ស្រ្តីគ្រប់រូបទំនងជាមានអារម្មណ៍រំភើបមិនតិចទេពេលដឹងថាខ្លួនមានផ្ទៃពោះ ស្របពេលដែលអារម្មណ៍ភ័យខ្លាចមួយចំនួនក៏កើតមានពេលគិតដល់ពេលសម្រាលដែលអាចមានគ្រោះថ្នាក់ដល់អាយុជីវិត ខណៈប្រទេសកំពុងអភិវឌ្ឍន៍ និងក្រីក្រប្រឈមនឹងការស្លាប់នេះច្រើន។
តើមរណមាតាជាអ្វី?
មរណមាតា សំដៅដល់ការស្លាប់របស់ស្ត្រីទាក់ទងទៅនឹងការមានផ្ទៃពោះ ហើយការស្លាប់អាចកើតមានអំឡុងពេលស្ត្រីពពោះ ពេលសម្រាលកូន ឬក្រោយពីសម្រាល៤២ថ្ងៃ និងការរំលូតកូនជាដើម។ ប៉ុន្តែបើស្រ្តីមានផ្ទៃពោះស្លាប់ដោយសារតែឧប្បត្តិហេតុ ឬបញ្ហាសុខភាពផ្សេងៗមិនទាក់ទងនឹងការពពោះ មិនចាត់ទុកជាមរណមាតាទេ។ តាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO)ក្នុងឆ្នាំ២០១៧ បានបង្ហាញថាស្ត្រីជាង៨៣០នាក់បានស្លាប់ជារៀងរាល់ថ្ងៃជុំវិញពិភពលោកដោយសារបញ្ហាកើតឡើងពេលមានផ្ទៃពោះ និងសម្រាលកូន ហើយភាគច្រើននៃការស្លាប់នេះមាននៅប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍន៍ ហើយគ្រោះថ្នាក់ទាំងនេះសុទ្ធតែអាចបញ្ចៀសបាន។
មូលហេតុបង្កមរណមាតា
នៅប្រទេសដែលមានការថែទាំសុខភាពត្រឹមត្រូវ ផលវិបាកដែលកើតពីការមានផ្ទៃពោះ និងមរណមាតាកម្រកើតមានណាស់ ព្រោះបញ្ហាដែលកើតអំឡុងពេលពពោះ ពេលសម្រាលកូន និងក្រោយសម្រាលកូនអាចព្យាបាលបាន និងបង្ការបាន។ ប៉ុន្តែនៅប្រទេសខ្លះទៀត ស្ថានភាពទាំងនេះពិតជាគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះ។ ខាងក្រោមនេះជាមូលហេតុនៃមរណមាតា៖
១. ការធ្លាក់ឈាមក្រោយសម្រាល (Postpartum Hemorrhage)
ការធ្លាក់ឈាមក្រោយសម្រាលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនជាមិនមានគ្រូពេទ្យជំនាញជួយបញ្ឈប់ការធ្លាក់ឈាម។
២.ការលើសសម្ពាធឈាម និងជំងឺក្រឡាភ្លើង (Eclampsia)
ការតាមដានសុខភាព និងធ្វើតេស្ដអាចរកឃើញបញ្ហាដូចជាការលើសសម្ពាធឈាម និងប្រូតេអ៊ីនក្នុងទឹកនោម។ ការទទួលការថែទាំសុខភាពពីគ្រូពេទ្យអាចព្យាបាលជំងឺបម្រុងក្រឡាភ្លើង (Pre-eclampsia) ប៉ុន្តែបើមិនមានការថែទាំត្រឹមត្រូវទេអាចគ្រោះថ្នាក់ដល់ស្លាប់។
៣.ការឆ្លងជំងឺ
ស្ត្រីអាចឆ្លងជំងឺផ្សេងៗពីការរម្លូតកូនដោយមិនមានសុវត្ថិភាព (unsafe abortion) ការសម្រាលដែលមិនមានអនាម័យ ឬការសម្រាលរយៈពេលយូរ។ ការយល់ដឹង និងព័ត៌មានមិនគ្រប់គ្រាន់ទៅលើបញ្ហាអនាម័យផ្ទាល់ខ្លួន និងការថែទាំទារកបន្ទាប់ពីសម្រាលអាចបង្កើនហានិភ័យក្នុងការឆ្លងជំងឺ។
៤.ការរម្លូតកូន
នៅប្រទេសក្រីក្រខ្លះទៀតការរម្លូតកូនមិនសូវមានសុវត្ថិភាព ដោយថាការរម្លូតកូននោះធ្វើឡើងដោយមិនមានអ្នកជំនាញ ហើយនេះជាមូលហេតុចម្បងនៃការស្លាប់របស់ស្ត្រីដែលមានផ្ទៃពោះដោយអចេតនា។
៥.ការកកឈាមក្នុងសរសៃឈាមសួត (Pulmonary embolism)
ការកកឈាមក្នុងសរសៃឈាមសួតអាចកើតឡើងបន្ទាប់ពីការសម្រាលកូនរួច និងមានហានិភ័យកាន់តែខ្ពស់សម្រាប់អ្នកសម្រាលកូនដោយវះកាត់។
៦. ផលវិបាកផ្សេងៗបង្កដោយការពពោះដោយផ្ទាល់
ស្ត្រីប្រមាណជា១០%ស្លាប់ដោយផលវិបាកដែលកើតពីការពពោះដោយផ្ទាល់មានដូចជា សុកពាំងមាត់ស្បូន (Placenta previa) ការដាច់រហែកស្បូន (Uterine rupture) និងកូនក្រៅស្បូន (Ectopic pregnancy)បើមិនមានការថែទាំ និងព្យាបាលឲ្យបានត្រឹមត្រូវ។
