ពេលយើងវិវត្តវ័យកាន់តែចាស់ទៅ គោលបំណងចាំបាច់មួយដែលអាចផ្ដល់សុភមង្គលដល់ជីវិតរបស់យើងគឺការបង្កើតគ្រួសារដ៏កក់ក្ដៅមួយ មានគ្រួសារ មានកូនតាមបំណង ប៉ុន្តែ មនុស្សស្រីមួយចំនួនមិនអាចបំពេញគោលបំណងនេះបានដោយសារតែមានបញ្ហាបង្កកំណើត ឬុមិនមានផ្ទៃពោះបាន រហូតមានម៉ាក់ខ្លះអស់សង្ឃឹម ដើររកពេទ្យព្យាបាលដើម្បីសមបំណង។ បើម៉ាក់កំពុងស្ថិតក្នុងស្ថានភាពពិបាកនេះ កុំទាន់អាលបាក់ទឹកចិត្ត បើច្បាស់ថារៀបការហើយមិនអាចមានកូនបាន មកពីសុខភាពម៉ាក់ពិតប្រាកដ ១០០% ខាងក្រោមនេះ អាចជាមូលហេតុរាំងស្ទះចម្បងៗចំពោះស្រីៗយើង។ ម៉ាក់ខ្លះគិតដំបូងបំផុតគឺ បញ្ហាស្បូន ឬយើងនិយមហៅភាសាអ្នកស្រុកថា អារអត់កូនជាដើម។ ក្រៅពីនេះ តើនៅមានបញ្ហាអ្វីខ្លះទៀត ទើបបណ្ដាលឲ្យស្រីៗអត់កូន ឬពិបាកបង្កកំណើត?
ការមិនអាចមានផ្ទៃពោះ ឬមានបញ្ហាបង្កកំណើតតាមបំណង គឺជាផលរំខានយ៉ាងធំមួយក្នុងចំណោមផលរំខានផ្សេងៗទៀត ដែលជះឥទ្ធិពលមិនល្អចំពោះសុភមង្គលគ្រួសារ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
មូលហេតុធម្មជាតិខ្លះៗ ធ្វើឲ្យមានបញ្ហាបង្កកំណើត ឬពិបាកពពោះ
១. វិបត្តិមិនអាចទម្លាក់ស៊ុតញី៖ កត្តាស្ត្រីមិនអាចទម្លាក់ពងបាន ឬមានរដូវមិនទៀងទាត់អាចបណ្ដាលមកពីមូលហេតុជាច្រើន ប៉ុន្តែក្នុងចំណោមមូលហេតុទាំងនោះ ការមិនមានតុល្យភាពអ័រម៉ូនគឺជា កត្តាចម្បងមួយក្នុងចំណោមកត្តាបញ្ហាបង្កកំណើតផ្សេងៗទៀត។
២. វិបត្តិកោសិកាបន្តពូជឈ្មោលមិនគ្រប់គ្រាន់៖ កត្តានេះបណ្ដាលឲ្យមិនអាចមានកូនប្រមាណជា ២៥% ក្នុងចំណោមមូលហេតុផ្សេងៗដែលប៉ះពាល់ទៅលើបុរស។
៣. វិបត្តិស្ទះដៃស្បូន៖ ដៃស្បូនដែលភ្ជាប់ទំនាក់ទំនងរវាងកន្សោមពងទៅនឹងតួស្បូនមានតួនាទីយ៉ាងសំខាន់ និងជាផ្លូវក្នុងការធ្វើដំណើររបស់ស៊ុតរបស់ស្ត្រីមកកាន់តួស្បូន ដើម្បីទទួលការបង្កកំណើត។
៤. កម្រាស់ភ្នាសខាងក្នុងស្រទាប់ស្បូន៖ គឺជាការកើនឡើងនៃកម្រាស់ខាងក្នុងស្រទាប់ស្បូនដែលដុះក្រាស់លើសធម្មតា ហើយរលាយធ្លាក់ចេញមកក្រៅជាឈាមរដូវ ប៉ុន្តែធ្លាក់មិនអស់។
៥. វិបត្តិដុំគីសលើកន្សោមពង៖ កត្តានេះជាញឹកញាប់គឺបង្កឲ្យមានអតុល្យភាពអ័រម៉ូន ដែលបណ្ដាលឲ្យមានបញ្ហារដូវមិនទៀងទាត់ ក្នុងនោះវាក៏បង្កឲ្យមានបញ្ហាមួយចំនួនទៀតដូចជា ជំងឺលើសទម្ងន់ ទឹកនោមផ្អែម ជំងឺសើស្បែក និងមានដុះរោមនៅលើរាងកាយជាដើម។
៦. ស៊ុតមិនមានសុខភាពល្អ៖ មានកត្តាជាច្រើនដែលបណ្ដាលឲ្យកោសិកាបន្តពូជស្ត្រី មានសុខភាពខ្សោយដូចជា បរិស្ថាន ចំណីអាហារ ស្ត្រេស ជីវភាពរស់នៅ និងកត្តាអាយុជាដើម។
៧. ជំងឺសរីរាង្គប្រឆាំងនឹងកោសិកាបន្តពូជ៖ ជំងឺនេះ បណ្ដាលមកពីសរីរាង្គរបស់យើងមានការយល់ច្រឡំ និងប្រឆាំងនឹងកោសិកាបន្តពូជរបស់ខ្លួនឯងតែម្ដង។