ចាស់ៗបុរាណតែងតែណែនាំឲ្យស្ត្រីពពោះស្លៀកពាក់ឲ្យជិត ឬកុំចេះតែប្រើផលិតផលលាបមុខ លាបខ្លួនផ្ដេសផ្ដាស ព្រោះខ្លាចមិនល្អដល់កូន។ ប៉ុន្តែ បើម៉ាក់ៗមិនចេះស្លៀកពាក់ ឬមិនហ៊ានប្រើផលិតផលថែសម្រស់ដូចជា ការពារស្បែកមុខ រាងកាយ ឬបង្ការសង្វារទេ ម៉ាក់ៗអាចនឹងអន់ចិត្តនឹងខ្លួនឯងនៅពេលក្រោយក៏ថាបាន។ តែកុំបារម្ភ! ខាងក្រោមនេះ ជាក្បួនថែទាំសម្រស់សម្រាប់ម៉ាក់ៗ ពិសេសក្នុងពេលជិតដើរលេងចូលឆ្នាំថ្មីនេះ។
ប្រសិនបើម៉ាក់ៗកើតមុនពេលពពោះ ស្បែកមុខមិនភ្លឺថ្លា កុំទាន់បារម្ភអី។ ម៉ាក់ៗគួរថែសម្រស់ដោយលាងសម្អាតមុខជាមួយហ្វូមលាងមុខគ្មានជាតិកាត់ ២ដង/ថ្ងៃ។ ពេលដុស និងជូតមុខត្រូវធ្វើថ្នមៗ ចៀសវាងកាន់តែធ្វើឲ្យមុនកាន់តែឡើង។ កុំព្យាយាមញេចមុន ឬកេះមុន ហើយគួរជ្រើសរើសគ្រីមផ្ដល់សំណើម និងគ្រឿង make up គ្មានជាតិប្រេង។
២. ធ្វើក្រចកដៃ ជើង
ការថែសម្រស់ក៏រាប់បញ្ចូលទាំងក្រចកដៃ និងក្រចកជើងដែរ ហេតុដូចនេះម៉ាក់ៗគួរតែមានស្ក្រាប់សម្រាប់ប្រអប់ដៃ និងជើង កាត់ក្រចកទៅតាមទម្រង់ដែលខ្លួនស្រលាញ់ រួចលាបពណ៌ស្រស់ៗ ដើម្បីធ្វើសម្រស់ក៏ស្អាត អារម្មណ៍ក៏ល្អ។
៣. លេងម៉ូតសក់
ម៉ាក់ៗពពោះគួរតែមានម៉ូតសក់ណាដែលងាយស្រួលថែទាំមិនចាំបាច់ចំណាយពេលច្រើនក្នុងមួយថ្ងៃសម្រាប់សិត។ បើចង់ឲ្យសម្រស់កាន់តែស្អាតប្លែកម៉ាក់ៗអាចប្ដូរពណ៌សក់ កាត់ ឬគាបសក់ ឬមូលសក់ឲ្យប្លែកមុខម្ដង។ ប៉ុន្តែ បើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីបានឲ្យដឹងថា យកល្អ បើដឹងថាពពោះ ម៉ាក់ៗមិនគួរប្ដូរពណ៌សក់ទេ ព្រោះសារធាតុគីមីមានក្នុងថ្នាំលាបសក់អាចបង្កភាពមិនប្រក្រតីដល់គភ៌។
៤. គន្លឹះតុបតែងមុខ
ពេលម៉ាក់ៗ make up ម្ដងៗ ផាត់បែបសាមញ្ញគឺស្អាតបំផុតហើយ មិនចាំបាច់តប់ម្សៅក្រាស់ពេកទេ។ បន្ថែមពីលើ BB cream ឬម្សៅស្អិតទ្រនាប់ ម៉ាក់ៗអាចបន្ថែមជាម្សៅហុយ និង concealer ដើម្បីបិទបាំងមុន ឬតំបន់ខ្មៅលើមុខដែលយើងមិនពេញចិត្ត រួចដាក់ពណ៌ភ្នែកស្រាលៗ គូរភ្នែក ពត់រោមភ្នែកដាក់mascara និងថែមក្រែមមាត់បន្តិច ស្អាតបាត់។
ក្រៅពីក្បួនថែសម្រស់ទាំងនេះ ម៉ាក់ៗពពោះក៏គួរតែមានរបបអាហារត្រឹមត្រូវ ពិសេសសម្បូរទៅដោយបន្លែ ផ្លែឈើស្រស់ និងញ៉ាំទឹកឲ្យបានច្រើន ដើម្បីជាជំនួយដល់សុខភាពទូទៅ និងជួយដល់ស្បែកពីខាងក្នុងមក។

ចំណុចសំខាន់
ទោះពេលពពោះ ម៉ាក់ៗក៏ត្រូវតែស្អាតដោយអនុវត្តក្បួនសាមញ្ញទាំងនេះ៖
- ជ្រើសរើសមធ្យោបាយលាងមុខត្រឹមត្រូវ
- ធ្វើក្រចកដៃ ជើង
- លេងម៉ូតសក់
- គន្លឹះតុបតែងមុខ ៕