backup og meta

ទឹកជន់យ៉ាងនេះ មកដឹងរបៀបសង្គ្រោះពេលលង់ទឹកទាំងក្មេងចាស់ ឲ្យផុតពីគ្រោះថ្នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 16, 2020

    ទឹកជន់យ៉ាងនេះ មកដឹងរបៀបសង្គ្រោះពេលលង់ទឹកទាំងក្មេងចាស់ ឲ្យផុតពីគ្រោះថ្នាក់

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    ឥទ្ធិពល​ព្យុះ​ជា​បន្ត​បន្ទាប់ ធ្វើ​ឲ្យ​ភ្លៀងធ្លាក់​ជាប់រហូត លិច​​នៅ​តាម​ដង​ផ្លូវ កន្លែង​ខ្លះ​លិច​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រស់​នៅ ចំណែក​ឯ​ខេត្ត​ខ្លះជួប​ប្រទះ​នឹង​ទឹក​ជំនន់​ទឹកភ្លៀង​​លិច​លង់​អស់។ ដោយសារ​បែប​នេះ​ហើយ បង្កើនហានិភ័យ​លង់​ទឹក​​ដល់​គ្នា​យើង ជាពិសេស​ក្មេងៗ​ដែល​មិន​ចេះ​ហែល​ទឹក ដូច​នេះ ​យើង​គ្រប់​គ្នា​គួរ​ដឹង​ពី​វិធី​សង្គ្រោះ​បឋម​ពេល​មានមនុស្ស​លង់​ទឹក ទុក​ជួយ​ដល់​អ្នក​រង​គ្រោះ​បាន។

    តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត នៅ​ពេល​ដែល​យើង​លង់​ទឹក ទឹក​កម្រ​ចូល​សួត​ក្នុង​បរិមាណ​ច្រើន ព្រោះ​នៅ​ពេល​ដែល​ប៉ះ​នឹង​វត្ថុ​រាវ ការ​កន្ត្រាក់​បំពង់​កកើត​ឡើង ហើយ​ការ​កន្ត្រាក់​ទាំង​នេះ នឹង​បិទ​ដង្ហើម​ពី​មាត់ និង​ច្រមុះ។ ក្នុង​ករណី​ដែល​មាន​អ្នក​លង់​ទឹក យើង​អាច​ជួយ​ជីវិត​បាន​ដោយ​វិធី​សង្គ្រោះ​ខាង​ក្រោម​នេះ៖

    ១.រក្សា​សុវត្ថិភាព​អ្នក​ជួយ​សង្គ្រោះ៖ អាទិភាព​ដំបូង​បំផុត​នៅ​ក្នុង​ការ​គ្រប់​គ្រង​ជន​រង​គ្រោះ​ដោយ​សារ​លង់​ទឹក គឺ​ត្រូវ​ប្រាកដ​ថា​អ្នក​ជួយ​សង្គ្រោះ​មិន​ប្រឈម​គ្រោះ​ថ្នាក់។ អ្នក​ជួយ​សង្គ្រោះ​គួរពិចារណា​ពី​លទ្ធភាព​នៃ​ការ​មាន​របួស​នៅ​នឹង​ឆ្អឹង​ខ្នង​របស់​ជន​រងគ្រោះ ប្រសិន​ទាក់​ទង​នឹង​គ្រោះ​ថ្នាក់​ដោយ​ការ​លោត ឬ​ជ្រមុជ​ទឹក ឬ​មិន​ដឹង​មូល​ហេតុ។ ជន​រង​គ្រោះ​គួរ​យក​ចេញ​ពី​ទឹក​ដោយ​ប្រើ​ក្ដារ​បន្ទះ​រឹង​ជា​ជំនួយ។

