ពេលឈឺពោះសម្រាលគឺជាពេលដែលម៉ាក់ៗរំភើបផង ឈឺផង ព្រោះជិតបានឃើញមុខកូន និងជិតឆ្លងផុតដំណាក់កាលពពោះហើយ តែក៏ជាពេលម៉ាក់ៗមានការឈឺចាប់ និងពិបាកបំផុតដែរ។ តើពេលឈឺពោះសម្រាល ម៉ាក់ៗគួរចៀសវាងធ្វើអ្វីខ្លះដើម្បីឱ្យដំណើរការនៃការសម្រាលរលូនល្អ?
ជាទូទៅ ថ្ងៃគ្រប់ខែសម្រាល គឺនៅសប្តាហ៍ទី ៤០ ក្រោយបាត់រដូវ តែអាចមុន ឬក្រោយ ១០ ថ្ងៃ។ ប្រសិនបើក្នុងអំឡុងពេលនេះ ម៉ាក់ៗមានអាការៈដូចខាងក្រោម មានន័យថាស្ថិតក្នុងដំណាក់ឈឺពោះសម្រាលហើយ៖
- មានការកន្រ្តាក់ស្បូនខ្លាំង និងទៀងទាត់
- ឈឺពោះ និងឈឺចង្កេះផ្នែកខាងក្រោម
- ធ្លាក់ទឹករម្អិលមានលាយឈាម
- ជ្រាប ឬបែកទឹកភ្លោះ
ប្រសិនបើម៉ាក់ៗមានអាការៈដូចរៀបរាប់ខាងលើ ម៉ាក់ៗត្រូវប្រញាប់ទៅមន្ទីរពេទ្យ និងចៀសវាងរឿងមួយចំនួនដូចជា៖
១. កុំខ្ជះខ្ជាយកម្លាំង
ពេលម៉ាក់ៗមានអាការៈឈឺពោះ ឈឺចង្កេះ ឬឈឺស្បូនតិចៗ ម៉ាក់ៗអាចសម្រាកយកកម្លាំង ញុំាឱ្យឆ្អែត ស្តាប់តន្រ្តី ឬចំរៀង ងូតទឹកដើម្បីឱ្យរាងកាយស្រស់ស្រាយ និងមានកម្លាំងនៅពេលសម្រាល ព្រោះរយៈពេលនៃការឈឺពោះសម្រាលវែង មិនមែនឈឺភ្លាម សម្រាលភ្លាមទេ។
ជាទូទៅរយៈពេលនៃការឈឺពោះសម្រាលសម្រាប់ម៉ាក់ៗកូនដំបូងមានរយៈពេល ១២ ទៅ ១៨ម៉ោង និងមានរយៈពេល ៨ ទៅ ១០ ម៉ោងសម្រាប់ម៉ាក់សម្រាលកូនបន្ទាប់ៗ។
២. កុំញុំាអាហារមានជាតិខ្លាញ់ច្រើន ឬញុំាឆ្អែតពេក
ការញុំាអាហារដែលមានខ្លាញ់ច្រើន ឬឆ្អែតពេកអាចធ្វើឱ្យម៉ាក់ៗពិបាករំលាយអាហារ ដូច្នេះម៉ាក់ៗគួរញុំាអាហារងាយរំលាយដូចជា សាច់សុទ្ធ ស៊ុត បន្លែ ផ្លែឈើ គ្រាប់ផ្លែឈើជាដើម។
ពេលចូលដល់ដំណាក់ទី ២ នៃការសម្រាល ម៉ាក់ៗអាចញុំាមិនចូល ឬមិនឃ្លានដោយសារ ការឈឺពោះ ឈឺចង្កេះ ឬស្បូនកន្រ្តាក់។ ដូច្នេះ ម៉ាក់ៗអាចញុំាទឹកផ្លែឈើគ្មានកាកដើម្បីឱ្យមានកម្លាំង និងដើម្បីកុំឱ្យខ្វះជាតិទឹក។
៣. ចៀសវាងមើលម៉ោង
ការមើលម៉ោងធ្វើឱ្យម៉ាក់ៗដឹងថា ចូលបន្ទប់សម្រាលយូរប៉ុណ្ណាហើយ។ ម៉ាក់ៗអាចសួរខ្លួនឯងថា តើអាចទ្រាំបានយូរប៉ុនណាទៀត? ពេលណាទើបសម្រាលរួច? ដែលអាចបង្កើនភាពតានតឹង និងភាពភ័យខ្លាចដល់ម៉ាក់ៗ។
ជំនួសឱ្យការមើលម៉ោង ម៉ាក់ៗអាចផ្តុំអាម្មណ៍ និងតាំងចិត្តក្នុងការប្រឹងសម្រាល ដកដង្ហើមវែងៗ បន្ធូរសាច់ដុំ និងសម្រាកនៅចន្លោះពេលស្បូនមិនកន្រ្តាក់។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៤. ចៀសវាងដកដង្ហើមលឿនខ្លីៗ ឬទប់ដង្ហើម
ការឈឺចង្កេះ ឈឺពោះ ឬឈឺស្បូនអាចធ្វើឱ្យម៉ាក់ៗដកដង្ហើមលឿនខ្លីៗ ឬទប់ដង្ហើមដែលអាចបណ្តាលឱ្យម៉ាក់ៗវិលមុខ ស្ពឹកដៃ ស្ពឹកជើង ឬស្ពឹកមុខ ហើយបើធ្ងន់ធ្ងរអាចបណ្តាលឱ្យម៉ាក់ៗសន្លប់ទៀតផង។
