ឧស្សាហ៍ឈឺចាប់នៅកែងជើង ស្មា អាចជាជំងឺរលាកសាច់ដុំសរសៃពួរ
សរសៃពួរ ជាគ្រោងសរសៃ ដែលភ្ជាប់សាច់ដុំទៅកាន់ឆ្អឹង។ នៅពេលដែលសាច់ដុំរបស់យើងហើម ឬរលាក វាត្រូវបានហៅថាជាជំងឺរលាកសាច់ដុំសរសៃពួរ។ មូលហេតុបង្ក ជំងឺនេះកើតឡើងបណ្ដាលមកពីការរងរបួស ឬការប្រើប្រាស់សាច់ដុំសរសៃពួរហួសកម្រិត ហើយការលេងកីឡា ជាមូលហេតុចម្បងមួយ។ មួយវិញទៀត វាក៏អាចកើតឡើងនៅពេលដែលយើងចូលវ័យចំណាស់ ដោយសារតែសរសៃពួរបាត់បង់ភាពយឺត ឬការកើតជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ឬជំងឺទឹកនោមផ្អែមជាដើម។ ជាក់ស្ដែង ជំងឺរលាកសាច់ដុំសរសៃពួរកើតឡើងនៅក្នុងសរសៃពួរណាមួយ ហើយច្រើនកើតឡើងជាទូទៅចំពោះ៖ កែងដៃ កែងជើង ជង្គង់ ស្មា មេដៃ កដៃ តើរោគសញ្ញានៃជំងឺរលាកសាច់ដុំសរសៃពួរមានអ្វីខ្លះ? រោគសញ្ញានៃជំងឺរលាកសាច់ដុំសរសៃពួរអាចមានការប្រែប្រួលអាស្រ័យលើសកម្មភាព ឬមូលហេតុបង្ក។ រោគសញ្ញាចម្បង អាចរួមមាន៖ ឈឺចាប់នៅតាមសរសៃពួរ ដែលជាទូទៅកើតឡើងនៅជិតសន្លាក់ឆ្អឹង ឈឺចាប់នៅពេលយប់ ឈឺចាប់កាន់តែធ្ងន់ធ្ងរនៅពេលធ្វើចលនា ឬសកម្មភាព រឹងសាច់ដុំនៅពេលព្រឹក ហើម ជួនកាលមានកម្ដៅ ឬស្នាមក្រហម មានអារម្មណ៍ថាបាក់ នៅពេលធ្វើចលនាសរសៃពួរ។ យើងអាចការពារជំងឺរលាកសាច់ដុំសរសៃពួរដោយវិធីណា? ជៀសវាងធ្វើចលនាដដែលៗ និងប្រើប្រាស់ដៃ និងជើងច្រើនហួសប្រមាណ ធ្វើការកម្ដៅសាច់ដុំ មុននឹងធ្វើសកម្មភាពដែលប្រើកម្លាំងខ្លាំងក្លា ឈប់សម្រាកជារឿយៗ នៅពេលធ្វើលំហាត់ប្រាណដដែលៗ ជ្រើសរើសស្បែកជើងដែលស័ក្ដិសមសម្រាប់ការធ្វើលំហាត់ប្រាណ ឈប់សម្រាក ឬបញ្ឈប់សកម្មភាពភ្លាមៗ ប្រសិនបើមានអារម្មណ៍ឈឺចាប់។