គ្មានអ្វីរំភើបរីករាយជាងបានឃើញមុខកូនដំបូងនោះទេ ពេលនោះការឈឺចាប់របស់ម្តាយទាំងប៉ុន្មាន ប្រែជារសាយបាត់អស់។ ទន្ទឹមនឹងរីករាយ ភារៈយើងជាម៉ាក់ប៉ាត្រូវថែទាំកូនឲ្យបានល្អ ដោយហេតុថា ពេលកើតភ្លាមៗ កូនយើងអាចប្រឈមនឹងបញ្ហាសុខភាពច្រើន។
ពេលកូនមកភ្លាម គ្រូពេទ្យផ្នែកសម្ភព នឹងណែនាំឲ្យធ្វើរឿងទាំងប៉ុន្មានខាងក្រោមនេះ៖
១. ត្រូវបំបៅដោះកូនភ្លាម
ការបំបៅដោះកូនភ្លាមៗ ឬប៉ុន្មានម៉ោងដំបូងនៃជីវិតរបស់ពួកគេ អាចឲ្យកូនទទួលបានទឹកដោះដំបូង ដែលជាអង់ទីករសំខាន់សម្រាប់ការពារកុមារមិនឲ្យឆ្លងជំងឺផ្សេងៗ។ ទឹកដោះដំបូងមានសភាពខាប់ ពណ៌ថ្លា ឬលឿងប្រឿងៗ ហើយវាមានជាតិប្រូតេអ៊ីនខ្ពស់ ខ្លាញ់ វីតាមីនរលាយក្នុងខ្លាញ់ ជាតិរ៉ែ និងសារធាតុចិញ្ចឹមផ្សេងៗ។ បន្ទាប់នោះម៉ាក់ៗត្រូវបន្តបំបៅដោះកូនឲ្យបានយ៉ាងតិចក៏ ៦ខែដែរ នេះបើតាមគោលការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាក្រសួងសុខាភិបាល។
២. ត្រូវឲ្យកូនគេងផ្អៀង
ទារកទើបកើត អាចមិនទាន់អស់ទឹកភ្លោះពីក្នុងខ្លួន ម្ល៉ោះហើយគ្រូពេទ្យតែងតែងណែនាំឲ្យគេងផ្អៀង ដើម្បីឲ្យទឹកភ្លោះនោះហៀរចេញតាមមាត់ បង្ការការឈ្លក់។ ការគេងផ្អៀងនោះទៀតសោត ម៉ាក់ប៉ាអាចឲ្យគេងម្តងផ្អៀងមកខាងឆ្វេង ម្តងផ្អៀងមកខាងស្តាំ បង្ការការខូចទ្រង់ទ្រាយក្បាលកូន។
៣. មិនត្រូវបន្តក់ទឹកឲ្យកូនញ៉ាំ
តាមទម្លាប់ពីបុរាណ គឺតែងតែបន្តក់ទឹកឲ្យកូន នៅពេលកូនឃ្លាន ឬក៏ក្រោយបៅរួច ដោយបារម្ភខ្លាចកូនស្រេកទឹក ខះកជាដើម។ តែតាមការណែនាំរបស់ក្រសួងសុខាភិបាល ហាមការបន្ថែមទឹកទៅឲ្យកូនអាយុក្រោម ៦ខែ ទោះជាទឹកនោះជាទឹកស្អាតក៏ដោយ ដោយហេតុថា ទឹកដោះម្តាយមានជាតិទឹកគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់កូន ឯករណីកូនស្រេកទឹក ម៉ាក់ៗអាចឲ្យកូនបៅដោះជំនួសបាន។
៤. ត្រូវថែទាំទងផ្ចិតឲ្យបានល្អ
ការថែទាំទងផ្ចិតកូនជារឿងសំខាន់ បើថែទាំបានល្អ ទងផ្ចិតមិនមានដំបៅខ្ទុះ ឆាប់ក្រៀមជ្រុះចេញពីផ្ចិតដោយឯកឯងក្នុងអំឡុង ៥-១៥ ថ្ងៃក្រោយសម្រាល។ ក្រោយពេលងូតទឹករួច ម៉ាក់ប៉ាត្រូវធ្វើអនាម័យ និងជូតសម្អាតទងផ្ចិតកូនឲ្យស្ងួត បន្ទាប់មកលាបថ្នាំមេតាឌីន និងមិនត្រូវរុំកន្ទប ឬខោទឹកនោមពីលើ។ ក្នុងនោះហាមដាច់ខាតយកផេះ ដីដំបូក ឬម្សៅហុយ មករោយលើផ្ចិត ពីព្រោះវាអាចបង្កទៅជាជំងឺតេតាណូស។
៥. ត្រូវយកកូនទៅហាលថ្ងៃពេលព្រឹក
នៅប៉ុន្មានថ្ងៃដំបូង ខ្លួនប្រាណទារកអាចនឹងឡើងលឿងបន្តិចបន្តួច ហើយបាត់ទៅវិញនៅ ១សប្តាហ៍ក្រោយសម្រាល ចំពោះទារកកើតគ្រប់ខែ តែភាពលឿងនេះអាចបន្តនៅយូរលើទារកកើតមិនគ្រប់ខែ និងអាចឈានទៅពិការខួរក្បាល ថ្លង់ ឬស្លាប់ បើព្យាបាលមិនទាន់ពេល។ ដំណោះស្រាយពេលកូនកើតមានជំងឺលឿង យើងត្រូវយកកូនទៅហាលថ្ងៃពេលព្រឹក ព្រោះពន្លឺថ្ងៃមានកាំរស្មីអ៊ុលត្រាវីយូឡេ (UV) ជួយឲ្យប៊ីលីរុយប៊ីនទាំងនោះអាចចេញតាមទឹកនោមបាន និងកាត់បន្ថយជាតិលឿងរបស់ទារក។
[embed-health-tool-vaccination-tool]