អាការៈចុកទ្រូងក្នុងអំឡុងពេលគេង មិនមែនជារឿងធម្មតានោះទេ វាអាចបណ្ដាលមកពីកត្ដាសំខាន់ៗដូចជា បញ្ហាប្រព័ន្ធរំលាយអាហារ ប្រព័ន្ទផ្លូវដង្ហើម និងបញ្ហាបេះដូងតែម្ដង។ ប៉ុន្ដែទោះបីជាបញ្ហាទាំង៣កើតឡើងជាមួយនឹងអាការៈចុកទ្រូងដូចគ្នាក៏ដោយ ក៏នៅមានរោគសញ្ញាផ្សេងៗទៀត ដែលយើងអាចកត់សម្គាល់ដឹង និងអាចបែងចែកឲ្យបានច្បាស់ផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.បញ្ហាប្រព័ន្ធរំលាយអាហារ
បញ្ហាប្រព័ន្ធរំលាយអាហារ ក៏ជាមូលហេតុមួយអាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈចុកទ្រូងនៅពេលគេងយប់បានដែរ ពិសេសអ្នកមានជំងឺច្រាលអាស៊ីតក្រពះ។ អាការៈនេះកើតឡើងនៅពេលដែលក្រពះបញ្ចេញអាស៊ីតច្រើន ហើយច្រាលឡើងចូលទៅកាន់បំពង់អាហារ នោះនឹងបណ្ដាលឲ្យអ្នកជំងឺមានអាការៈចុកទ្រូង លាយនឹងការភើមកជាមួយ។
ការច្រាលអាស៊ីតក្រពះ បង្ហាញអាការៈចុកទ្រូង ក៏មានភ្ជាប់មកជាមួយអាការៈបន្ថែមទៀតដូចជា៖
- ក្រហាយទ្រូងបន្ទាប់ពីញ៉ាំអាហារ ឬអាចកើតឡើងនៅពេលយប់
- ចង្អោរ
- ហើមពោះ ភើ ផោមញឹក
- ការមិនរំលាយអាហារ
- ពិបាកលេបអាហារ
- ក្រហាយក្នុងពោះ (ម្ដងម្កាល)
ទាំងនេះជាអាការៈអាចឲ្យយើងដឹងបានខ្លះថា មូលហេតុចុកទ្រូងពេលយប់ អាចបណ្ដាលមកពីបញ្ហាប្រព័ន្ធរំលាយអាហារ។
២.បញ្ហាប្រព័ន្ធផ្លូវដង្ហើម
បញ្ហាប្រព័ន្ធផ្លូវដង្ហើម ក៏អាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈចុកទ្រូងនៅពេលគេងបានដែរ តួយ៉ាងដូចជាការរលាកស្រោមសួតជាដើម។ រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាផ្សេងទៀត នៃជំងឺរលាកស្រោមសួត គឺបង្កឲ្យអ្នកជំងឺចុកទ្រូង ពិសេសពេលដង្ហើមវែងៗ អមដោយមានអាការៈក្អកញឹកញាប់តែម្ដង។
ការចុកទ្រូង ស្ថិតក្នុងរោគសញ្ញាសង្ស័យដែលអ្នកជំងឺមានអាការៈក្អក មិនថាក្អកស្ងួត ឬក្អកមានស្លេស្មនោះទេ វាបណ្ដាលមកពីការរលាកស្រោមសួត អាចស្ថិតក្នុងដំណាក់កាលស្រាល ឬអាចធ្ងន់ធ្ងរ។ ដូច្នេះអ្នកជំងឺត្រូវតែតាមដានសុខភាពជាមួយគ្រូពេទ្យ។
៣.បញ្ហាសុខភាពបេះដូង
អាការៈចុកទ្រូងគេងនៅពេលយប់ អាចបណ្ដាលមកពីសុខភាពបេះដូង ដំណើរការមិនប្រក្រតី ម្យ៉ាងទៀតក៏អាចជារោគសញ្ញាមួយនៃជំងឺគាំងបេះដូងផងដែរ។
តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង(CDC) អាមេរិក បានបង្ហាញថា អាការៈចុកទ្រូងអាចជារោគសញ្ញាគ្រោះថ្នាក់មួយនៃជំងឺគាំងបេះដូងដែលអ្នកជំងឺជួបប្រទះច្រើន។ អ្នកជំងឺអាចចុកនៅផ្នែកខាងឆ្វេង ឬចំកណ្ដាលនៃទ្រូង ហើយមានរយៈពេលលើសពី២ ទៅ៣នាទី។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
បញ្ហាគាំងបេះដូង អាចបង្ហាញរោគសញ្ញាមកជាមួយគ្នា ដូចជា ការបែកញើសត្រជាក់ ខ្សោយ វិលមុខ ឈឺក្បាល រួយកញ្ចឹងក ថប់ៗដង្ហើម ចុកស្មា និងដៃទាំងពីរ។
មូលហេតុបញ្ហាគាំងបេះដូង បង្ហាញរោគសញ្ញាចុកទ្រូងដោយសារតែសរសៃឈាម មិនអាចបញ្ជូនអុកស៊ីសែន និងចរន្ដឈាមទៅកាន់បេះដូងបានគ្រប់គ្រាន់ ទើបបណ្ដាលឲ្យអ្នកជំងឺប្រឈមអាការៈចុកទ្រូងយ៉ាងដូច្នេះ។
ជារួមកាលដែលជួបអាការៈចុកទ្រូងពេលយប់កំពុងគេង គួរតែប្រុងប្រយ័ត្ន និងត្រូវតាមដានសុខភាពជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវដើម្បីជៀសផុតពីគ្រោះថ្នាក់។
[embed-health-tool-heart-rate]