backup og meta

ហេតុ​អ្វីត្រូវ​ចាប់ផ្ដើមវាស់សម្ពាធឈាម? អានលទ្ធផលបែបណា?

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត ស្រេង ឌីណា · ជំងឺបេះដូង · គ្លីនិកឯកទេសបេះដូងរុងរឿង


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 26, 2022

    ហេតុ​អ្វីត្រូវ​ចាប់ផ្ដើមវាស់សម្ពាធឈាម? អានលទ្ធផលបែបណា?

    ការវាស់សម្ពាធឈាមខ្លួនឯងជួយឱ្យយើងដឹងពីស្ថានភាពសម្ពាធឈាមរបស់យើងថា ល្អ លើស ខ្វះ ឡើង ឬចុះ ជាពិសេសអ្នកលើសសម្ពាធឈាមដែលត្រូវតាមដានសម្ពាធឈាមជាប្រចាំដើម្បីគ្រប់គ្រង​ជំងឺ។ តើ​សម្ពាធ​ឈាមជាអ្វី? មានឥទ្ធិពលយ៉ាងណាចំពោះសុខភាពយើង? យើងគួរវាស់​ឈាម​យ៉ាងម៉េច​ទើបត្រឹមត្រូវ? គួរវាស់សម្ពាធឈាមចាប់ពីអាយុប៉ុន្មាន?

    វេជ្ជបណ្ឌិត ស្រេង ឌីណា ឯកទេសជំងឺបេះដូង សរសៃឈាម និងជំងឺវេជ្ជសាស្រ្តទូទៅនៅមន្ទីរពេទ្យ​កាល់ម៉ែត និងគ្លីនិកឯកទេសបេះដូងរុងរឿងបានឱ្យដឹងថា សម្ពាធឈាមជាកម្លាំងនៃចរន្តឈាម​ដែលមានឥទ្ធិពលទៅលើជញ្ជាំង​ខាងក្នុងនៃ​សរសៃឈាម​​ ហើយប្រែប្រួលទៅតាម​ចង្វាក់​បេះដូងរបស់យើង (ពេលបេះដូងកន្រ្តាក់ និង​រលា)។

    ពេលបេះដូងកន្រា្តក់​បង្កើត​បានសម្ពាធឈាម​ស៊ីស្តូលិក (Systolic blood pressure) និងពេល​បេះដូង​រលា​បង្កើត​បានជា​សម្ពាធ​ឈាម​ដ៉្យាស្តូលិក (Diastolic blood pressure)។

    កាលណាសម្ពាធឈាមកាន់តែខ្ពស់ កម្លាំងឈាមដែលបុកនឹងជញ្ជាំងសរសៃឈាមកាន់តែខ្លាំងដែរ។

    ១. វិធីវាស់សម្ពាធឈាមត្រឹមត្រូវ

    • មុនវាស់សម្ពាធឈាមយើងចាំបាច់ត្រូវសម្រាកឱ្យបានយ៉ាងតិច ៥ ទៅ ១០ នាទី​ដើម្បី​ឱ្យ​បាត់​ហត់
    • ចៀសវាងជក់បារី ញុំាកាហ្វេ ឬហាត់ប្រាណយ៉ាងហោចកន្លះម៉ោងមុនវាស់​សម្ពាធឈាម
    • ពេលវាស់សម្ពាធឈាមយើងត្រូវសម្រួលអារម្មណ៍ កុំគិតច្រើន កុំភ័យ ឬខឹង ព្រោះបណ្តាលឱ្យសម្ពាធ​​​ឈាម​​​យើង​​ឡើង
    • ពេលវាស់សម្ពាធឈាមយើងត្រូវសម្រាកឱ្យស្រួលដោយអាចអង្គុយ​ឱ្យត្រង់ខ្លួន ឬគេង ហើយ​ដាក់​ដៃឱ្យស្មើនឹងកម្រិតបេះដូង រួចចុចម៉ាស៊ីនវាស់សម្ពាធឈាម
    • យើងគួរវាស់ឱ្យបានពីរដង បានន័យថា វាស់ម្តងហើយ ពីរបីនាទីទៀតយើងវាស់ម្តងទៀត ហើយ​សម្ពាស​ឈាមនៃការវាស់ទំាងពីរលើកអាចខុសគ្នាតិចតួច តែយើងយកលទ្ធផល​ទីពីរជាលទ្ធផល​ផ្លូវការ។
    វេជ្ជបណ្ឌិត ស្រេង ឌីណា
    វេជ្ជបណ្ឌិត ស្រេង ឌីណា ឯកទេសជំងឺបេះដូង សរសៃឈាម និងជំងឺវេជ្ជសាស្រ្តទូទៅនៅមន្ទីរពេទ្យ​កាល់ម៉ែត និងគ្លីនិកឯកទេសបេះដូងរុងរឿង

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ២. របៀបអានលេខនៅលើម៉ាស៊ីនវាស់សម្ពាធឈាម

    ជាទូទៅលេខលើម៉ាស៊ីនវាស់សម្ពាធឈាមមានបីជួរ៖

    • លេខជួរទី ១ ហៅថាស៊ីស្តូលិក៖ កម្រិតសម្ពាធឈាមពេល​បេះដូង​ច្របាច់ ឬកម្រិត​សម្ពាធ​អតិបរមា
    • លេខជួរទី ២ ហៅថាដ៉្យាស្តូលិក៖ កម្រិតសម្ពាធឈាមពេល​បេះដូង​រលា ឬកម្រិតសម្ពាធ​ឈាម​អប្បបរមា
    • លេខជួរទី ៣ ហៅថាជីពចរ៖ ចង្វាក់បេះដូងក្នុងមួយនាទី​ (ចំនួន​​បេះដូងលោតក្នុងមួយនាទី)

    ពេលវាស់សម្ពាធឈាម យើងមើលទាំងស៊ីស្តូលិក និងដ៉្យាស្តូលិក។ សម្ពាធ​ឈាម​ចែកចេញ​ជាបី​ប្រភេទ​គឺ៖

    សម្ពាធឈាមធម្មតា (ល្អ)៖ សម្ពាធឈាមស៊ីស្តូលិកនៅចន្លោះពី ១១០ ទៅ ១៣៩ មិល្លីម៉ែត្រ​បារត ហើយសម្ពាធឈាមដ៉្យាស្តូលិកអាចចន្លោះពី ៧០ ទៅ ៨៩ មិលីម៉ែត្របារត

    លើសសម្ពាធឈាម (មានជំងឺលើសសម្ពាធឈាម)៖ សម្ពាធឈាម​ស៊ីស្តូលិក​លើសពី ១៤០ មិល្លីម៉ែត្របារតឡើង ឬសម្ពាធឈាមដ៉្យាស្តូលិក​លើស​ពី ៩០ មិល្លីម៉ែត្របារតឡើង

    សម្ពាធឈាមចុះទាប (វិលមុខ ស្រវាំងភ្នែក ខ្សោយ …)៖ សម្ពាធឈាម​ស៊ីស្តូលិកទាបជាង ៩០ មិល្លីម៉ែត្របារត ហើយសម្ពាធឈាមដ៉្យាស្តូលិកទាប​ជាង ៦០ មិល្លីម៉ែត្របារត។

    យើងទម្លាប់ហៅខ្នាតមួយទៀតហៅថា សង់ទីម៉ែត្របារត។ ឧទាហរណ៍ សម្ពាធឈាម ៨ (សង់ទីម៉ែត្របារត) មានន័យ​ថា ៨០ មិល្លីម៉ែត្របារត ហើយភាគច្រើនយើងចាប់អារម្មណ៍តែលេខខាងលើទេ តែមែនទែនទៅ យើង​ត្រូវមើលទាំង​បី​លេខ ជាពិសេសលេខជួរទី ១ និងទី ២។ ម្យ៉ាងទៀត​សម្ពាធឈាមជាក់ស្តែង​​មិនមែនគត់ៗទេ អាច ៨២ ៩៣ ឬ១២២ ជាដើម។

    លោកវេជ្ជបណ្ឌិតបន្ថែមថា សម្ពាធឈាមធម្មតាគឺទាបជាង ១៤០/៩០ មិល្លីម៉ែត្របារត ហើយអាចប្រែប្រួលទៅតាមបុគ្គលម្នាក់ៗ។ ឧទាហរណ៍ អ្ននខ្លះមានសម្ពាធឈាមត្រឹមតែ ១០០ មិល្លីម៉ែត្របារត អ្នកខ្លះបានត្រឹមតែ ៩៥ មិល្លីម៉ែត្របារត ហើយអ្នកខ្លះបានត្រឹមតែ ៩០ មិល្លីម៉ែត្របារត។

    ៣. វ័យគួរវាស់សម្ពាធឈាម

    ជាទូទៅចំពោះមនុស្សពេញវ័យគួរតាមដានសម្ពាធឈាមនៅអាយុ ១៨ ឆ្នាំឡើងទៅ ហើយចំពោះ​អ្នក​ដែលមិនដែរមានបញ្ហាសុខភាព ឬកត្តាប្រឈមមានជំងឺសរសៃឈាមបេះដូង​គួរវាស់សម្ពាធ​ឈាម​រៀងរាល់ឆ្នាំ ឬពីរឆ្នាំម្តង។

    ដោយឡែកអ្នកមានអាយុចាប់ពី ៤០ ឆ្នាំឡើងដែលមានន័យថា ចាប់ផ្តើមមានកត្តាប្រឈម​នឹង​ជំងឺ​បេះដូង ឬសរសៃ​ឈាមបេះដូងហើយ ឬអ្នកដែលអាយុក្រោម ៤០ ឆ្នាំដែលធាត់ ជក់បារី ឬមានបញ្ហា​លើសជាតិខ្លាញ់​ក្នុងឈាមគួរតាម​ដានសម្ពាធឈាមឱ្យបានញឹកញាប់ អាចមួយឆ្នាំម្តង ឬតាមការ​កំណត់​របស់គ្រូពេទ្យ។

    យើងគួរវាស់ និងតាមដានសម្ពាធឈាមជាប្រចាំទៅតាមការណែនាំរបស់គ្រូពេទ្យដើម្បីតាមដានសុខភាព ព្រោះជំងឺលើសសម្ពាធឈាមជាឃាតករលាក់មុខ ហើយការព្យាបាលជំងឺនៅដំណាក់កាលស្រាលមានការងាយស្រួល និងចំណាយតិច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជបណ្ឌិត ស្រេង ឌីណា

    ជំងឺបេះដូង · គ្លីនិកឯកទេសបេះដូងរុងរឿង


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម