
កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រុមហ៊ុនផលិតឱសថ Johnson & Johnson របស់អាមេរិកបានប្រកាសពីការផ្អាកការធ្វើតេស្តសាកល្បងគ្លីនិក (Clinical trial) ផលិតផលវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាហើយ ដោយសារតែការកើតមានជំងឺដែលមិនអាចពន្យល់បាន ទៅលើអ្នកស្ម័គ្រចិត្តម្នាក់ដែលចូលរួមការធ្វើតេស្តនេះ។ នេះបើតាមការចុះផ្សាយរបស់ CNN កាលពីម្សិលមិញ។
ខាងក្រុមហ៊ុនខាងលើបានពន្យល់ថា ការបញ្ឈប់ការធ្វើតេស្តនេះ គឺធ្វើតាមគោលការណ៍ណែនាំរបស់ក្រុមហ៊ុនផ្ទាល់ ដែលត្រូវគិតជាចម្បងទៅលើសុវត្ថិភាពរបស់វ៉ាក់សាំង ដែលតម្រូវឲ្យខាងក្រុមហ៊ុនត្រូវតែពិនិត្យឡើងវិញនៅរាល់ព័ត៌មានវេជ្ជសាស្ត្រ មុននឹងចាប់ផ្ដើមការសិក្សាឡើងវិញ។
ក្រុមហ៊ុនខាងលើមិនបានពន្យល់ថាជំងឺនោះជាអ្វីឲ្យប្រាកដនោះទេ ប៉ុន្តែចំណុចមួយនៃការសិក្សាសាកល្បងគ្លីនិកនេះ គឺដើម្បីរកថាតើវ៉ាក់សាំងដែលផលិតអាចបង្កឲ្យមានឥទ្ធិពលគ្រោះថ្នាក់ឬក៏អត់។ ផលវិបាកធ្ងន់ធ្ងរដែលកើតមានឡើងនេះ មិនមែនជារឿងចំឡែកឡើយនៅក្នុងការសិក្សាសាកល្បងគ្លីនិកនេះ ហើយចំនួនករណីដែលមានផលវិបាកទាំងនេះ គេអាចរំពឹងថានឹងកើនឡើងចំពោះអ្នកចូលរួមធ្វើតេស្តនេះទៀតផង។
បើយោងតាមវេជ្ជបណ្ឌិត Ashish Jha ដែលជាព្រឹទ្ធបុរស នៃសាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Brown បានបញ្ជាក់ថា ការសិក្សារបស់ក្រុមហ៊ុនឱសថនេះ គឺជាការសិក្សាមួយធំ ដែលមានអ្នកចូលរួមប្រហែល ជា ៦ម៉ីនអ្នក ដូចនេះ វាជារឿងធម្មតាទេ ដែលត្រូវផ្អាកការធ្វើតេស្តប្រសិនបើមានករណីផលវិបាកអ្វីមួយកើតមានឡើង។
គួរបញ្ជាក់ថា នេះជាក្រុមហ៊ុនទីពីរហើយនៅសហរដ្ឋអាមេរិក ដែលផ្អាកការធ្វើតេស្តសាកល្បងនៅដំណាក់កាលទីបី បន្ទាប់ពីក្រុមហ៊ុន ឱសថ AstraZeneca បានផ្អាកការធ្វើតេស្តរបស់ខ្លួនកាលពីខែមុន ដោយសារតែអ្នកស្ម័គ្រចិត្តម្នាក់នៅប្រទេសអង់គ្លេសមានលេចចេញផលវិបាកទាក់ទងនឹងសរសៃប្រសាទកើតឡើង។ ក្រុមហ៊ុន Johnson & Johnson បានចាប់ផ្ដើមការធ្វើតេស្តដំណាក់កាលទីបីនេះ កាលពីខែកញ្ញាកន្លងទៅ ហើយវ៉ាក់សាំងរបស់ក្រុមហ៊ុននេះ គឺជាវ៉ាក់សាំងមួយនៅក្នុងចំណោមប្រាំមួយវ៉ាក់សាំងដែលធ្វើតេស្តនៅសហរដ្ឋអាមេរិក ហើយក៏ជាវ៉ាក់សាំងមួយនៅក្នុងចំណោម បួនវ៉ាក់សាំង ដែលមានការធ្វើតេស្តនៅក្នុងដំណាក់កាលទីបី ឈានមុខគេផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