៧. មូលហេតុផ្សេងៗមិនបង្កដោយការពពោះដោយផ្ទាល់
ការពពោះអាចប៉ះពាល់ដល់បញ្ហាសុខភាពដល់អ្នកមានផ្ទុកវីរុសHIV និងអ្នកមានជំងឺបេះដូង។ នៅពេលពពោះ ស្រ្តីខ្លះអាចកើតជំងឺទឹកនោមផ្អែម និងជំងឺស្លេកស្លាំង ដែលជំងឺនេះអាចនឹងមានស្ថានភាពកាន់តែអាក្រក់ក៏ថាបាន។
៨. កត្តារួមចំណែកផ្សេងៗ
អាយុ៖ ការមានផ្ទៃពោះនៅអាយុក្មេងពេក ឬចាស់ពេកអាចមានផលវិបាកផ្សេងៗដែលអាចបណ្តាលឲ្យស្លាប់បាន។
ស្ថានភាពសង្គមសេដ្ឋកិច្ច៖ ការទទួលបានអប់រំតិច របបអាហារមិនល្អ និងការរាំងស្ទះក្នុងការទទួលបានសេវាសុខភាពអាចប៉ះពាល់ដល់ការមានផ្ទៃពោះដែរ។
វិសមភាពយេនឌ័រ៖ នៅប្រទេសមួយចំនួន ស្ត្រីមានឱកាសតិចក្នុងការទទួលការអប់រំ និងការសម្រេចចិត្តក្នុងការរស់នៅ និងជម្រើសគ្រួសារ។
ធនធានមានស្រាប់៖ ការរស់នៅឆ្ងាយពីកន្លែងផ្តល់សេវាសុខភាពអាចប៉ះពាល់ដល់ការតាមដានសុខភាពអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាលមិនមានគ្រូពេទ្យ ឬពេទ្យឆ្មប។
ចំនួនកូនដែលបានបង្កើត៖ ការមានផ្ទៃពោះលើកដំបូងអាចមានហានិភ័យខ្ពស់ជាងកូនទី២ និងក្រោយពីកូនទី៥ក៏មានហានិភ័យខ្ពស់ដែរ។
វិធីបង្ការហានិភ័យពេលពពោះ
ចន្លោះពីឆ្នាំ១៩៩០ដល់២០១៥ ចំនួនស្ត្រីស្លាប់ដោយសារការមានផ្ទៃពោះ និងការសម្រាលកូនបានថយចុះ៤៤%។ ការថយចុះនេះមកពី៖
ការអប់រំ
ការកើនឡើងនៃការប្រើប្រាស់វិធីពន្យារកំណើត
ការតាមដានសុខភាពអំឡុងពេលពពោះ
ការសម្រាលកូននៅមន្ទីរពេទ្យ និងមានគ្រូពេទ្យជំនាញ
ការទទួលបានថ្នាំសង្កូវ និងការព្យាបាលនូវផលវិបាកផ្សេងៗ
ការថែទាំពេលពពោះ និងការសម្រាលមានភាពជឿនលឿន។
ប៉ុន្តែនៅប្រទេសមួយចំនួនទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែម ដើម្បីកាត់បន្ថយអត្រាមរណមាតាដែលក្នុងនោះរួមមាន៖
១.ការអប់រំ
ការអប់រំអាចឲ្យក្មេងស្រីយល់ដឹងបន្ថែមអំពីសុខភាពបន្តពូជ ការពន្យារកំណើត និងផលវិបាកនៃការរួមភេទដោយមិនបានការពារ ដែលទាំងនេះអាចជួយក្មេងស្រីឲ្យមានជម្រើសកាន់តែល្អសម្រាប់ជីវិត។
២.ការទទួលបានសេវាថែទាំសុខភាព
ការគ្រប់គ្រងស្ថានភាពជំងឺដែលកើតមុន និងការទទួលបានការព្យាបាលត្រឹមត្រូវអាចបង្ការការស្លាប់អំឡុងពេលពពោះ។ សេវាកម្មអាហារូបត្ថម្ភ និងសុខភាពប្រព័ន្ធបន្តពូជមានសារសំខាន់ណាស់សម្រាប់ក្មេងស្រី និងវ័យជំទង់ដែរ។
[embed-health-tool-due-date]
៣.អនាម័យ
ការយល់ដឹងអំពីអនាម័យផ្ទាល់ខ្លួន និងការថែទាំទារកបន្ទាប់ពីសម្រាលអាចបង្ការមិនឲ្យឆ្លងជំងឺ។
៤.ការថែទាំសុខភាពអំឡុងពេលពពោះ
ការថែទាំសុខភាពដោយគ្រូពេទ្យជំនាញមុនពេល និងអំឡុងពេលសម្រាលអាចបញ្ចៀសផលវិបាក និងជួយការសម្រាលឲ្យមានសុវត្ថិភាព។ ស្ត្រីគួរសម្រាលនៅមន្ទីរពេទ្យ ឬគ្លីនិកដើម្បីធានានូវសុវត្ថិភាព។
៥.ការត្រួតពិនិត្យក្រោយពេលសម្រាល
ក្រោយពីសម្រាលរួច ស្ត្រីនៅត្រូវការថែទាំឲ្យបានដិតដល់ និងការត្រួតពិនិត្យបន្ថែមទាក់ទងទៅនឹងការធ្លាក់ឈាមក្រោយពេលសម្រាល ឬការឆ្លងជំងឺផ្សេងៗ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?