អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ និងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយទេ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ និងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយទេ។

ស្របពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ហើយអ្នកវិទ្យាសាស្ត្រមួយចំនួនផ្សេងទៀត ផលិតសារធាតុដ៏មានសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។
អ្នកជំនាញវិទ្យាសាស្ត្រ ៣ រូបក្នុងវិស័យប្រត្តិបត្តិការណ៍ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់ពីទម្លាប់រស់នៅដ៏ខ្ជាប់ខ្ជួនរបស់ខ្លួនថា ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ បាន។

វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។
ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។
ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។
ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia ដែលបានសិក្សាពីកត្តាអាយុជីវិតមនុស្ស និងធ្លាប់ជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានផ្នែកវ័យចំណាស់នៅសាកលវិទ្យាល័យ Oxford ក៏ប្រើប្រាស់ថ្នាំគ្រាប់បំប៉ន taurine ដើម្បីជាជំនួយកាត់បន្ថយភាពចាស់ ដែលផ្ទុកទៅដោយសារជាតិបំប៉នធម្មជាតិចម្រាញ់ពី សាច់ និងត្រី ព្រមទាំងភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ដែលផ្តល់សារៈសំខាន់ណាស់សម្រាប់រក្សាកម្រិតជាតិកាល់ស្យូម អេឡិចត្រូលីត ប្រព័ន្ធសរសៃប្រសាទកណ្តាល ក៏ដូចជាប្រព័ន្ធភាពសាំនៃរាងកាយ ជួយដល់បេះដូង ខួរក្បាល និងការរំលាយអាហារបានយ៉ាងល្អ។ លោក David McCarthy បានបន្ថែមទៀតថា ការផ្លាស់ប្តូររបៀបរស់នៅ ការធ្វើលំហាត់ប្រាណ របរអាហារត្រឹមត្រូវ ការសម្រាកឲ្យបានគ្រប់គ្រាន់ ជៀសវាងការពិសាគ្រឿងស្រវឹង និងជក់បារី គឺជាចំណុចសំខាន់បំផុតមួយផ្នែកដែលជួយពន្យារភាពចាស់ និងការពារភាពឆាប់ចាស់។
ចំណែកឯលោកសាស្ត្រាចារ្យ Joao Pedro de Magalhaes ខាងជីវវិទ្យាជីវសាស្ត្រមកពីសាកលវិទ្យាល័យ Birmingham បានចំណាយពេលជាច្រើនទសវត្សរ៍សិក្សាអំពីយន្តការហ្សែន កោសិកា និងម៉ូលេគុលនៃភាពចាស់ បានប្រកាន់យកទម្លាប់រស់នៅប្រចាំថ្ងៃដោយកាត់បន្ថយការបរិភោគសាច់ មិនពិសាគ្រឿងស្រវឹងច្រើនពេក មិនជក់បារី ហើយញ៉ាំអាហារដែលមានសុខភាពល្អ ដូចជាផ្លែឈើ និងបន្លែ ហើយជៀសវាងជាតិខ្លាញ់ ជាតិស្ករ និងជៀសវាងដាច់ខាតពីការប្រើប្រាស់គ្រឿងញៀន ព្រមទាំងហាត់ប្រាណជាប្រចាំ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.ncbi.nlm.nih.gov/pmc/articles/PMC1369276/
Researchers find link to anti-ageing element
https://www.news-medical.net/news/20230712/Researchers-develop-a-chemical-approach-to-reverse-aging.aspx
កំណែប្រែបច្ចុប្បន្ន
20/03/2025
អត្ថបទដោយ វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Sopheng In
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