ទារកម្នាក់កើតមកដោយមានការរួមបញ្ចូលហ្សែន ឬ DNA របស់មនុស្សបីនាក់ ដែលការណ៍នេះត្រូវបានគេចាត់ទុកជាករណីទីមួយហើយនៅក្នុងចក្រភពអង់គ្លេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
បើតាមសារព័ត៌មានBBC DNA ភាគច្រើនរបស់ទារកបានមកពីម្ដាយ និងឪពុករបស់គេ ហើយប្រហែល០,១ភាគរយ បានមកពីស្ត្រីម្នាក់ផ្សេងទៀតដែលយល់ព្រមបរិច្ចាគ។
វិធីសាស្ត្របញ្ចូល DNA បីបែបនេះគឺធ្វើឡើងដើម្បីការពារទារកកុំឲ្យកើតមកមានបណ្ដុំជំងឺកាចសាហាវម្យ៉ាងឈ្មោះថា Mitochondrial diseases។ បណ្ដុំជំងឺ Mitochondrial diseases ជាបញ្ហាសុខភាពដែលអាចប៉ះពាល់ដល់ដំណើរការរបស់ mitochondriaក្នុងរាងកាយ។ Mitochondria មាននាទីបង្កើតថាមពលដល់កោសិកាក្នុងរាងកាយ។ នៅពេលដែល mitochondria មិនអាចផលិតថាមពលទៅតាមតម្រូវការរបស់រាងកាយបាន នោះវានឹងប៉ះពាល់ដល់ដំណើរការរបស់សរីរាង្គផ្សេងៗទៀត។
ជំងឺ Mitochondrial diseases អាចប៉ះពាល់ដល់ផ្នែកជាច្រើននៃរាងកាយ រួមទាំងកោសិកាផងដែរ ដែលរួមមានខួរក្បាល ប្រព័ន្ធប្រសាទ សាច់ដុំ តម្រងនោម បេះដូង ថ្លើម ភ្នែក ត្រចៀក និងលំពែង។
ជំងឺនេះមិនអាចព្យាបាលជានោះទេ ហើយអាចធ្វើឲ្យទារកកើតមកស្លាប់ភ្លាមៗ ឬប៉ុន្មានថ្ងៃក្រោយសម្រាល។ បើតាម BBC មានគ្រួសារមួយចំនួនបានបាត់បង់កូនច្រើនដងដោយសារតែជំងឺមួយនេះ ហើយវិធីសាស្ត្របញ្ចូលហ្សែនបីប្រភេទបែបនេះជាជម្រើសតែមួយគត់សម្រាប់ជួយឲ្យកូនដែលកើតមកមានសុខភាពល្អ។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
បញ្ហាជំងឺនេះកើតចេញពីម្ដាយ ដែលផ្ទេរទៅឲ្យកូន។ ដូចនេះដើម្បីដោះស្រាយបញ្ហាជំងឺមួយនេះ ការបរិច្ចាគmitochondria គឺជាជម្រើសមួយ។
ការបរិច្ចាគ DNA នេះគ្រាន់តែអាចជួយឲ្យmitochondria មានដំណើរការល្អឡើងវិញ ហើយវាមិនបានប៉ះពាល់ដល់ហ្សែនរបស់ទារកទាក់ទងទៅនឹងរូបរាងនោះទេ ហើយក៏គេមិនចាត់ទុកអ្នកបរិច្ចាគជាម្ដាយនោះដែរ។
គួរបញ្ជាថាវិធីសាស្ត្រមួយនេះត្រូវបានរកឃើញ និងអនុញ្ញាតដោយច្បាប់នៅចក្រភពអង់គ្លេសតាំងពីឆ្នាំ២០១៥ ប៉ុន្តែមិនត្រូវបានគេយកមកអនុវត្តភ្លាមៗនោះទេ។ ដោយឡែកនៅសហរដ្ឋអាមេរិកវិញវិធីសាស្ត្រនេះត្រូវបានប្រើលើកដំបូងនៅឆ្នាំ២០១៦។ នេះបើតាមសារព័ត៌មានBBC ដដែល៕
[embed-health-tool-bmi]