មិនថាសម្រាលដោយវះកាត់ ឬតាមធម្មជាតិនោះទេ ម៉ាក់ៗតែងប្រឈមនឹងការប្រែប្រួលជាច្រើនលើរាងកាយ ព្រមទាំងមានអារម្មណ៍នឿយហត់ និងឈឺចាប់។ ផលវិបាកដែលកើតមានជាទូទៅមួយទៀត គឺបញ្ហាស្ងួតទ្វារមាសក្រោយសម្រាល ដែលបង្កឲ្យកើតមានបញ្ហារមាស់ទ្វារមាស។ តើបញ្ហារមាស់ទ្វារមាសកើតឡើងចំពោះតែម៉ាក់ៗដែលសម្រាលកូនដោយវះកាត់ ឬយ៉ាងណា?
រមាស់ទ្វារមាសក្រោយសម្រាលកូនដោយវះកាត់
នៅពេលដែលរាងកាយយើងចាប់ផ្តើមជាសះស្បើយពីការសម្រាលកូន ស្រីៗយើងអាចប្រឈមនឹងការប្រែប្រួលទ្វារមាសមួយចំនួន។ អ្នកជំនាញបានឲ្យដឹងថា មិនថាយើងសម្រាលកូនដោយវះកាត់ ឬតាមធម្មជាតិនោះទេ គឺសុទ្ធតែអាចប្រឈមនឹងអាការៈរមាស់ទ្វារមាស។ ភាពស្ងួត អាចធ្វើឲ្យជាលិកាទ្វារមាសកាន់តែស្តើង បាត់បង់ភាពយឺត និងងាយរងរបួស។ កត្តានេះ អាចធ្វើឲ្យតំបន់ពិសេសរបស់យើងរលាក ដែលអាចបណ្តាលឲ្យមានបញ្ហារមាស់ និងក្រហាយ។
មូលហេតុមួយចំនួននៃការរមាស់ និងស្ងួតទ្វារមាស
១. ការប្រែប្រួលអ័រម៉ូន
មូលហេតុចម្បងមួយនៃភាពស្ងួត និងរមាស់ទ្វារមាសក្រោយសម្រាល គឺការប្រែប្រួលអ័រម៉ូន ជាពិសេស គឺអ័រម៉ូនEstrogen និង Progesterone។ កង្វះអ័រម៉ូន Estrogen អាចបង្កឲ្យមានរោគសញ្ញាក្រោយសម្រាលមួយចំនួន ដែលរួមមានសីតុណ្ហភាពរាងកាយឡើងកម្តៅ បែកញើសនៅពេលយប់ ស្ងួត និងរមាស់ទ្វារមាស។
[embed-health-tool-due-date]
២. រមាស់ទឹករងៃ និងឈាមដែលធ្លាក់ក្រោយសម្រាល
ការធ្លាក់ឈាម និងទឹករងៃក្រោយសម្រាល គឺជារឿងធម្មតាប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើការធ្លាក់ឈាម និងទឹករងៃមាននៅសេសសល់នៅលើស្បែក នោះនឹងអាចបង្កឲ្យមានបញ្ហារមាស់ និងក្រហាយជាមិនខាន។
៣. ការឆ្លងមេរោគផ្សិត
ជាមួយគ្នានេះដែរ ម៉ាក់ៗមួយចំនួនក៏អាចប្រឈមនឹងការឆ្លងមេរោគផ្សិតក្នុងរយៈពេលពីរបីសប្តាហ៍ បន្ទាប់ពីសម្រាលកូនរួច ដែលបញ្ហានេះ អាចបណ្តាលមកពីការប្រើថ្នាំផ្សះ ឬការប្រែប្រួលអ័រម៉ូន។ រោគសញ្ញាទូទៅ រួមមានការរមាស់ទ្វារមាស និងធ្លាក់ទឹករម្អិលពណ៌ស។
៤. ការប្រើសំឡីអនាម័យ ឬខោទឹកនោម
ក្រោយសម្រាលកូនរួច ស្រីៗយើងតែងប្រើសំឡីអនាម័យ ឬខោទឹកនោម ដែលអាចបណ្តាលឲ្យរលាកស្បែក និងមានអាការៈរមាស់។
ចំពោះការសម្រាលដោយធម្មជាតិវិញ មូលហេតុទូទៅនៃការរមាស់ទ្វារមាស គឺបណ្តាលមកពីការជាសះស្បើយនៃការដេរអំឡុងពេលសម្រាល។
គន្លឹះដោះស្រាយបញ្ហារមាស់ក្រោយសម្រាលកូន
- ថែទាំបរិវេណទ្វារមាសឲ្យបានស្អាតល្អ ដើម្បីជៀសវាងការឆ្លងមេរោគផ្សេងៗ។ លាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ហៗជារៀងរាល់ពេលចូលបន្ទប់ទឹក
- ផ្លាស់ប្ដូរសំឡីអនាម័យ ឬខោទឹកនោមឲ្យបានញឹកញាប់
- ញ៉ាំទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងរាងកាយ
- ជៀសវាងប្រើប្រាស់ផលិតផលសម្អាតទ្វារមាស ដែលមានជាតិកាត់។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?