ស្រីៗគ្នាយើងអាចមានចម្ងល់ថា សុដន់បាត់ភាពតឹងណែន ឬអាចប្រែប្រួលទំហំ រូបរាង ពិសេសអាចងាយនឹងមានវត្តមានដុំសាច់មិនប្រក្រតីកើតឡើងទៅតាមវ័យរបស់យើង។ “Hello គ្រូពេទ្យ” នឹងពន្យល់ចម្ងល់នេះ។
ពេលឈានចូលពេញវ័យ សុដន់ស្រីៗចាប់ផ្ដើមប្រែប្រួលបន្តិចម្តងៗ តឹងណែន ប៉ុន្តែមិនមានអ្វីគួរឲ្យកត់សម្គាល់ចំពោះសុខភាពនោះឡើយ។ ចំពោះស្រីៗ ពេលឈានដល់អាយុ ៤០ ឆ្នាំ សុដន់នឹងចាប់ផ្តើមផ្លាស់ប្តូរទាំងទំហំ ទាំងរូបរាងគួរឲ្យកត់សម្គាល់ ហើយការប្រែប្រួលទាំងនេះ អាចបង្ហាញពីសញ្ញាលូតលាស់មិនប្រក្រតីនៃសាច់ដុំសុដន់។ ដុំសាច់ទាំងនេះមិនមែនសុទ្ធតែជាប្រភេទដុំកាចនោះទេ វាក៏អាចជាដុំស្លូតខ្លះដែរ។
១- បម្រែបម្រួលសុដន់
បើយើងមានអារម្មណ៍ ឬឃើញមានសញ្ញាទាំងអស់ខាងក្រោមនេះ គួរទៅពេទ្យជាបន្ទាន់ ដើម្បីពិនិត្យជាលិកាសុដន់ដោយបច្ចេកទេសវេជ្ជសាស្ត្រ “ម៉ាមូក្រាម”។
• ជាដុំឬដុំរឹង
– សុដន់ប្រែប្រួលរូបរាង និងទំហំ
– មានដុំបរិវេណ (ក្នុង/លើ/ក្រោម) សុដន់ ឬក្រោមក្លៀក
– ជាលិកានៅក្នុងសុដន់ ក្បែរសុដន់ ឬនៅក្រោមក្លៀកឡើងក្រាស់ ឬរឹង។
ពេលសម្គាល់ឃើញមានដុំអ្វីមួយនៅសុដន់ កុំទាន់ភ័យ! ដុំនៅសុដន់ភាគច្រើនមិនមែនជាដុំមហារីកទេ ព្រោះជាលិកាសុដន់ធម្មតា ពេលខ្លះអាចមានសភាពជាដុំដែរ។ ស្រីៗគួរពិនិត្យខ្លួនឯងឲ្យបានទៀងទាត់ ដើម្បីដឹងពីសភាពធម្មតារបស់សុដន់ ងាយស្រួលសម្គាល់ ពេលមានភាពមិនប្រក្រតីកើតឡើង។
• ទឹកហូរចេញពីចុងសុដន់ ឬបម្រែបម្រួលចុងសុដន់
– មានសារធាតុរាវហូរចេញពីចុងសុដន់ (មិនមែនជាទឹកដោះធម្មតា)
– សារធាតុរាវហូរចេញមកមានលក្ខណៈជាឈាម
– បម្រែបម្រួលនៃចុងសុដន់ (ឧ. ចុងសុដន់ផតចូលក្នុង)។
លំហូរចេញសារធាតុរាវនេះ អាចបណ្ដាលមកពីការប្រើថ្នាំពន្យារកំណើត ថ្នាំផ្សេងៗ ឬមកពីការបង្ករោគ។ វាអាចមានទម្រង់ និងពណ៌ផ្សេងៗគ្នា តែជាទូទៅ មានទឹកហូរបែបនេះ មិនមានជាសញ្ញាមហារីកទេ។
• បម្រែបម្រួលស្បែក
ស្បែកនៅលើសុដន់យើង ឡើងរមាស់ ក្រហម ក្រមរ ខូង ឬប៉ោង។
២- បម្រែបម្រួលសុដន់ធម្មតាទៅតាមវ័យ
