គន្លឹះបញ្ចៀសការស្លាប់ភ្លាមៗនៃទារក
ទោះបីជាមិនមានវិធីការពាររោគសញ្ញានេះបានទាំងស្រុងក៏ពិតមែន ប៉ុន្តែប៉ាម៉ាក់អាចកាត់បន្ថយហានិភ័យបាន តាមរយៈតិចនិកខាងក្រោម៖
១. ឲ្យកូនគេងផ្ងារ
ប៉ាម៉ាក់គប្បីដាក់ឲ្យកូនគេងផ្ងារនៅលើពូករឹងល្អ អំឡុងពេលគេងថ្ងៃ និងពេលយប់ ពីព្រោះឥរិយាបថគេងបែបនេះ អាចឲ្យអាអូនស្រួលក្នុងការដកដង្ហើម។ នៅពេលដែលទារកអាចក្រឡាប់ដោយខ្លួនឯងបាន (នៅចន្លោះ៦ខែ) យើងអាចឲ្យកូនគេផ្អៀងបាន បើកូនប្រែខ្លួនទៅរកឥរិយាបថគេងបែបនោះ។
២. គេងបន្ទប់តែមួយ តែកុំគេងគ្រែតែមួយ
ទន្ទឹមនឹងនេះដែរ ប៉ាម៉ាក់គួរគេងក្នុងបន្ទប់តែមួយជាមួយនឹងកូន រហូតដល់អាអូនមានអាយុ៦ខែ ឬ១ឆ្នាំ ប៉ុន្តែគប្បីរក្សាគម្លាតខ្លះរវាងគ្រែទារក និងគ្រែប៉ាម៉ាក់។ បន្ថែមពីនេះ យើងត្រូវជៀសវាងប្រើប្រាស់សម្ភារៈរួមគ្នាជាមួយទារក ដូចជាខ្នើយ ភួយ ឬពូកជាដើម។

៣. បំបៅដោះកូន
ម៉ាក់គប្បីបំបៅដោះកូនរយៈពេល៦ខែដំបូង ដល់១ឆ្នាំ។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការបំបៅដោះកូនអាចកាត់បន្ថយហានិភ័យនៃការស្លាប់ភ្លាមៗរបស់ទារករហូតដល់ ៥០%។
៤. ជៀសវាងការជក់បារី
មួយវិញទៀត ម៉ាក់គួរជៀសវាងការជក់បារីអំឡុងពេលពពោះ និងក្រោយពេលសម្រាលកូន ពីព្រោះផ្សែងបារីអាចបង្កើនហានិភ័យនៃការស្លាប់ភ្លាមៗរបស់ទារក។ លើសពីនេះ យើងគួរជៀសវាងការញ៉ាំគ្រឿងស្រវឹង និងមិនត្រូវប្រើប្រាស់គ្រឿងញៀនអំឡុងពេលពពោះ ឬក្រោយពេលសម្រាល ទើបជាការប្រសើរ។
៥. កុំរុំខ្លួនកូនដោយកំណាត់ច្រើនជាន់ពេក
ម៉ាក់តែងតែចង់ឲ្យអូនមានអារម្មណ៍កក់ក្ដៅ និងផាសុកភាព ប៉ុន្តែយើងមិនគួររុំខ្លួនកូនច្រើនជាន់ពេកឡើយ។ ក្នុងករណីដែលទារកបែកញើស ឬទ្រូងកូនក្ដៅខ្លាំង នេះបញ្ជាក់ថាកូនស្លៀកពាក់ច្រើនជាន់ជ្រុល។
អានបន្ថែម៖