គ្នាយើងកើតមហារីកសុដន់ ចង់ដឹងបំផុត។
១- ធ្វើយ៉ាងណាទើបដឹងការព្យាបាលជោគជ័យ?
ពេលព្យាបាលគ្រូពេទ្យ នឹងណែនាំគ្នាយើង ឬម៉ាក់អ៊ំ ធ្វើតេស្តមួយចំនួន ដូចជា ពិនិត្យរាងកាយ ពិនិត្យឈាម និងថតកាំរស្មីអ៊ិច ទៅតាមចវិធីព្យាបាល។ លើសពីនេះគ្រូពេទ្យ អាចសួរនាំពីអារម្មណ៍ក្រោយព្យាបាល ក្នុងករណីនេះ បើមានអ្វីមិនស្រួលឆាប់ប្រាប់ពេទ្យជាបន្ទាន់។ យើងអាចជួបផលរំខានមួយចំនួនដោយការព្យាបាល ប៉ុន្តែក៏មិនមានន័យថាការព្យាបាលបរាជ័យនោះដែរ។
២- ផលរំខានអ្វីខ្លះ?
ផលរំខានធម្មតាមានដូចជា ក្អួត និងអស់កម្លាំង ប៉ុន្តែពេលខ្លះរោគសញ្ញានេះ ក៏អាចបណ្តាលឲ្យមានគ្រោះថ្នាក់ផងដែរ។ អ៊ីចឹង បើប្រទះរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាខាងក្រោម កុំអែអង់ ឆាប់ទៅជួបពេទ្យភ្លាម។
– ក្តៅខ្លួនលើស ៣៧អង្សា ឬអាការៈញាក់
– បញ្ហានៅមាត់ ដូចជា ផ្សាមាត់ ឈាមអញ្ចាញ ឬស្ងួតក
– ក្អកអត់បាត់
– ផ្សាពេលនោម នោមញឹក ឬមានឈាមក្នុងទឹកនោម
– ក្អួត ឬរាកធ្ងន់ធ្ងរ ២-៣ ថ្ងៃជាប់គ្នា។
៣- ក្រោយពេលព្យាបាលម៉េចអស់កំលាំងម្ល៉េះ
ការព្យាបាលតាមវិធីវះកាត់ ប្រើសារធាតុគីមី ឬកាំរស្មី អស់កម្លាំងជារឿងធម្មតាទេ ថ្នាំបំបាត់ការឈឺចាប់ ដូចជា Codeine ឬ Morphine អាចធ្វើឲ្យយើងហត់។ បើមានអការៈក្អួត ឬឈឺចាប់ នោះយើងកាន់តែនឿយហត់ខ្លាំងមួយកម្រិតទៀត។ ប៉ុន្តែកុំបារម្ភអី ព្រោះគ្រូពេទ្យមានវិធីជួយបន្ថយភាពនឿយហត់បាន។
៤- ក្រោយវះកាត់ត្រូវដេកពេទ្យយូរប៉ុណ្ណា?
អាស្រ័យលើស្ថានភាព និងប្រភេទវះកាត់ បើវះកាត់សុដន់ទាំងមូល ត្រូវដេកពេទ្យយ៉ាងតិច ៣ថ្ងៃ ប៉ុន្តែបើគ្រាន់តែវះយកដុំចេញ សម្រាកតែមួយយប់ គ្រប់គ្រាន់ហើយ។ ពេលត្រឡប់ទៅដល់ផ្ទះ ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន។ គួរតែទៅជួបគ្រូពេទ្យញឹកញាប់ ដើម្បីពិនិត្យតាមដានសភាពជំងឺ។
៥-ក្អួតក្រោយព្យាបាលត្រូវធ្វើម៉េច?
ចង់ក្អួតក្រោយពេលព្យាបាលដោយសារធាតុគីមី ឬថ្នាំបំបាត់ការឈឺចាប់ សូមធ្វើតាមវិធីខាងក្រោមនេះ៖
– ញ៉ាំល្មមៗ កុំឲ្យឆ្អែតពេក
– កុំដើរ ឬរត់ ក្រោយញ៉ាំចំណីរួចភ្លាម
– ខ្ពុរមាត់ឲ្យស្អាតពេលញ៉ាំ
– រកថ្នាំលេប ប៉ុន្តែពុំគួរលេបពេលកំពុងមានផ្ទៃពោះទេ
– កុំញ៉ាំអាហារសំបូរខ្លាញ់ ឬប្រេង ដូចជាប្រភេទអាហារចៀន ឬបំពង
– ញ៉ាំពពួកអាហារក្រៀម ដូចជា គ្រាប់ធញ្ញជាតិ នំប៉័ង ឬនំស្រួយ ប្រសើរជាងអាហារទឹក (សម្ល បបរ)។
៦- ម៉ាក់ៗកើតមហារីកដោះ អូនៗអាចកើតទេ?
គ្មានភស្តុតាងច្បាស់លាស់ណាមួយបង្ហាញថា កោសិកាមហារីកអាចឆ្លងទៅអូនៗបានទេ។ ប៉ុន្តែមានករណីកម្រខ្លះ កោសិកាមហារីកអាចឆ្លងទៅអូនៗតាមសុក ហេតុនេះគ្រូពេទ្យធ្វើការពិនិត្យសុក ដើម្បីឲ្យប្រាកដថាគ្មានកោសិកាមហារីក។ ក្នុងករណីគ្រួសារអ្នកសម្បូរអ្នកកើតមហារីក គួរតែយកកូនទៅពិនិត្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