backup og meta

កំពុងត្រៀមខ្លួនជិតក្លាយជាម៉ាក់ៗគេ ត្រូវដឹងរឿងទាំងនេះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Aug 03, 2023

    កំពុងត្រៀមខ្លួនជិតក្លាយជាម៉ាក់ៗគេ ត្រូវដឹងរឿងទាំងនេះ

    ក្រោយ​រៀប​ការ ទោះ​ជា​រវល់​ការ​ងារ​យ៉ាង​ណា ស្រីៗ​គ្នា​យើងនៅ​តែចង់​​បង្កើត​កូន​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ ពីរ ដើម្បី​ធ្វើ​ឲ្យ​គ្រួសារ​កាន់​តែ​មាន​ក្តី​សុខ សប្បាយ​រីក​រាយ។ យ៉ាង​ណា មុន​ចង់​ក្លាយ​ជា​ម៉ាក់ៗ​គេ ​យើង​ត្រូវ​ដឹង​ថា មាន​ផ្ទៃ​ពោះមិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ពិសេស​គ្នា​យើង​កំពុង​ធ្វើ​ការ ហេតុនេះត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ។ អត្ថបទ​ “Hello គ្រូពេទ្យ” មួយនេះ នឹង​ប្រាប់​គ្នា​យើង​ឲ្យ​ចេះត្រៀម​ខ្លួន​បាន​ល្អ​មុនក្លាយ​ជា​ម៉ាក់ៗ។

    ១- ដឹង​ពី​វិធី​បំបាត់អាការៈចាញ់កូន

    ការ​ចង្អោរ និង​ក្អួត​ យើង​និយម​ហៅ​ថា “​ចាញ់​កូន” នោះ ​អាច​កើត​មាន​គ្រប់​ពេល ពិសេស​ពេល​ព្រឹក និង​ពេល​ថ្ងៃ។ ដើម្បីសម្រួល​​ដល់​អាការៈ​ចាញ់​កូន​​នៅ​កន្លែង​ធ្វើ​ការ គ្នា​យើង​​គួរ​តែ​ចៀ​ស​វាង​របស់ ឬ​ក្លិន​អ្វី​មួយ ងាយ​ធ្វើ​ឲ្យ​យើង​ចង់​ចាញ់​កូន ក្អួត ចង្អោរ និង​ត្រូវ​ទុក​អាហារ​សម្រន់យើង​​ចូល​ចិត្ត​នៅ​កន្លែង​ធ្វើ​ការជាស្រេច។ កាន់​តែ​ល្អ តែ​ខ្ញី​ក៏​អាច​ជួយ​​សម្រួល​អាការៈ​ចាញ់​បាន​ដែរ ដូច​នេះ គួរមាន​នៅ​ជាប់​ខ្លួន​ផង។

    ២- ចេះ​គ្រប់គ្រងភាពអស់កម្លាំង

    ​អស់​កម្លាំង​ អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​ស្លេក​សាំង ​បណ្តាល​មក​ពី​កង្វះ​ជាតិ​ដែក ឯ​ការ​ផ្លាស់​ប្តូរ​របប​អាហារ​ ​អាច​ជួយ​ដល់​បញ្ហា​នេះ​បាន​ច្រើន។ អាហារសម្បូរ​​ជាតិ​ដែក គឺ​​មាន​នៅ​ក្នុង​សាច់​ក្រហម សាច់​សត្វ​ស្លាប អាហារ​សមុទ្រ បន្លែ​បៃតង ធញ្ញ​ជាតិ​​មាន​ជាតិ​ដែក និង​សណ្តែក។

    យើង​ប្រហែល​ជា​​ពិបាក​គេងបន្តិច​អំឡុងម៉ោង​ធ្វើ​ការ ទោះ​ជា​​អស់​កម្លាំងក៏​ដោយ ប៉ុន្តែ​គ្នា​យើង​អាច​ក្រោក​ឡើង ​ធ្វើ​ចលនា​តិច​តួច​បាន ព្រោះ​អាច​ជួយ​ឲ្យ​យើង​​មាន​ថាម​ពល​វិញ។ សំខាន់បំផុត​ ត្រូវ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួនឲ្យ​បាន​គ្រប់​គ្រាន់ ត្រូវ​ដាក់​ដប​ទឹក​នៅ​ក្បែរខ្លួន និង​ត្រូវ​ឧស្សាហ៍​ផឹក​ទឹក​​នៅ​ពេល​ថ្ងៃ។

