មានម៉ាក់ៗមួយចំនួនឆ្ងល់ថា បើអាអូនមានបញ្ហាផ្ចិតលៀន ឬក្លនលើផ្ចិតកូន អាចមានផលប៉ះពាល់ដល់សុខភាពកូនដែរទេ? ហើយវាអាចបាត់ទៅវិញដោយខ្លួនឯងដែរអត់?
ពិតណាស់ បញ្ហាផ្ចិតលៀនតែងកើតឡើងជាញឹកញាប់លើទារក និងកុមារតូចៗ ហើយជាពិសេសគឺទារកដែលកើតមិនគ្រប់ខែ។ ជាទូទៅ ផ្ចិតលៀនមានរាងជាដុំពកដែលគ្មានការឈឺចាប់ ឬនៅជិតនឹងផ្ចិតរបស់ទារក។ វាអាចរីកមាឌនៅពេលដែលអាអូនសើច ក្អក យំ ឬបន្ទោបង់ និងរួមតូចទៅវិញ នៅពេលដែលកូនគេង។
ភាគច្រើនបញ្ហាផ្ចិតលៀនអាចបាត់ទៅវិញដោយខ្លួនឯង នៅពេលដែលកូនមានអាយុ៤ឬ៥ឆ្នាំ។
ម៉េចបានទារកកើតមកមានបញ្ហាផ្ចិតលៀន?
រង្វង់ទងផ្ចិតគឺជាសាច់ដុំដែលព័ទ្ធជុំវិញផ្ចិត។ អំឡុងពេលពពោះ ទងផ្ចិតហូរតាមរង្វង់ទងផ្ចិតដើម្បីនាំឈាម និងសារធាតុចិញ្ចឹមដល់ទារកដែលកំពុងលូតលាស់ ហើយរង្វង់ទងផ្ចិតនឹងបិទជិតក្រោយសម្រាល ប៉ុន្តែប្រសិនបើវាមិនបិទជិតត្រឹមត្រូវទេនោះ អាអូនអាចជួបបញ្ហាប៉ោងនៅជិតផ្ចិត ជាពិសេសនៅពេលដែលទារកយំ ឬក្អក។
[embed-health-tool-child-growth-chart]
ពេលណាដែលគួរជួបជាមួយនឹងគ្រូពេទ្យ?
តាមធម្មតា ផ្ចិតលៀនអាចនឹងបាត់ទៅវិញដោយមិនចាំបាច់ធ្វើការវះកាត់នោះទេ ប៉ុន្តែប៉ាម៉ាក់គួរតាមដានពីការប្រែប្រួលនៅលើផ្ចិតរបស់ទារក។ ប្រសិនបើផ្ចិតកូននៅតែលៀនមិនបាត់ក្រោយអាអូនអាយុ៥ឆ្នាំ ប៉ាម៉ាក់គួរនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យ ឬក្នុងករណីដែល៖
- ផ្ចិតលៀនកាន់តែធំ មានហើម ឬរឹង
- ផ្ចិតលៀនចេញនៅពេលដែលទារកគេង និងមិនអាចសង្កត់ឲ្យចូលក្នុងបាន
- កូនមានអាការៈឈឺចាប់នៅពេលប៉ះផ្ចិត
- ស្បែកនៅលើផ្ចិតដែលលៀនមានពណ៌ក្រហម ឬខ្មៅជាងធម្មតា។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?