បម្រែបម្រួលសុដន់ មិនមែនសុទ្ធជាសញ្ញាជំងឺនោះទេ។ ពេលខ្លះ ការប្រែប្រួលនេះ អាចបណ្ដាលមកពីអ័រម៉ូន ឬជាការវិវត្តទៅតាមវ័យ។ ករណីទាំងនេះមិនជាបញ្ហាអ្វីធំដុំកំភួនទេ គ្រាន់ជាសញ្ញាណធម្មតាតាមធម្មជាតិប៉ុណ្ណោះ។
[embed-health-tool-ovulation]
– សុដន់ស្រីៗមិនទាន់ឆ្លងកាត់វ័យអស់រដូវ ជាធម្មតាមានជាលិកាតឹងណែនសម្បូរទៅដោយជាលិកាសន្ធាន និងក្រពេញ មិនសូវមានសារធាតុខ្លាញ់ទេ។ ជាលិកាប្រភេទនេះ ធ្វើឲ្យមានផលពិបាកក្នុងការពិនិត្យ ម៉ាមូក្រាម ដោយសារទម្រង់របស់វាមានសភាពតឹងណែន ហើយបង្ហាញជាផ្ទៃពណ៌សលើរូបភាពកាំរស្មីអ៊ិច ដូចនឹងដុំសាច់ដែរ ហើយសភាពតឹងណែននៃជាលិកានេះ នឹងថយចុះ ពេលយើងចាស់ទៅ។
– មុនពេល និងអំឡុងពេលមករដូវ យើងអាចមានអារម្មណ៍ថា សុដន់ ឡើងហើម តឹង និងឈឺ ឬអាចមានអារម្មណ៍ថាមានដុំមួយ ឬពីរ នៅក្នុងសុដន់។ វាបង្កដោយវត្តមានសារធាតុរាវក្នុងសុដន់យើងកើនឡើង។ ការប្រែប្រួលនេះ នឹងបាត់ទៅវិញ បន្ទាប់ពីវដ្តរដូវយើងចប់ទៅ។ ករណីនេះ យើងគួរពិនិត្យសុដន់ ពេលមិនទាន់មករដូវ។
– អំឡុងពេលមានផ្ទៃពោះ អាចមានអារម្មណ៍ថា សុដន់មានសភាពដុំ។ ជាទូទៅ វាកើតឡើងដោយសារមានការកើនឡើងចំនួន និងទំហំនៃក្រពេញបញ្ចេញទឹកដោះ។
– អំឡុងពេលបំបៅដោះកូន ករណីរលាកជាលិកាសុដន់ កើតឡើងនៅពេលបំពង់បញ្ចេញទឹកដោះស្ទះ។ ការរលាកនេះធ្វើឲ្យសុដន់មានសភាពក្រហម ក្តៅ តឹង និងឡើងដុំៗ ហើយក៏អាចបណ្ដាលមកពីការបង្ករោគ ប៉ុន្តែអាចព្យាបាលបានដោយថ្នាំអង់ទីប៊ីយ៉ូទីក (ថ្នាំផ្សះ)។ ពេលខ្លះ បំពង់បង្ហូរទឹកដោះស្ទះ តម្រូវឲ្យបង្ហូរទឹកដោះចេញ ហើយបើនៅតែឡើងក្រហម រលាកមិនបាត់ទេ យើងត្រូវទៅពេទ្យជាបន្ទាន់។
– ជាទូទៅ ពេលយើងជិតឈានដល់វ័យអស់រដូវ បរិមាណឈាមរដូវនឹងថយចុះ។ កម្រិតអ័រម៉ូនក៏ប្រែប្រូលដូចគ្នា អាចធ្វើឲ្យយើងមានអារម្មណ៍ថា ឈឺសុដន់ បើទោះជាយើងមិនស្ថិតក្នុងវដ្តរដូវក៏ដោយ។ ម្យ៉ាងទៀត អាចមានអារម្មណ៍សុដន់មានសភាពដុំៗច្រើនជាងមុនទៀតផង។
– ករណីយើងកំពុងតែប្រើប្រាស់សមាសធាតុអ័រម៉ូន ដូចជា ការលេបថ្នាំអ័រម៉ូន បន្ទាប់ពីអស់រដូវ ឬចាក់ថ្នាំពន្យារកំណើត សុដន់អាចមានសភាពតឹងណែនជាងមុន អាចធ្វើឲ្យកាន់តែពិបាកក្នុងការពិនិត្យម៉ាម៉ូក្រាម បើអ៊ីចឹង គួរប្រាប់គ្រូពេទ្យរឿងប្រើថ្នាំអ័រម៉ូនទាំងនេះផង។
