ចំពោះស្រីៗគ្នាយើង អ្វីដែលយើងញ៉ាំអាចជះឥទ្ធិពលដល់ឱកាសនៃការមានផ្ទៃពោះ ហើយអាហារដែលល្អបំផុតសម្រាប់ស្ត្រីកំពុងព្យាយាមយកកូន គឺមិនខុសគ្នានឹងអាហារសម្រាប់យើងញ៉ាំទូទៅដែរ។ ចុះអាហារល្អសម្រាប់គ្នាយើងព្យាយាមយកកូនមានអ្វីខ្លះ?
យោងតាមការសិក្សារបស់អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Harvard T.H. Chan School of Public Health និង Harvard Medical School កាលពីឆ្នាំ២០២០ បានបង្ហាញថា សម្រាប់ស្ត្រីដែលព្យាយាមយកកូនដោយធម្មជាតិ (ដោយមិនប្រើ បច្ចេកវិទ្យាជំនួយបន្តពូជវេជ្ជសាស្ត្រ) វីតាមីន និងសារធាតុចិញ្ចឹមខាងក្រោមត្រូវបានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលវិជ្ជមានទៅលើការមានកូនដូចជា៖
- អាស៊ីតហ្វូលិក
- វីតាមីន B12
- អាស៊ីតខ្លាញ់អូមេហ្គា ៣ ឬDHA ។
ឬអាចអនុវត្តជ្រើសអាហារតាមដំបូន្មានដ៏ល្អបំផុតខាងក្រោមរួមមាន៖
១. ជ្រើសរើសអាហារដែលមានជាតិសរសៃខ្ពស់ (ដូចជានំបុ័ង គ្រាប់ធញ្ញជាតិ អង្ករសម្រូប និង Pasta)
២. ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន ពិសេសគឺពពួកសណ្ដែក
៣. ចៀសវាងអាហារខ្លាញ់អាក្រក់ដូចជា អាហារបំពង ឬនំខេកជាដើម
៤. ញ៉ាំខ្លាញ់ ល្អ បានកាន់តែច្រើនដូចជាផ្លែបឺរ គ្រាប់ធញ្ញជាតិ ឬត្រីខ្លាញ់
៥. ចៀសវាងអាហារ និងភេសជ្ជៈដែលមានជាតិស្ករ បង្អែម នំខេក និងភេសជ្ជៈមានជាតិហ្គាស។
ចុះត្រូវបន្ថែមថ្នាំបំប៉នមុនពេលមានផ្ទៃពោះទេ?
ប្រសិនបើ យើងកំពុងព្យាយាមយកកូន ការញ៉ាំអាហារដែលមានសុខភាពល្អ ពិសេសគឺរបបអាហារចម្រុះគ្រប់មុខនឹងជួយឲ្យគ្នាយើងទទួលបានវីតាមីន និងសារធាតុរ៉ែភាគច្រើនដែលរាងកាយត្រូវការ។ ការប្រើថ្នាំបំប៉នបន្ថែមពេលព្យាយាមយកកូនមិនមានគ្រោះថ្នាក់ទេ ប៉ុន្តែអាស៊ីដហ្វូលិកគឺជាអាហារបំប៉នបន្ថែមតែមួយគត់ដែលមនុស្សគ្រប់គ្នាត្រូវការ ប្រសិនបើស្ត្រីកំពុងព្យាយាមមានផ្ទៃពោះ។ យ៉ាងណាក៏ដោយ ដើម្បីសុវត្ថិភាពសុខភាព មុននឹងគ្នាយើងសម្រេចប្រើថ្នាំបំប៉នអ្វីមួយ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន។
[embed-health-tool-ovulation]