នុ៎ះ! កុំចេះ​តែ​មិន​អី អត់ការ​ពារ​ពេលអីៗជាមួយ​សង្សារ ​ប្រយ័ត្ន​ឆ្លងជំងឺ​សាហាវនេះ

ដោយ ត្រួតពិនិត្យដោយ Chan Sineth.

រលាក​ថ្លើម​ជា​ជំងឺ​​សាហាវ​ ងាយ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ ពិសេស​តាម​ការ​រួមភេទ​ និង​ប៉ះពាល់​ឈាម​។ គ្នា​យើង​ ដឹង​ជំងឺ​នេះ​មាន​ប៉ុន្មាន​ប្រភេទ​អត់? ករណី​ឆ្លង​ខុសៗ​គ្នា​យ៉ាង​ម៉េច​ខ្លះ?

ជំងឺ​រលាក​ថ្លើមយ៉ាង​ហោច​​មាន ៥ ប្រភេទ​ផ្សេងៗ​​គ្នា ប៉ុន្តែ​ប្រភេទ​ឧស្សាហ៍​ជួប ​មាន​ រលាក​ថ្លើម​ប្រភេទ A ប្រភេទ B និង C ។ នេះជាអ្វីដែល​យើង​គួរ​ដឹង និង​ការពារ៖

១- រលាកថ្លើមប្រភេទ A

ឆ្លង​តាម​ការប៉ះ​ជា​មួយ​លាមក ក្បែរ​លាមក ឬ​ក្បែរ​រន្ធគូទដែលផ្ទុក​មេរោគ ទោះ​​មេរោគ​តិច​​ ឬពិនិត្យ​មិន​ឃើញ​ក្នុង​លាមក​ក៏​ដោយ​​។ ឆ្លង​តាម​​ការ​រួម​ភេទ (ទ្វារមាស មាត់ និង​រន្ធគូទ) បើ​​ដៃ​គូ​មាន​ផ្ទុក​មេរោគ។ ទោះ​បី​ការ​ពារដោយ​ស្រោម​អនាម័យ​ ក៏​នៅ​តែ​ឆ្លង​​ដែរ ហើយ​មធ្យោបាយ​​មាន​ប្រសិទ្ធភាព​បំផុត គឺ​ចាក់​ថ្នាំ​បង្ការ។ សម្រាប់ប្រុសៗស្រលាញ់​ភេទ​ដូច​គ្នា ​គួរ​ចាក់​ថ្នាំ​បង្ការ​រលាក​ថ្លើម​ប្រភេទ A។

២- រលាកថ្លើមប្រភេទ B

​ឆ្លង​តាម​ការ​រួម​ភេទ​ ​ឈាម​ ហើយងាយ​ឆ្លងជាង​​អេដស៍ទៀត។ មេរោគ​រលាក​ថ្លើម​ប្រ​ភេទ B មាន​ក្នុង​ទឹក​រម្អិល​​ប្រដាប់ភេទ​នារី ទឹក​មាត់ ​និង​ទឹក​កាម ហើយ​ភាគ​ច្រើន​ឆ្លង​​ទៅ​លើ​គ្នា​យើងដែល​មិន​បាន​ចាក់​ថ្នាំ​បង្ការ មាន​ដៃ​គូ​រួមភេទ​ច្រើន ឬដៃគូ​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ។

កាន់​ដៃ ឱប ឬ​ថើប​មាត់​ធម្មតា (មិន​មែន​បឺត​មាត់) មិន​អាច​ឆ្លង​​ទេ ទោះ​ជា​​ទឹក​មាត់​មាន​មេរោគ​ក៏​ដោយ ព្រោះមិនមាន​ការ​អះអាង​ជាក់​លាក់ថាឆ្លង​តាម​ទឹក​មាត់​។ ​បើ​​ដៃ​គូយើង​ពាក់​ដែក​គាប​ធ្មេញ​ ឬ​មាន​ដាច់​រលាត់​ក្នុង​មាត់ អាច​ប្រឈម​កាន់​តែ​ខ្ពស់ ​​ពេល​បឺត​មាត់​គ្នា។ វិធីការ​ពារ​មានប្រសិទ្ធភាព​បំផុត ​គឺ​ចាក់​ថ្នាំ​បង្ការ។

៣- រលាកថ្លើមប្រភេទ C

ឆ្លង​តាម​ការ​ប៉ះ​ពាល់​​ឈាម ​រួម​ភេទ ដំបៅ​ ​​ដាច់​រលាត់​ប្រដាប់​ភេទ ​ឬ​ប៉ះឈាម​រដូវស្រីៗដែល​មាន​ផ្ទុក​មេរោគ។ ឱកាស​​ឆ្លង​កាន់​តែ​ខ្ពស់ បើ​​យើង​មាន​ជំងឺ​កាម​រោគ​ផ្សេងៗ ផ្ទុក​មេរោគ​អេដស៍ និងមាន​ដៃ​គូ​រួម​ភេទ​ច្រើន (​ច្រើន​ជាង​ ៥ នាក់​ក្នុង​មួយ​ឆ្នាំ) រួម​ភេទ​បែប​គំហុក ឬ​កត្តា​ទាំង​នេះ​ផ្សំ​គ្នា។

ជំងឺ​នេះ​គ្មាន​វ៉ាក់សាំង​ការពារ​ទេ​ ហើយវិធី​ការ​ពារ​ល្អ​បំផុត​ គួរ​ចៀស​វាង​ទង្វើ​ណាដែល​ប្រឈម​នឹងហានិភ័យ​ឆ្លង​។ “Hello គ្រូពេទ្យ” លើក​ទឹក​ចិត្តគ្នា​យើង​ ដែល​សង្ស័យ​ខ្លួន​ឯង គួរ​ទៅ​ពិនិត្យ​រក​មើល​មេរោគ​នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 26, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 26, 2019

ប្រភព
អ្នកអាចចូលចិត្ត