ស្រីៗយើង ពិសេសអ្នកមានប្តី ឲ្យតែបាត់រដូវតែប៉ុន្មានថ្ងៃ អន្ទះអន្ទែងខ្លាំង ខ្លះខ្លាចភ្លាត់មានកូន ព្រោះកំពុងរវល់ខ្លាំង ឯខ្លះទៀតកំពុងចង់បានកូនស្រាប់ ច្បាស់ជារំភើបខ្លាំងមិនខាន គ្រាន់តែមិនដឹងថា គួរពិនិត្យបែបណា ពេលណា ទើបទទួលបានលទ្ធផលច្បាស់ការ អាចទុកចិត្តបាន។ “Hello គ្រូពេទ្យ” នឹងស្រាយចម្ងល់នេះ។
១- ឱកាសមានផ្ទៃពោះច្រើនប៉ុនណា?
ការធ្វើ តេស្តពិនិត្យផ្ទៃពោះ អាចធ្វើឡើងដោយខ្លួនឯង និងទទួលបានលទ្ធផលច្បាស់ការ ដល់ទៅ ៩៩% ឯណោះ ដោយគ្រាន់តែទិញឧបករណ៍ពិនិត្យពីឱសថស្ថាន មកពិនិត្យទឹកនោម អាចដឹងភ្លាម គ្រាន់តែថា អ្វីយើងត្រូវដឹង គឺគួរពិនិត្យនៅពេលណាមួយឲ្យប្រាកដ ដើម្បីអាចទុកចិត្តបានថា មាន ឬគ្មានកូន។ ហេតុនេះ ស្រីៗនាយើងត្រូវតាមដានអាការៈរោគសញ្ញាមានផ្ទៃពោះមួយចំនួនជាមុន។
២- ធ្វើតេស្ត បើមានអាការៈមានផ្ទៃពោះទាំងនេះ
– បាត់រដូវ៖ បាត់រដូវជាសញ្ញាចម្បងនៃការមានផ្ទៃពោះ ប៉ុន្តែបើយើងមិនបានកត់សម្គាល់វដ្តរដូវទេ ច្បាស់ជាមិនអាចដឹងថា បាត់រដូវពីថ្ងៃណាទេ នាំឲ្យលទ្ធផលតេស្តទឹកនោម មិនគួរឲ្យទុកចិត្តដូចគ្នា។
ជាទូទៅ វដ្តរដូវស្រីៗ មានរយៈពេល ២៨ ថ្ងៃ ហេតុនេះយើងអាចធ្វើតេស្ត បន្ទាប់ពីបាត់រដូវ ១ ខែ ឬយូរជាងនេះ។ ប៉ុន្តែត្រូវចាំថា កត្តារបបអាហារ ស្ត្រេស និងជំងឺមួយចំនួន អាចធ្វើឲ្យរយៈពេលវដ្តរដូវយូរជាងមុន ឬបាត់តែម្តង។
– ឈឺពោះដូចមករដូវ៖ ដោយការភ្ជាប់ខ្លួនរបស់អំប្រ៊ីយ៉ុងទៅជញ្ជាំងស្បូន យើងអាចមានអារម្មណ៍ឈឺពោះ ដូចពេលជិតមករដូវអ៊ីចឹង តែតាមពិត មិនមានវត្តមានរដូវនោះទេ។ យ៉ាងណា បើសិនយើងនៅតែមានអារម្មណ៍បែបនេះច្រើនថ្ងៃជាប់គ្នា គួរធ្វើតេស្តបញ្ជាក់មានផ្ទៃពោះ ឬអត់។
– ឈឺសុដន់៖ ពេលមានផ្ទៃពោះ អ័រម៉ូន អឺស្ត្រូហ្សែន និងប្រូហ្គេស្តេរ៉ូន របស់ស្រីៗ នឹងកើនឡើង ដើម្បីធ្វើឲ្យមានបម្រែបម្រួលរាងកាយ ក៏ដូចជាជួយទ្រទ្រង់ដល់ការលូតលាស់កូនក្នុងផ្ទៃ។ កត្តានេះ នឹងធ្វើឲ្យសុដន់ឡើងប៉ោងធំ ទន់ជ្រាយខុសធម្មតា ហើយសរសៃវ៉ែន នឹងចេញរូបរាងកាន់តែច្បាស់ ដោយសារតែកំណើនលំហូរឈាមនៅតំបន់នោះ ចំណែកចុងសុដន់អាចនឹងឈឺពើតៗផងដែរ។ ប៉ុន្តែត្រូវចាំថា សញ្ញាឈឺសុដន់បែបនេះ ស្រដៀងមុនពេលរដូវចាប់ផ្តើមដូចគ្នា អាចធ្វើឲ្យច្រឡំក៏មាន។
– បម្រែបម្រួលផ្សេងៗ៖ ក្រៅពីឈឺចាប់សុដន់ និងពោះ ដំណាក់មានផ្ទៃពោះដំបូង ក៏អាចធ្វើឲ្យស្រីមានអាការៈមួយចំនួន ដូចជា ល្ហិតល្ហៃ នោមញឹក ក្អួតចង្អោរ ចាញ់ក្លិន។ បើច្រើនសប្តាហ៍កន្លងទៅ អាការៈសញ្ញាទាំងនេះ រឹតតែកើតមានខ្លាំងឡើង យើងអាចធ្វើតេស្ត ដើម្បីឲ្យប្រាកដថា មានផ្ទៃពោះ ឬអត់បានហើយ។
– ពន្យារកំណើតមិនជោគជ័យ៖ ប្រើថ្នាំគ្រាប់ពន្យារកំណើត ស្រោមអនាម័យ ឬ វិធីពន្យារកំណើត ផ្សេងទៀត មិនអាចការពារស្រីៗយើង គេចផុតពីការភ្លាត់មានផ្ទៃពោះ ១០០% នោះទេ។ ទោះជាឱកាសមានតិចតួចក្តី ករណីមានផ្ទៃពោះ នៅតែអាចកើតឡើង ហើយបើប្រទះឃើញអាការៈសញ្ញាណាមួយដូចរៀបរាប់ខាងលើ គួរធ្វើតេស្តមានផ្ទៃពោះ បើទោះយើងស្ថិតក្នុងលក្ខខណ្ឌពន្យារកំណើតបែបណាក្តី។
[embed-health-tool-ovulation]
– បើសង្ស័យ ធ្វើតេស្តតែម្តង៖ បើស្ថិតក្នុងស្ថានភាពរោគសញ្ញាណាមួយដូចខាងលើ បើសង្ស័យមានផ្ទៃពោះ គួរឆាប់ធ្វើតេស្តពិនិត្យភ្លាមៗ ព្រោះដឹងមានផ្ទៃពោះឆាប់ អាចជួយឲ្យយើងមានពេលគ្រប់គ្រាន់ ត្រៀមខ្លួន និងរក្សាសុខភាពឲ្យបានល្អ ក៏ដើម្បីសុខភាពកូនក្នុងផ្ទៃផងដែរ។ ក្នុងករណីទទួលបានលទ្ធផលវិជ្ជមាន ឆាប់ប្រញាប់ទៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពនៅជិតយើង ដើម្បីទទួលបានការប្រឹក្សា ក៏ដូចជាថ្នាំជាតិដែក រួមនឹងវ៉ាក់ស៊ាំងការពារជំងឺផ្សេងៗជាដើម។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?