– ពេលណាយើងលែងមានរដូវ កម្រិតអ័រម៉ូន ក៏ដូចជាជាលិកាតឹងណែន នឹងថយចុះ ជំនួសមកវិញនូវជាតិខ្លាញ់ក្នុងសុដន់។ វត្តមានរបស់ដុំដែលធ្លាប់មានទាំងនោះ ការឈឺចាប់ ឬសារធាតុរាវហូរចេញផ្សេងៗ អាចនឹងបាត់ទៅវិញដែរ នាំឲ្យវិភាគជាលិកាសុដន់ដោយ ម៉ាម៉ូក្រាម មានភាពងាយស្រួលជាងមុន ព្រោះវត្តមានជាលិកាសុដន់ថយចុះ។
៣- ពិនិត្យសុដន់ដោយខ្លួនឯង
• ជំហានទី១
ពិនិត្យមើលសុដន់នៅពីមុខកញ្ចក់ ដោយដាក់ស្មាឲ្យត្រង់ ហើយច្រត់ចង្កេះ យើងត្រូវរកចំណុចគួរឲ្យកត់សម្គាល់ដូចជា៖
– ទម្រង់សុដន់ ថាតើមាន ទំហំ រូបរាង និងពណ៌ធម្មតា ឬយ៉ាងណា
– សុដន់ទាំងពីរ មានភាពដូចគ្នា ខូចទ្រង់ទ្រាយ ឬហើម ដែរទេ។
បើឃើញចំណុចប្រែប្រួលទាំងនេះ គួរទៅពិគ្រោះជាមួយគ្រូពេទ្យ៖
– មានស្នាមខួច ប៉ោង ឬហើមលើស្បែក
– ចុងសុដន់ខុសពីទីតាំងដើម ឬផតចូលក្នុង
– ក្រហម ឈឺ រមាស់ និងហើម
• ជំហានទី២
លើកដៃឡើងលើ រកមើលចំណុចដែលបានរៀបរាប់ខាងលើ។
• ជំហានទី៣
នៅពីមុខកញ្ចក់ រកមើលថាមានសារធាតុរាវអ្វីហូរចេញពីចុងសុដន់ដែរ ឬទេ (អាចមានទម្រង់ជាទឹកធម្មតា ទឹកដោះ ទឹកមានពណ៌លឿង ឬឈាម)។
• ជំហានទី៤
ស្ទាបសុដន់យើងដោយគេងរាបស្មើ។ ប្រើដៃស្តាំ ស្ទាបសុដន់ខាងឆ្វេង និងប្រើដៃឆ្វេង ស្ទាបសុដន់ខាងស្តាំ ស្ទាបដោយប្រើម្រាមដៃកណ្ដាល ៣ ផ្តុំគ្នារៀបស្មើ រួចសង្កត់ល្មមៗទៅលើសុដន់ តាមរបៀបជារង្វង់ ម្តងមួយភាគបួននៃទំហំសុដន់ទាំងមូល ដោយចាប់ផ្ដើមពីលើចុះក្រោម ពីម្ខាងទៅម្ខាងទៀត (ពីឆ្អឹងដងកាំបិតរហូតដល់ផ្នែកខាងលើនៃពោះ និងពីក្លៀកដល់ពាក់កណ្ដាលទ្រូង)។
• ជំហានទី៥
ជំហានចុងក្រោយបង្អស់ គឺស្ទាបសុដន់នៅពេលអង្គុយ ឬឈរ។ ស្រីៗភាគច្រើនយល់ថា ការពិនិត្យពេលសុដន់ទទឹក និងរអិល មានភាពងាយស្រួលជាងគេ ដូច្នេះទើបចូលចិត្តពិនិត្យសុដន់ ពេលងូតទឹក។ វិធីសាស្ត្រស្ទាបក្នុងជំហាននេះ ក៏ដូចគ្នានឹងជំហានទី៤ ដែរ៕
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប