ក្បាលធំលើទារកកើតឡើង នៅពេលដែលទារកមានទំហំក្បាលធំជាងធម្មតា ២ដងបើធៀបទៅនឹងទំហំក្បាលទារកដែលមានអាយុគត៌ ភេទ និងជាតិសាសន៍ដូចគ្នា ។ ភាគច្រើនក្បាលរបស់ទារកនឹងធំលឿនខុសធម្មតាក្នុងរយៈពេលប៉ុន្មានខែដំបូងបន្ទាប់ពីសម្រាល និងមានទំហំក្បាលធម្មតានៅអាយុ ១៨-២៤ ខែ។ ហេតុអ្វីទារកខ្លះមានក្បាលធំ?
ជាធម្មតាក្បាលធំគឺជារោគសញ្ញានៃជំងឺផ្សេងទៀត។ ទារកមានក្បាលធំមកពី៖
១. ទឹកដក់ក្នុងខួរក្បាល
ជំងឺទឹកដក់ក្នុងខួរក្បាល គឺជាបញ្ហាសុខភាពដែលមានសារធាតុរាវនៅក្នុងលលាដ៍ក្បាល ជាលទ្ធផលវាបណ្តាលឱ្យខួរក្បាលហើម។ ការមានសារធាតុរាវក្នុងលលាដ៍ក្បាលច្រើនបានបន្ថែមសម្ពាធដល់ខួរក្បាលដែលបណ្តាល ឱ្យខូចខួរក្បាល ព្រមទាំងផ្តល់ផលវិបាកដល់សុខភាពជាច្រើន។
២. កត្តាតំណពូជ
ប្រសិនបើទារកដែលមានក្បាលធំមានប្រវត្តិគ្រួសារមានទំហំក្បាលធំជាងធម្មតា នោះទារកក៏ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានក្បាលធំដែរ តែស្ថានភាពទារកមិនធ្ងន់ធ្ងរទេ ហើយអាចនឹងមិនជួបប្រទះបញ្ហាសុខភាពអ្វីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយក្បាលធំមានទំនាក់ទំនងនឹងជំងឺអូទីស្សឹម ក្មេងដែលមានក្បាលធំអាចមានអត្រាខ្ពស់ក្នុងការកើតជំងឺអូទីស្សឹម។
៣. បញ្ហានៅក្នុងខួរក្បាល
បញ្ហាក្នុងខួរក្បាលដូចជាដុំសាច់ក្នុងខួរក្បាលអាចបណ្តាលឱ្យទារកមានក្បាលធំ។ Megalencephaly (នៅពេលទារកមានខួរក្បាលធំ និងដំណើរការខុសប្រក្រតី) និងជំងឺ hydranencephaly (ជំងឺខួរក្បាលដែលអត់មានថ្នេរនៅក្នុងខួរក្បាល ហើយត្រូវបានជំនួសដោយថង់ទឹកដែលផ្ទុកទៅដោយខួរឆ្អឹងខ្នង) ក៏អាចបណ្តាលឱ្យទារកមានក្បាលធំផងដែរ។
៤. ការហូរឈាមខាងក្នុងខួរក្បាល
ការប៉ះទង្គិច ឬរបួសលលាដ៍ក្បាលអាចបណ្តាលឱ្យមានការហូរឈាមខាងក្នុង និងហើមខួរក្បាលក៏អាចបណ្តាលឱ្យមានក្បាលធំបណ្តោះអាសន្នដែរ។
៥. ការបង្ករោគនៅក្នុងខួរក្បាល
ការឆ្លងមេរោគក្នុងខួរក្បាលអាចបណ្តាលឱ្យខួរក្បាល និងលលាដ៍ក្បាលហើម ជាលទ្ធផលធ្វើឱ្យទារកមានក្បាលធំ។
ចង់ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ
មូលហេតុមួយចំនួនទៀតដែលបណ្តាលឱ្យទារកមានក្បាលធំមាន៖
- ជំងឺឆ្អឹងទន់ ឬខ្សោយដោយសារកង្វះវីតាមីន D
- Sotos syndrome ធ្វើឱ្យរាងកាយលូតលាស់លឿនហួសប្រមាណក្នុងអំឡុងពេលពីរបីឆ្នាំដំបូងនៃជីវិត។
- ចង្កោមរោគសញ្ញាជំងឺមេតាប៉ូលីស
- ជំងឺកកឈាមក្នុងខួរក្បាលរ៉ាំរ៉ៃ
- កត្តាតំណពូជ
តើក្បាលធំមានរោគសញ្ញាអ្វីខ្លះ?
ក្នុងករណីក្បាលធំបណ្តាលមកពីកត្តាតំណពូជ គឺគ្មានរោគសញ្ញាអ្វីក្រៅពីក្បាលធំទេ ប៉ុន្តែប្រសិនបើទារកមានក្បាលធំដោយសារលក្ខខណ្ឌសុខភាព ទារកអាចមានរោគសញ្ញាដូចខាងក្រោម៖
- បង្ហើយក្បាលប៉ោងធំ
- ក្អួត ឬមិនសូវបៅ
- ចលនាភ្នែកមិនប្រក្រតី
- មានកាយវិការមិនប្រក្រតី
- ងងុយគេងខ្លាំង
- ឆាប់មួម៉ៅ ឬខឹង
- មានការលូតលាស់រាងកាយ និងខ្សោយប្រាជ្ញា
- ក្បាលធំលឿនជាងធម្មតា
- មានជំងឺឆ្កួតជ្រូក
- មានជំងឺអូទីស្សឹម
រហូតមកដល់ពេលនេះអ្នកវិទ្យាសាស្ត្រមិនទាន់មានវិធានការណ៍ការពារជំងឺក្បាលធំលើទារកទេ ប៉ុន្តែកុមារដែលមានក្បាលធំដែលបណ្តាលមកពីកត្តាតំណពូជមិនត្រូវការការព្យាបាលទេ ព្រោះពួកគេអាចធំឡើងធម្មតា និងមិនមានបញ្ហាសុខភាពអ្វីឡើយ។
[embed-health-tool-vaccination-tool]