ពិតណាស់ ស្រីៗយើងជាច្រើន ប្រឈមនឹងបញ្ហាដំណេក អំឡុងពេលពពោះ ដោយសារតែកត្តាផ្សេងៗ ដូចជាការប្រែប្រួលរូបរាងកាយ អ័រម៉ូន និងអារម្មណ៍រំភើប ក៏ដូចជាថប់បារម្ភក្នុងការក្លាយខ្លួនជាម៉ាក់ៗថ្មីថ្មោង។ ជាក់ស្ដែង មានស្ត្រីពពោះប្រហែលជា៥០% កើតជំងឺគេងមិនលក់។
ដូច្នេះហើយ ប្រសិនបើម៉ាក់ៗជួបបញ្ហាគេងមិនលក់នេះ គួរអនុវត្តន៍គន្លឹះមួយចំនួនដូចខាងក្រោម។
ហេតុអ្វីបានជាការគេងប្រែប្រួលអំឡុងពេលពពោះ?
ជំងឺគេងមិនលក់អំឡុងពេលពពោះ អាចបណ្ដាលមកពីកត្តាជាច្រើន ការប្រែប្រួលអ័រម៉ូន និងបញ្ហាមួយចំនួនទៀតដូចជា៖
- ចង្អោរ ឬក្អួត
- ឈឺសុដន់
- ចង្វាក់បេះដូងលោតញាប់
- ហត់
- សីតុណ្ហភាពរាងកាយឡើងខ្ពស់
- នោមញឹកញាប់នៅពេលយប់
- រមួលក្រពើនៅជើង
ម៉ាក់ៗក៏អាចជួបប្រទះនឹងបញ្ហាឈឺខ្នង ព្រមទាំងពិបាករកទីតាំងគេងដែលសមស្របនៅពេលដែលពោះកាន់តែធំទៅៗ ជាពិសេសនៅពេលដែលកូនក្នុងផ្ទៃធាក់នៅពេលយប់។ ទន្ទឹមនឹងនេះដែរ អាការៈថប់បារម្ភនៅពេលកៀកសម្រាល ក៏អាចរំខានដល់ការគេងដូចគ្នាដែរ។
ហេតុអ្វីបានជាការគេងមានសារៈសំខាន់ខ្លាំង អំឡុងពេលពពោះ?
ការគេងលក់ស្កប់ស្កល់មានសារៈសំខាន់ខ្លាំងណាស់ ទាំងចំពោះម៉ាក់ៗ និងទារកក្នុងផ្ទៃ។ ប្រសិនបើម៉ាក់គេងមិនឆ្អែត នោះនឹងនាំឲ្យអស់កម្លាំង ងងុយគេងនៅពេលថ្ងៃ ព្រមទាំងអាចប៉ះពាល់ដល់ការចងចាំ ចំណង់អាហារ អារម្មណ៍ និងការសម្រេចចិត្ត។ លើសពីនេះ ការគេងមិនលក់រ៉ាំរ៉ៃ ក៏អាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ មានទំនាក់ទំនងទៅនឹងជំងឺទឹកនោមផ្អែមពេលពពោះ សម្ពាធឈាមខ្ពស់ ព្រមទាំងបង្កើនហានិភ័យនៃជំងឺបម្រុងក្រឡាភ្លើងថែមទៀតផង។
[embed-health-tool-due-date]
គន្លឹះកាត់បន្ថយបញ្ហាគេងមិនលក់អំឡុងពេលពពោះ
១. ជ្រើសរើសទីតាំងគេងដ៏ត្រឹមត្រូវ
ការគេងផ្អៀងទៅខាងឆ្វេង និងអង្កុញជើងបន្តិច ជាឥរិយាបថគេងដ៏ល្អបំផុតនៅអំឡុងពេលពពោះ។ ឥរិយាបថនេះ អាចជួយសម្រួលលំហូរឈាមទៅកាន់បេះដូង តម្រងនោម និងស្បូន ក៏ដូចជាធ្វើឲ្យការបញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមដល់ទារកកាន់តែប្រសើរឡើង។ ប៉ុន្តែ យើងក៏អាចគេងផ្ទៀងទៅខាងស្ដាំដូចគ្នា ដោយប្រើប្រាស់ខ្នើយបន្ថែម ដើម្បីជួយឲ្យគេងលក់ស្រួល។ ជាមួយគ្នានេះដែរ ម៉ាក់ៗអាចកល់ខ្នើយ ដើម្បីទ្រក្បាលពោះ ឬបន្ថែមខ្នើយស្ដើងនៅចន្លោះជង្គង់ ដើម្បីជួយបន្ថយសម្ពាធលើខ្នងផ្នែកខាងក្រោម។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
២. រក្សាឥរិយាបថគេងឲ្យបានល្អអំឡុងពេលពពោះ
- គេងនៅក្នុងបន្ទប់គេងដែលត្រជាក់ ងងឹត និងស្ងប់ស្ងាត់ល្អ
- ចូលគេងឲ្យបានទៀងទាត់ និងកំណត់ម៉ោងគេងថ្ងៃឲ្យលឿនបន្តិច ដើម្បីកុំឲ្យរំខានដល់ការគេងពេលយប់
- អានសៀវភៅ ងូតទឹក ឬធ្វើសកម្មភាពងាយៗផ្សេងទៀត នៅមុនពេលចូលគេង
- ជៀសវាងញ៉ាំជាតិកាហ្វេអ៊ីន អាហារហឹរ ឬអាហារច្រើនជ្រុល មុនពេលចូលគេង ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺច្រាលទឹកក្រពះ
- បញ្ឈប់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ឲ្យបានយ៉ាងហោចណាស់រយៈពេលមួយម៉ោងមុនចូលគេង
- ហាត់ប្រាណជាទៀងទាត់
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់នៅពេលថ្ងៃ ប៉ុន្តែកាត់បន្ថយការញ៉ាំទឹកនៅមុនពេលចូលគេង ដើម្បីជៀសវាងចូលបន្ទប់ទឹកញឹកញាប់អំឡុងពេលគេង
- ប្រសិនបើម៉ាក់គេងមិនលក់ អាចធ្វើអ្វីផ្សេង រហូតទាល់តែមានអារម្មណ៍ងងុយគេង។