នៅពេលខ្លះ ដោយសារតែកត្តាជំងឺ ការរលាកក្រពះពោះវៀន និងអាកាសធាតុក្ដៅ ធ្វើឲ្យយើងបាត់បង់ជាតិទឹកក្នុងខ្លួនច្រើនជាងធម្មតា ហើយកុមារតូចៗក៏មានបញ្ហាខ្សោះជាតិទឹកនេះដូចគ្នា។ ជាទូទៅ ការខ្សោះជាតិទឹក គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ដែលអាចបង្កទៅជាការឆ្លងមេរោគក្នុងផ្លូវទឹកនោម និងបញ្ហាតម្រងនោមថែមទៀតផង ជាពិសេសកាន់តែគ្រោះថ្នាក់ទ្វេដងចំពោះកុមារតូចៗ ដែលមិនអាចនិយាយប្រាប់យើងអំពីបញ្ហារបស់ពួកគេបាន។ ដូច្នេះហើយ ប៉ាម៉ាក់ចាំបាច់ធ្វើការស្វែងយល់ពីរោគសញ្ញានៃការខ្សោះជាតិទឹក ក៏ដូចជាមានការប្រុងប្រយ័ត្នឲ្យបានដិតដល់។
១. បបូរមាត់ស្ងួត និងប្រេះ
នេះគឺជារោគសញ្ញាទូទៅ និងដំបូងបំផុតនៃការខ្សោះជាតិទឹកដែលកើតឡើងលើកុមារតូចៗ។ ប៉ាម៉ាក់អាចសង្កេតឃើញថា គែមបបូរមាត់របស់កូនមានស្នាមប្រេះ បបូរមាត់ស្ងួត និងមិនសូវមានទឹកមាត់ជាដើម។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. ខោទឹកនោមស្ងួត
ជាធម្មតា ក្មេងតូចៗនោមញឹកញាប់ណាស់ ហើយជារៀងរាល់បីទៅ៤ម៉ោងម្ដង ខោទឹកនោមរបស់ពួកគេប្រាកដជាសើមជោគ និងត្រូវការផ្លាស់ប្តូរមិនខាន។ យ៉ាងណាមិញ ប្រសិនបើប៉ាម៉ាក់សង្កេតឃើញថា កូនមិនសូវនោមញឹកញាប់ដូចកាលពីមុននោះ គឺមិនត្រូវបណ្ដែតបណ្ដោយឡើយ។ មួយវិញទៀត ទឹកនោមស្រអាប់ និងមានកំហាប់ក៏អាចជាសញ្ញានៃការខ្សោះជាតិទឹកផងដែរ។
៣. យំគ្មានទឹកភ្នែក
ការបាត់បង់ជាតិទឹកច្រើនជ្រុលពីក្នុងរាងកាយ ក៏អាចធ្វើឲ្យក្មេងរញ៉ាំរញ៉ូវបានដែរ ហើយនៅពេលដែលពួកគេយំ គឺមិនមានទឹកភ្នែកឡើយ។ សញ្ញាទាំងនេះ បញ្ជាក់ថា កម្រិតជាតិទឹកនៅក្នុងខ្លួនរបស់ក្មេងធ្លាក់ចុះយ៉ាងខ្លាំង។
៤. គេងច្រើន
ជាមួយគ្នានេះដែរ ការខ្សោះជាតិទឹក ក៏អាចប៉ះពាល់ដល់អារម្មណ៍របស់ក្មេងផងដែរ។ វាធ្វើឲ្យពួកគេល្ហិតល្ហៃ និងគេងច្រើនជ្រុល។ ប៉ាម៉ាក់អាចសម្គាល់ឃើញថា កូនតូចគេងច្រើនជាងរាល់ដង។ លើសពីនេះ ភ្នែករបស់ក្មេងនឹងមានសភាពខូងជ្រៅ រីឯថ្ពាល់នឹងចាប់ផ្ដើមផតថែមទៀតផង។
អត្ថបទគួរអាន៖
![ខ្សោះជាតិទឹក២](https://cdn.hellokrupet.com/wp-content/uploads/2021/01/ខ្សោះជាតិទឹក២.jpg)
៥. ដកដង្ហើមញាប់ និងចង្វាក់បេះដូងលោតលឿន
ការបាត់បង់ជាតិទឹក ក៏អាចបណ្ដាលឲ្យក្មេងអស់កម្លាំង ព្រមទាំងបង្កើនអត្រាចង្វាក់បេះដូង និងដកដង្ហើមកាន់តែញាប់ផងដែរ។ ជាពិសេសនោះ ពួកគេនឹងមិនចាប់អារម្មណ៍នៅក្នុងការធ្វើសកម្មភាពណាមួយឡើយ។
ប៉ាម៉ាក់គួរធ្វើយ៉ាងម៉េចល្អ?
ប្រសិនបើប៉ាម៉ាក់សម្គាល់ឃើញថា អាអូនមានសញ្ញាណាមួយនៃការខ្សោះជាតិទឹកនេះ ចូរឲ្យកូនញ៉ាំទឹកបានច្រើន។ ទឹកអូរ៉ាលីតគឺល្អបំផុតសម្រាប់ដោះស្រាយបញ្ហានេះ ហេតុដូច្នេះ ចូរឲ្យកូនញ៉ាំវាជារៀងរាល់ម៉ោង។ បន្ថែមពីនេះ ទឹកស៊ុប ឬការ៉េមផ្លែឈើ ក៏អាចជួយកូនតូចឲ្យចៀសឆ្ងាយពីការបាត់បង់ជាតិទឹកផងដែរ។
នៅក្នុងករណីដែលក្មេងមានសភាពចង់សន្លប់ ក្អួតមិនបាត់ ឬមិននោមទាល់តែសោះរយៈពេលច្រើនជាង៤ម៉ោង ចូរប្រញាប់នាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់។
ចំណុចសំខាន់
សញ្ញាទាំង៥ បញ្ជាក់ថាកូនខ្សោះជាតិទឹកធ្ងន់ធ្ងរ ប៉ាម៉ាក់គួរប្រុងប្រយ័ត្ន៖
- បបូរមាត់ស្ងួត និងប្រេះ
- ខោទឹកនោមស្ងួត
- យំគ្មានទឹកភ្នែក
- គេងច្រើន
- ដកដង្ហើមញាប់ និងចង្វាក់បេះដូងលោតលឿន