ការដកដង្ហើមវែងៗអាចជួយឱ្យម៉ាក់ៗបន្ធូរអារម្មណ៍ បន្ធូរភាពតានតឹង ជួយកាត់បន្ថយសម្ពាធឈាម ជំរុញការផលិតអ័រម៉ូនអុកស៊ីតូស៊ីន ហើយធ្វើឱ្យម៉ាក់ៗ និងកូនក្នុងផ្ទៃមានកម្លាំងដោយសារម៉ាក់ៗស្រូបយកអុកស៊ីសែនបានច្រើន។
ម៉្យាងទៀត ប្រសិនបើម៉ាក់ៗទប់ដង្ហើម ចង្វាក់បេះដូងកូនក្នុងផ្ទៃនឹងចាប់ផ្តើមធ្លាក់ចុះដែលអាចបណ្តាលឱ្យមានបញ្ហា។
[embed-health-tool-due-date]
៥. កុំមានអារម្មណ៍ខ្មាសអៀន
ពេលឈឺពោះសម្រាល ម៉ាក់ៗអាចលេចនោមដោយមិនដឹងខ្លួន ហើយពេលប្រឹងសម្រាល ម៉ាក់ៗអាចថែមទាំងលេចលាមកទៀតផង។ ដូច្នេះ ម៉ាក់ៗមិនបាច់ខ្មាស់អៀនទេ ទាំងនេះគឺជារឿងធម្មតាក្នុងដំណាក់កាលសម្រាល។
អ្វីដែលម៉ាក់ៗត្រូវធ្វើគឺត្រូវប្រឹងសម្រាល បើម៉ាក់ៗទប់ព្រោះខ្លាចលេចនោម ឬលេចលាមក ម៉ាក់ៗសម្រាលមិនចេញទេ។ លើសពីនេះទៅទៀត បើម៉ាក់ៗមានអារម្មណ៍ខ្មាស រាងកាយម៉ាក់ៗនឹងផលិតអ័រម៉ូនស្រេស្តដែលរារាំងដល់ការផលិតអ័រម៉ូនអុកស៊ីតូស៊ីនដែលជួយឱ្យស្បូនកន្រ្តាក់។
៦. បន្ធូរអាម្មណ៍
ពេលកំពុងឈឺពោះសម្រាល រាងកាយម៉ាក់ៗនឹងផលិតអ័រម៉ូនអុកស៊ីតូស៊ីនដែលជួយឱ្យស្បូនកន្រ្តាក់។ រាងកាយម៉ាក់ៗផលិតអ័រម៉ូនអុកស៊ីតូស៊ីនច្រើន លុះត្រាតែម៉ាក់ៗមានអារម្មណ៍ថាមានសុវត្ថិភាព ផាសុកភាព និងមានភាពកក់ក្តៅ។
នៅពេលដែលម៉ាក់ៗមានភាពតានតឹង ភ័យខ្លាច ឬមានអារម្មណ៍គ្មានសុវត្ថិភាព រាងកាយម៉ាក់ៗនឹងផលិតអរម៉ូនស្ត្រេស (catecholamines) ដែលរារាំងដល់ការផលិតអ័រម៉ូនអុកស៊ីតូស៊ីន។
ពេលឈឺពោះសម្រាល ម៉ាក់ៗគួររក្សាការគិតវិជ្ជមាន និងបន្ធូរអាម្មណ៍ ហើយគិតថាខ្លួនអាចធ្វើបាន និងប្រាប់ខ្លូនឯងថា ឱ្យតែប្រឹងបន្តិចទៀតនឹងបានជួបមុខកូនហើយដើម្បីលើកទឹកចិត្តខ្លួនឯង និងជំរុញរាងកាយឱ្យបញ្ចេញអ័រម៉ូនជំរុញការកន្រ្តាក់ស្បូន។
គួរស្វែងយល់បន្ថែមពីការសម្រាល៖
- ម៉ាក់ៗជិតដល់ថ្ងៃសម្រាល មកដឹងពីអាការៈឈឺពោះលេងៗ និងឈឺពោះមែនទែន
- អំឡុងពពោះ ស្រីៗកន្ត្រាក់ស្បូនជាសញ្ញាជិតសម្រាលកូនទាំងអស់មែនទេ?
- សញ្ញាសំខាន់ៗពេលពពោះ និងសម្រាលកូន ម៉ាក់ៗថ្មីថ្មោងត្រូវដឹង
- គ្រប់ខែហើយ! ម៉ាក់ត្រូវសម្គាល់សញ្ញាឈឺពោះជិតសម្រាលទាំងនេះ
- ទាំងនេះជាមូលហេតុ និងវិធីបង្ការមិនឲ្យកូនកើតមុនខែ
- ម៉ាក់ៗជិតដល់ថ្ងៃសម្រាល មកដឹងពីអាការៈឈឺពោះលេងៗ និងឈឺពោះមែនទែន
ចំណុចសំខាន់
- កុំខ្ជះខ្ជាយកម្លាំង
- កុំញុំាអាហារមានជាតិខ្លាញ់ច្រើន ឬញុំាឆ្អែតពេក
- ចៀសវាងមើលម៉ោង
- ចៀសវាងដកដង្ហើមលឿនខ្លីៗ ឬទប់ដង្ហើម
- កុំមានអារម្មណ៍ខ្មាសអៀន
- បន្ធូរអាម្មណ៍