កាមរោគគឺជាជំងឺឆ្លងដែលភាគច្រើនបង្កឡើងដោយការរួមភេទមិនបានការពារឲ្យបានត្រឹមត្រូវ។ បុរសៗបានឆ្លងកាត់ការរួមភេទដោយមិនបានការពារ មានដៃគូច្រើន ឬធ្វេសប្រហែសដោយប្រការណាមួយ ក្នុងពេលរួមភេទ ហើយចេញរោគសញ្ញាទាំងនេះលើលិង្គ គួរតែជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាល។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
រោគសញ្ញាសំខាន់ៗលេចឡើងក្រោយរួមភេទមិនបានការពារ
ឈឺចាប់ពេលនោម៖ ប្រសិនបើមានអាការៈនោមឈឺ ក្រហាយ ក្ដៅ នោះបញ្ជាក់ថាមានបញ្ហាឆ្លងជំងឹកាមរោគ ករណីនេះអាចទើបតែចាប់ផ្ដើមនៃជំងឺកាមរោគណាមួយ។ ដូច្នេះត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យដើម្បីត្រួតពិនិត្យ។
ការហៀរខ្ទុះចេញពីក្នុងលិង្គ៖ អាការៈនេះភាគរយខ្ពស់បង្ហាញថា កំពុងតែមានជំងឺប្រមេះទឹកបាយ ប៉ុន្ដែបើហៀរទឹកមកថ្លា គឺអាចប្រមេះទឹកថ្លា។
ឡើងពងបែកលើលិង្គ៖ ជារោគសញ្ញាដែលបង្កឡើងដោយ មេរោគ herpes simplex ដែលបណ្ដាលឲ្យឡើងកន្ទួលពងបែកក្រហាយ ម្យ៉ាងវិញទៀតរោគសញ្ញាមួយនេះក៏ស្រដៀងគ្នាទៅនឹងរោគសញ្ញា នៃជំងឺស្វាយ។
ហើមពងស្វាស៖ ប្រសិនជាមានអាការៈ ហើមពងស្វាស ក៏ជារោគសញ្ញា នៃជំងឺប្រមេះទាំង២ប្រភេទ គឺប្រមេះទឹកបាយ និង ទឹកថ្លា។
ឡើងកន្ទួលរមាស់លើលិង្គ៖ ឡើងកន្ទួលក្រហមរមាស់លើលិង្គ ជាសញ្ញាបង្ហាញពីជំងឺកាមរោគអាចជាប្រភេទសើរស្បែក បង្កឡើងដោយពពួកបាក់តេរី មេរោគផ្សិតជាប់នៅលិង្គដែលរួមភេទមិនបានការពារ និង មិនបានអនាម័យឲ្យល្អ។ ករណីខ្លះក៏មានការរមាស់ចុងលិង្គ ធ្វើឲ្យអ្នកជំងឺពិបាកទ្រាំ។
រោគសញ្ញាបន្ទាប់បន្សំ ដែលកើតមាននៅបរិវេណក្បែរលិង្គ បណ្ដាលមកពីជំងឺកាមរោគ
រោគសញ្ញាមួយចំនួននៃជំងឺកាមរោគ ក៏អាចកើតឡើងនៅតំបន់ផ្សេងក្រៅពីលិង្គ។ រោគសញ្ញាទាំងនោះមានដូចជា៖
ពងបែកនៅរន្ធគូទ៖ ជំងឺកាមរោគ ក៏អាចបង្ករោគសញ្ញាមានពងបែកនៅក្បែរន្ធគូទ ក្នុងករណីនេះបណ្ដាលមកពីដៃគូជ្រើសរើសវិធីរួមភេទតាមរន្ធគូទ រោគសញ្ញានេះអាចជាជំងឺស្វាយ។
ឡើងកូនកណ្ដុរនៅត្រង់ក្រលៀន៖ ក៏ជារោគសញ្ញាបង្ហាញថាឆ្លងជំងឺកាមរោគណាមួយ។ អ្នកមានរោគសញ្ញានេះ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ប៉ុន្ដែប្រសិនបើឡើងកូនកណ្ដុរនៅត្រង់ក ក៏អាចជារោគសញ្ញាបង្ហាញថា ឆ្លងវីរុស HIV ដែរ។
រមាស់ត្រង់គល់រោម៖ ជារោគសញ្ញាជំងឺកាមរោគ បណ្ដាលមកពីសត្វល្អិត។ បើយើងសម្លឹងមើលឲ្យច្បាស់ នឹងឃើញកំណកសៗតូចល្អិតជាប់នៅនឹងគល់រោម។
រោគសញ្ញាដែលបានបង្ហាញខាងលើ ដើម្បីឲ្យកាន់តែច្បាស់លាស់ត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ ក្នុងករណីដែលដឹងច្បាស់ខ្លួនឯងថាបានរួមភេទជាមួយដៃគូ មិនបានការពារ ឬការពារដែរតែភ្លាត់ស្នៀតដោយប្រការណាមួយ។

តើជំងឺកាមរោគផ្ដល់ផលវិបាកអ្វីខ្លះដល់ការរស់នៅ?
ជំងឺកាមរោគមួយចំនួនដែលកើតឡើង ហើយមិនបានព្យាបាលឲ្យត្រឹមត្រូវ ឬព្យាបាលយឺតពេលអាចបង្កបញ្ហាដល់ជីវភាពរស់នៅ ដូចជាជំងឺ ប្រមេះទឹកបាយជាដើម។ ក្នុងករណីដែលមិនបានព្យាបាល ឬព្យាបាលមិនទាន់ពេល អាចបណ្ដាលឲ្យបាត់បង់សមត្ថភាពបង្ករកំណើតបាន។ នៅមានផលវិបាកផ្សេងទៀតដូចជា៖
- ទារកកើតមិនគ្រប់ខែ កើតមកតូចពេក ងងឹតភ្នែកឈឺ ឬស្លាប់។
- ស្លាប់ដោយសារការបង្ករោគធ្ងន់ធ្ងរ។
- ឈឺចាប់យូរអង្វែង។
- មហារីកមាត់ស្បូន បំពង់ក ឬរន្ធគូថ។
- ហានិភ័យកើតឡើងចំពោះការឆ្លងជំងឺកាមរោគផ្សេងៗទៀត
ដូច្នេះបុរសៗនៅពេលដែលឃើញរាល់រោគសញ្ញាសង្ស័យ គួរតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យឲ្យលឿនទើបជាការល្អ។