២. HMOs
HMOs ជាសារធាតុប្រ៊ីបាយអូទិក (Prebiotics) ពិសេសមួយដែលគេរកឃើញមាននៅក្នុងទឹកដោះម្ដាយ ហើយសារធាតុនេះជួយចិញ្ចឹមបាក់តេរីល្អក្នុងក្រពះពោះវៀន ដែលជាកន្លែងប្រមូលផ្ដុំប្រព័ន្ធការពាររាងកាយប្រហែលជា ៧០ ភាគរយ នៃប្រព័ន្ធការពាររាងកាយដែលមាន។ HMOs ក៏ជាសារធាតុទី 3 សំខាន់ដែលមាននៅក្នុងទឹកដោះម្ដាយ បន្ទាប់ពីជាតិខ្លាញ់ និងឡាក់តូស(lactose )។ HMOs ក្រៅពីមាននៅក្នុងទឹកដោះម្ដាយ ក៏មាននៅក្នុងផលិតផលទឹកដោះគោម្សៅផងដែរ។
ការសិក្សាបង្ហាញថា HMOs ជួយជំរុញបរិមាណបាក់តេរីល្អនៅក្នុងក្រពះពោះវៀន ដែលនេះជាប្រយោជន៍ដល់សុខភាពរាងកាយទាំងមូលមិនថាមនុស្សធំ ឬកុមារ។ បាក់តេរីល្អនៅក្នុងក្រពះពោះវៀនបានដើរតួដោយផ្ទាល់ និងដោយប្រយោលលើប្រព័ន្ធភាពស៊ាំ ដោយជួយជំរុញដល់ការបង្កើនប្រព័ន្ធការពាររាងកាយ និងជួយគ្រប់គ្រងប្រតិកម្មនៃការរលាក និងជួយជំរុញការឆ្លើយតបរបស់ប្រព័ន្ធការពាររាងកាយផងដែរ។
ការសិក្សាផ្សេងទៀតធ្វើលើស្រ្តីបំបៅដោះកូនចំនួន ៨២រូប បានរកឃើញដែរថា HMOs ក៏ទំនងជាជួយដល់ផ្នែកខួរក្បាល និងបញ្ញាស្មារតីកូនផងដែរ។ ការសិក្សាបានរកឃើញថា 2′-FL 6′-SL និង HMOs រួមបញ្ចូលគ្នាមានប្រយោជន៍ដល់ការអភិវឌ្ឍខួរក្បាល។ ការសិក្សាបញ្ជាក់ថាកម្រិតនៃ 2′-FL 6′-SL និង HMOs កាន់តែច្រើននោះការលូតលាស់ផ្នែកបញ្ញាស្មារតីរបស់កូនក៏លូតលាស់កាន់តែល្អទៅតាមហ្នឹងដែរ។
៣. លូទីន DHA និងវីតាមីន E ធម្មជាតិ
សារធាតុទាំង៣ នេះក៏មានសារសំខាន់សម្រាប់សុខភាពកូនដែរ គឺជួយដល់សុខភាពភ្នែក និងការអភិវឌ្ឍខួរក្បាល។ DHA មាននៅក្នុងទឹកដោះម្ដាយ ហើយលូទីនវិញមាននៅក្នុងបន្លែដូចជាស្ពៃពួយលេង ស៊ុត ពោត និងម្ទេសប្លោកជាដើម។ ម៉ាក់ៗដែលបំបៅកូនដោយទឹកដោះអាចបន្ថែមបន្លែប្រភេទនេះក្នុងរបបអាហារខ្លួនដើម្បីឲ្យបានលូទីនសម្រាប់កូនគ្រប់គ្រាន់ ឬបើកូនអាចញ៉ាំអាហាររឹងបានគួរឲ្យកូនញ៉ាំបន្លែទាំងនេះ។