    បន្ទាប់​ពី​ធ្វើ​ការពេញ​មួយ​ថ្ងៃហើយ បែរ​ជា​នៅ​មាន​ការ​ងារ​ផ្ទះ​​​ត្រូវធ្វើទៀត វា​អាច​បណ្តាល​ឲ្យយើង​មាន​បញ្ហាបាក់​​ទឹក​ចិត្ត​បាន ហេតុនេះ​គ្នា​យើង​គួរ​ពិចារណា​ លើ​ការ​ទិញ​ទំនិញ​តាមអនឡាញ ឬ​អាច​ជួល​គេ​ឲ្យ​សម្អាត​ផ្ទះក៏​ល្អ​ម៉្យាង​ដែរ។ ​ហាត់​ប្រាណ និង​ការ​ឆាប់​ចូល​គេង ​អាច​ជួយ​បង្កើន​ថាម​ពល​ឲ្យ​បាន ហើយ​នៅ​ពេលយើង​​គេង​ ​ត្រូវ​ព្យាយាម​គេង​ទៅ​ខាង​ឆ្វេង​ ដើម្បី​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​គភ៌​ក្នុង​ផ្ទៃ​ឲ្យ​បាន​ច្រើន និង​ដើម្បី​បំបាត់​អាការៈ​ហើមពេល​ពពោះ។ បើ​នៅ​តែ​មាន​អារម្មណ៍​មិន​ស្រួល អាច​បន្ថែម​ខ្នើយ​ខ្លះ​នៅ​ចន្លោះ​ជើង និង​ក្រោម​ក្បាល​ពោះ​កាន់​តែ​ប្រសើរ។

    ៣- ចេះ​គ្រប់គ្រងភាពតានតឹង

    ត្រូវ​បង្កើត​តារាង​ពេល​វេលា​ធ្វើ​ការ​ឲ្យ​បាន​ត្រឹម​ត្រូវ និងកត់​ទុក​​ការ​ងារធ្វើរួច ក៏​​អាច​ផ្ទេរការ​ងារ​នោះ​​ឲ្យ​នរណា​ម្នាក់​ទៀត ឬ​ក៏​មិន​ធ្វើ​តែ​ម្តង។ ​ត្រូវ​និយាយ​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្ត​ភក្តិ យើង​​ជឿ​ទុក​ចិត្ត ​ពី​អ្វី​ដែល​យើង​កំពុង​ព្រួយ​បារម្ភ។ ​គួរ​អនុវត្ត​បច្ចេក​ទេស​ក្នុង​ការ​បន្ធូរ​អារម្មណ៍​ ដូច​ជា​ការ​ដក​ដង្ហើម​យឺត​ៗ ឬ​ស្រមៃ​ថា​ ខ្លួន​យើង​​កំពុង​នៅ​កន្លែង​ស្ងប់​ស្ងាត់ ឬ​ក៏​អាច​សាក​ល្បងចូល​រួម​​ថ្នាក់​យ៉ូហ្គាសម្រាប់ស្រីៗ​មាន​ផ្ទៃ​ពោះបាន ប៉ុន្តែ​ត្រូវ​ចាំ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន ​ដើម្បី​សុវត្ថិភាព​ទាំង​ម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ។

    អាហារសម្រាប់ស្រ្តី១

    ៤- ត្រូវមានសុវត្ថិភាពនៅកន្លែងធ្វើការ

    លក្ខ​ខណ្ឌ​ការងារ​មួយ​ចំនួន ​មិន​មាន​សុវត្ថិភាព​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ​ទេ វា​អាច​បង្កើន​ហានិភ័យ​ផល​វិបាក​នៃ​ការ​មាន​ផ្ទៃ​ពោះ​បាន ហេតុនេះ​កត្តា​មួយ​ចំនួន​នៅ​កន្លែង​ធ្វើ​ការ​យើង​គួរ​ចៀស​វាង មាន​ដូច​ជា៖

    – ប៉ះ​ពាល់​​សារ​ធាតុ​គីមី​ពុល

    – ឈរ​យូរ

    – សំឡេងង​រំខាន​ខ្លាំង​ពេក

    – លើក​របស់ធ្ងន់ៗ តោង​ឡើង ឬ​កាន់​របស់ធ្ងន់

    – រងរំញ័រ​ខ្លាំង​ៗ​ពី​ម៉ាស៊ីន​ធំ​ៗ

    – សីតុណ្ហ​ភាព​ខ្ពស់ពេក។

    ​បើ​ស្ថាន​ភាព​ការ​ងារយើង ​អាច​បណ្តាល​ឲ្យ​យើង​ព្រួយ​បារម្ភ​នោះ​ គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ។ យើង​​អាចសម្រេច​​ចិត្ត ត្រៀម​ខ្លួន​​ប្រុង​ប្រយ័ត្នឲ្យ​បាន​ច្រើន​ជាង​មុន ឬ​ផ្លាស់​ប្តូរ​​ការ​ងារ​កំពុង​ធ្វើ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ក៏​បាន។ ​បើ​​គ្មានជម្រើស ​គួរ​តែ​ពិចារណា​ឈប់​ធ្វើ​ការ ​ដើម្បីធានា​សុវត្ថិភាព​ទាំង​យើង​ផ្ទាល់ និង​កូនក្នុង​ផ្ទៃ។

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Aug 03, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម