មហារីកសួតកើតឡើងនៅពេលមានកោសិកាខុសធម្មតាដុះ និងរីកលូតលាស់ក្នុងសួត និងបង្កឡើងដោយកត្តាជាច្រើន។ តើអ្នកណាខ្លះមានហានិភ័យខ្ពស់ក្នុងការកើតមហារីកសួត?
អ្នកដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកសួតមានដូចជា៖
១. ជក់បារី
ការជក់បារីអាចបណ្តាលឱ្យយើងកើតជំងឺមហារីកសួត ព្រោះសារធាតុគីមីនៅក្នុងផ្សែងបារីបំផ្លាញកោសិកាសួត និងធ្វើឱ្យជាលិកាសួតប្រែប្រួល។ ដំបូងរាងកាយយើងអាចជួសជុលកោសិកាដែលខូចនោះដោយខ្លួនឯងបាន ប៉ុន្តែយូៗទៅ កោសិកាសួតខូចកាន់តែច្រើន ហើយបង្កជាមហារីក។
២. ស្រូបផ្សែងបារី
ទោះបីយើងមិនជក់បារី ការស្រូបផ្សែងបារីច្រើនក៏ធ្វើឱ្យយើងប្រឈមកើតមហារីកដែរ ព្រោះយើងបានស្រូបសារធាតុគីមីដែលមាននៅក្នុងផ្សែងបារី។
៣. ស្រូបសារធាតុគីមី
អ្នកដែលធ្វើការជាមួយ ឬឧស្សាហ៍ស្រូបសារធាតុគីមីគ្រោះថ្នាក់មួយចំនួនដូចជា អាសបេស្តូស (asbestos) អ៊ុយរ៉ាញ៉ូម អាសេនិច កាដមៀម (cadmium) ក្រូមីញ៉ូម នីកែល និងប្រេងឥន្ធនៈដូចជា សាំង ម៉ាស៊ូត ប្រេងរំអិល ប្រេងកាត ជាដើម ក៏ប្រឈមនឹងជំងឺមហារីកសួតដែរ។
៤. មានសមាជិកគ្រួសារកើតមហារីកសួត
អ្នកដែលមានឪពុកម្តាយ បងប្អូនបង្កើត ឬកូនដែលមានមហារីកសួត មានឱកាសខ្ពស់ក្នុងការកើតមហារីកសួត ដោយសារកត្តាហ្សែន ឬការរស់នៅក្នុងផ្ទះជាមួយគ្នាដែលស្រូបផ្សែងបារី ឬសារធាតុគីមីដូចគ្នា។
៥. ស្រូបឧស្ម័នរ៉ាដុន (Radon)
ឧស្ម័នរ៉ាដុនជាឧស្ម័នវិទ្យុសកម្មគ្មានពណ៌ គ្មានក្លិន ដែលបានមកពីការសាយភាយសារធាតុអ៊ុយរ៉ាញ៉ូមពីក្នុងដី និងថ្ម។ ឧស្ម័ននេះអាចឡើងមកតាមដី ហើយចូលទៅក្នុងអគារតាមចន្លោះតូចៗ និងស្នាមប្រេះៗ។ អ្នកដែលជក់បារី ហើយបានស្រូបឧស្ម័នរ៉ាដុនមានហានិភ័យខ្ពស់ក្នុងការកើតមហារីកសួត។
[embed-health-tool-bmr]
៦. ធ្លាប់ព្យាបាលដោយវិទ្យុសកម្ម
អ្នកដែលធ្លាប់ព្យាបាលមហារីកប្រភេទផ្សេងដោយវិទ្យុសកម្មនៅទ្រូងដូចជាហារីកសុដន់ក៏អាចមានហានិភ័យកើតមហារីកសួតដែរ។
មហារីកសួតសាហាវ តែយើងអាចការពារបាន។ ដើម្បីការពារហារីកសួតយើងត្រូវចៀសវាងការជក់បារី ស្រូបផ្សែងបារី ឬស្រូបសារធាតុគីមី។ លើសពីនេះទៅទៀត យើងត្រូវហាត់ប្រាណ និងញុំាអាហារល្អៗដើម្បីពង្រឹងសុខភាពសួត។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប