ស្របពេលដែលគភ៌លូតលាស់ ហើយស្បូនកាន់តែរីកធំ នោះអាចដាក់សម្ពាធលើត្រគាក ខ្នង និងគូទរបស់ម៉ាក់ៗបាន។ បញ្ហាឈឺត្រង់គូទអាចកើតចេញពីផ្នែកផ្សេងនៃរាងកាយ និងរាលដាលទៅដល់គូទ ឬអាចបណ្តាលមកពីបញ្ហានៅត្រង់បរិវេណនោះតែម្តង។
ខាងក្រោមនេះ ជាមូលហេតុមួយចំនួន ដែលបណ្តាលឲ្យស្ត្រីពពោះមួយចំនួនមានអាការៈឈឺគូទ៖
១. ជំងឺឫសដូងបាត
ជំងឺឫសដូងបាត ជាការហើមសរសៃវ៉ែននៅត្រង់រន្ធគូទ ឬគូទ។ នៅពេលដែលស្បូនរីកនៅត្រីមាសទី២ និងទី៣ នោះនឹងដាក់សម្ពាធទៅលើគូទ ដែលជាហេតុនាំឲ្យកើតជំងឺឫសដូងបាត។ ការទល់លាមក និងឈរយូរ ក៏អាចបង្កើនហានិភ័យនៃការវិវត្តទៅរកជំងឺមួយនេះដែរ។
រោគសញ្ញានៃជំងឺឫសដូងបាត
- ឈឺរន្ធគូទ
- រមាស់ជុំវិញរន្ធគូទ
- បន្ទោបង់មានឈាម
- មានដុំទន់មួយនៅក្នុងរន្ធគូទ
[embed-health-tool-due-date]
២. ជំងឺ Sciatica
សរសៃប្រសាទSciatica រត់ពីគូទចុះក្រោមទៅដល់ជើង។ អំឡុងពេលពពោះ ស្បូនរបស់យើងនឹងរីកធំ ហើយគភ៌ដែលកំពុងលូតលាស់អាចដាក់សម្ពាធលើសរសៃប្រសាទមួយនេះ ដែលបង្កជាជំងឺSciatica។ អ្នកជំងឺនេះ អាចប្រឈមនឹងការឈឺចាប់នៅត្រង់គូទញឹកញាប់ ព្រមទាំងមានអារម្មណ៍ក្រហាយនៅជើង គូទ និងខ្នង។
៣. ឈឺចាប់ជុំវិញអាងត្រគាក
ទម្ងន់ខ្លួន ក៏ដូចជាចលនារបស់ទារកក្នុងផ្ទៃ អំឡុងពេលពពោះអាចបង្កជាអាការៈឈឺចាប់ជុំវិញអាងត្រគាក ព្រមទាំងរាលដាលទៅដល់គូទ។
៤. ការកន្ត្រាក់
ម៉ាក់ៗនឹងប្រឈមការកន្ត្រាក់ស្បូននៅអំឡុងត្រីមាសទី៣ មុនពេលសម្រាល ហើយម៉ាក់ៗខ្លះ អាចមានអារម្មណ៍ឈឺចាប់ដោយការកន្ត្រាក់នៅបរិវេណគូទផងដែរ។ រោគសញ្ញាផ្សេងទៀត រួមមាន៖
- ធ្លាក់ឈាម ឬទឹករម្អិលទ្វារមាសពណ៌ត្នោត
- ឈឺខ្នងផ្នែកខាងក្រោម និងពោះ
- បែកទឹកភ្លោះ។
គន្លឹះដោះស្រាយ
- ញ៉ាំថ្នាំបំបាត់ការឈឺចាប់ដែលមានសុវត្ថិភាពសម្រាប់ស្ត្រីពពោះ (ប្រឹក្សាជាមួយគ្រូពេទ្យ ឬឱសថការី)
- ប្រើក្រែមព្យាបាលជំងឺឫសដូងបាត
- ញ៉ាំអាហារដែលមានជាតិសរសៃ ដើម្បីបញ្ចៀសបញ្ហាទល់លាមក
- ជៀសវាងឈរ ឬអង្គុយយូរ
- គេងដោយប្រើខ្នើយទ្រក្រោមពោះ និងនៅចន្លោះជើង
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។
ពេលណាគួរទៅជួបគ្រូពេទ្យ?
ស្ត្រីពពោះ គួរពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ឬទៅកាន់មន្ទីរពេទ្យភ្លាមៗរាល់ពេលដែលមានអាការៈឈឺចាប់ដោយគ្មានមូលហេតុ ឬនៅពេលប្រឈមនឹងបញ្ហាដូចខាងក្រោម៖
- បែកទឹកភ្លោះ
- ឈឺចាប់ដែលបណ្តាលឲ្យចង្អោរ
- មិនអាចគ្រប់គ្រងលើការបន្ទោបង់ ឬការនោម
- ការឈឺចាប់ដែលមិនធូរស្រាល
- ការបាត់បង់ឈាមច្រើនដោយសារជំងឺឫសដូងបាត។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?