    ២.ចៀស​វាង​ខ្វះ​អុកស៊ីសែន៖ ដើម្បី​ចៀស​វាង​បញ្ហា​ខ្វះ​អុកស៊ីសែន យើង​ត្រូវ​បង្ហើប​ក្បាល​ជនរងគ្រោះ​ឲ្យ​ផុត​ពី​ទឹក ដើម្បី​ឲ្យ​ជន​រង​គ្រោះ​អាច​ដក​ដង្ហើម​បាន។ ទោះ​បី​ជន​រង​គ្រោះ មិន​ទាន់​ត្រូវ​បាន​យក​ចេញ​ពី​ផ្ទៃ​ទឹក​ក៏​ដោយ ក៏​យើង​ត្រូវ​ចាប់​ផ្ដើម​បញ្ចូល​ខ្យល់​សិប្បនិម្មិត​ដល់​ជន​រងគ្រោះ​រហូត​ដល់​បញ្ជូន​មក​ដល់​ច្រាំង។

    ៣.ដាក់​ជន​រងគ្រោះ​ដេក​ផ្អៀង៖ នៅ​លើ​ដី​គោក​ស្ងួត មិន​ត្រូវ​រមៀល​ជនរងគ្រោះ​ទេ តែ​ត្រូវ​ដាក់​​ក្នុង​ដំណេក​ផ្អៀង​សុវត្ថិភាព ទៅ​ខាង​ឆ្វេង ដើម្បី​ឲ្យ​ទឹក​កម្អួត​ចេញ​ពី​ផ្លូវ​ដង្ហើម​ខាង​លើ និង​ដាក់​ក្បាល​ឲ្យ​ទាប​បន្តិច ចៀសវាង​ការ​ហៀរ​ទឹក​ច្រាល​ក្នុង​សួត​របស់​ជន​រង​គ្រោះ។ យើង​ត្រូវ​បឺត​សម្អាត​ផ្លូវ​ដង្ហើម​ឲ្យ​បាន​ឆាប់​រហ័ស និង​ចាប់​ផ្ដើម​បញ្ចូល​ខ្យល់​សិប្បនិម្មិត​ឡើង​វិញ​រហូត​ដល់​ដង្ហើម​របស់​ជន​រង​គ្រោះ​ដំណើរ​ការ​ធម្មតា​វិញ។

    ៤.ធ្វើ​ចលនា​បេះដូង៖ ក្នុង​ករណី​ដែល​ជន​រង​គ្រោះ​គ្មាន​ជីពចរ​ទេ យើង​ត្រូវ​ធ្វើ​ចលនា​បេះ​ដូង និង​សួត​ភ្លាម​ៗ។ ការ​ធ្វើ​ចលនា​បេះដូង និង​សួត​ក្នុង​ពេល​ពីរ​បី​នាទី​ដំបូង ក្រោយ​ពី​ការ​គាំង​បេះដូង គឺ​ជា​ការ​ព្យាករណ៍​មួយ​សំខាន់​នៃ​ការ​រស់​រាន​មាន​ជីវិត​របស់​ជន​រង​គ្រោះ។

    មន្ទីរពេទ្យ កាល់​ម៉ែត បញ្ជាក់​ថា បើ​ជន​រង​គ្រោះ​មាន​បញ្ហា​ប៉ោង​ក្រពះ​ប៉ះពាល់​ដល់​ការ​បញ្ជូន​ខ្យល់​សិប្បនិម្មិត​ចូល យើង​គួរ​ដាក់​ជន​រង​គ្រោះ​ឲ្យ​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង ហើយ​ត្រូវ​បន្ត​វិធានការ​សង្គ្រោះ​រហូត​ទាល់​តែ​ជន​រងគ្រោះ​ដឹក​ដល់​មន្ទីរពេទ្យ ដែល​អាច​ជួយ​សង្គ្រោះ​បន្ត​ដោយ​អ្នក​ជំនាញ ក៏​ដូច​ជា​ឧបករណ៍​ជំនួយ​ផ្សេងៗ។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 16, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម