និយមន័យ
១- អ្វីទៅជាជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក?
ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក ជាជំងឺឧស្សាហ៍កើតមានបំផុតមួយក្នុងចំណោមជំងឺស្លេកស្លាំង ទាំងអស់។ វាជាជំងឺមួយប្រភេទ បណ្តាលមកពីកង្វះកោសិកាគ្រាប់ឈាមក្រហមដែលជាអ្នកនាំអុកស៊ីហ្សែនទៅកាន់កោសិកាទាំងអស់ក្នុងរាងកាយ។
ដូចឈ្មោះរបស់ជំងឺដែរ ជំងឺស្លេកស្លាំងប្រភេទនេះ បណ្តាលមកពីកង្វះជាតិដែក។ ពេលក្នុងខ្លួនខ្វះជាតិដែក នឹងមិនអាចផលិតសមាសធាតុម្យ៉ាងនៅក្នុងគ្រាប់ឈាមក្រហម ដែលជាអ្នកដឹកអុកស៊ីហ្សែនមានឈ្មោះថា អេម៉ូក្លូប៊ីន។ ជាលទ្ធផល រាងកាយយើងនឹងអស់កម្លាំង ពិបាកដកដង្ហើម។
យើងអាចបង្គ្រប់ជាតិដែកក្នុងខ្លួនបាន តាមរយៈអាហារ ឬថ្នាំបំប៉ន។ ពេលខ្លះ ចាំបាច់ត្រូវធ្វើតេស្តពិនិត្យ និងព្យាបាលជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកនេះ ពិសេសបើពេទ្យសង្ស័យថា មានហូរឈាមនៅសរីរាង្គខាងក្នុង។
២- ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក កើតឡើងញឹកញាប់ដែរទេ?
កង្វះជាតិដែក កើតមានច្រើន ជាពិសេសចំពោះអ្នកញ៉ាំអាហារគ្មានជាតិដែកគ្រប់គ្រាន់។ គប្បីពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកមានអ្វីខ្លះ?
រោគសញ្ញាជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក មានដូចជា៖
– អស់កម្លាំងខ្លាំង
– ខ្សោយ
– ស្លេកស្លាំង
– ឈឺទ្រូង បេះដូងដើរលឿន ឬហត់
– ឈឺក្បាល វិលមុខ ឬធេងធោង
– ត្រជាក់ចុងដៃចុងជើង
– រលាក ឬឈឺអណ្ដាត
– ក្រចកផុយ
– មានអារម្មណ៍ឃា្លន តែអាហារគ្មានជាតិ
– មិនឃ្លានអាហារ ពិសេសចំពោះក្មេង និងទារកមានជំងឺកង្វះជាតិដែក។
មុនដំបូង ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក អាចមានលក្ខណៈស្រាល នាំឲ្យយើងមិនបានចាប់អារម្មណ៍។ ប៉ុន្តែ ពេលជំងឺវិវត្តទៅជាធ្ងន់ធ្ងរ រោគសញ្ញានឹងស្ដែងចេញច្បាស់ៗតែម្តង។
អាចមានរោគសញ្ញាខ្លះមិនបានរ៉ាយរ៉ាប់នៅខាងលើ។ បើចម្ងល់ពាក់ព័ន្ធរោគសញ្ញា គប្បីទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើយើង ឬកូនមានរោគសញ្ញា សង្ស័យមានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក គួរទៅជួបពេទ្យ។ ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក មិនមែនជាជំងឺអាចធ្វើរោគវិនិច្ឆ័យដោយខ្លួនឯងបាននោះឡើយ។ ហេតុនេះ ទៅពិគ្រោះជាមួយគ្រូពេទ្យ គឺប្រសើរជាងញ៉ាំថ្នាំជាតិដែកដោយខ្លួនឯង ព្រោះបញ្ហាលើសជាតិដែក នឹងធ្វើឲ្យខូចថ្លើម រួមជាមួយបញ្ហាដទៃទៀត។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យកើតជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក មានអ្វីខ្លះ?
ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក កើតមានឡើងនៅពេលរាងកាយមិនមានជាតិដែកសម្រាប់ផលិតអេម៉ូក្លូប៊ីន។ អេម៉ូក្លូប៊ីន គឺសារធាតុមួយក្នុងគ្រាប់ឈាមក្រហម ធ្វើឲ្យគ្រាប់ឈាមមានពណ៌ក្រហម និងមានសមត្ថភាពដឹកជញ្ជូនឈាមសម្បូរអុកស៊ីហ្សែនទៅចិញ្ចឹមគ្រប់កោសិកាក្នុងរាងកាយ។
បើសិនញ៉ាំជាតិដែកមិនគ្រប់គ្រាន់ ឬបាត់បង់សារធាតុដែកច្រើន រាងកាយមិនអាចផលិតអេម៉ូក្លូប៊ីនបានគ្រប់ នឹងធ្វើឲ្យកើតជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកតែម្តង។
មូលហេតុផ្សេងទៀត ធ្វើឲ្យកើតជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក៖
– បាត់បង់ឈាម៖ ជាតិដែកមាននៅក្នុងគ្រាប់ឈាមក្រហម បើសិនជាបាត់ឈាម យើងនឹងបាត់ជាតិដែកដូចគ្នា។ ស្រីៗមករដូវច្រើន ប្រឈមកើតមានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក ព្រោះតែបាត់ឈាមច្រើនអំឡុងពេលមករដូវ។ ការបាត់បង់ឈាមយឺតៗ និងរ៉ាំរ៉ៃនៅក្នុងខ្លួន ដូចជា បញ្ហាដំបៅក្រពះ ក្លននៅបំពង់អាហារ (Colon polyp) មហារីកពោះវៀនធំ សុទ្ធតែអាចធ្វើឲ្យកើតជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក។ ករណីហូរឈាមពីក្រពះ ពោះវៀន អាចបណ្ដាលមកពីការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ជាពិសេសពពួកថ្នាំអាស្ពីរីន។
– កង្វះជាតិដែកនៅក្នុងរបបអាហារ៖ រាងកាយយើងទទួលជាតិដែកពីអាហារជាប្រចាំ បើយើងញ៉ាំជាតិដែកតិចតួច យូរៗទៅ នឹងនាំឲ្យកើតជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក ខណៈអាហារសម្បូរជាតិដែក មានដូចជា សាច់ ស៊ុត បន្លែបៃតង។ ក្មេងៗ និងទារក ត្រូវការជាតិដែកដើម្បីលូតលាស់ឲ្យបានមាំមួន។
– ពោះវៀនមិនអាចស្រូបជាតិដែកបាន៖ ពោះវៀនស្រូបយកជាតិដែកបញ្ចូលទៅក្នុងឈាម។ ជំងឺពោះវៀន ដូចជា រោគហើមពោះ នឹងធ្វើឲ្យពោះវៀនមិនអាចស្រូបសារធាតុចិញ្ចឹមបាន នាំឲ្យមានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក។ បើមានការកាត់ផ្នែកណាមួយរបស់ពោះវៀនតូច នោះនឹងប៉ះពាល់ដល់ការសំយោគជាតិដែក និងសារធាតុចិញ្ចឹមផ្សេងទៀត។
– គ្មានការបំប៉នជាតិដែក៖ ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក កើតលើស្រីៗមានផ្ទៃពោះជាច្រើន ព្រោះអំឡុងពេលមានផ្ទៃពពោះ ស្រីៗត្រូវការជាតិដែកខ្ពស់សម្រាប់បរិមាណឈាមដែលកើនឡើង និងត្រូវផ្គត់ផ្គង់ដល់ទារកនៅក្នុងផ្ទៃ។
កត្តាប្រឈម
៦- កត្តាប្រឈមជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកមានអ្វីខ្លះ?
មានកត្តាជាច្រើន ធ្វើឲ្យមានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក ដូចជា៖
– ស្ត្រីបាត់បង់ឈាមនៅពេលមករដូវ ប្រឈមខ្ពស់កើតមានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក។
– ក្មេងៗ និងទារក (ទារកកើតមិនគ្រប់គីឡូ ឬមិនគ្រប់ខែ) និងមិនទទួលបានជាតិដែកគ្រប់គ្រាន់។ ក្មេងៗត្រូវការជាតិដែកដើម្បីលូតលាស់ បើមិនបានញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់ ក្មេងនឹងប្រឈមកើតជំងឺស្លេកស្លាំង។
– មិនញ៉ាំសាច់ នឹងប្រឈមការកើតជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក កាន់តែខ្ពស់។
– បរិច្ចាគឈាមញឹកពេក នឹងប្រឈមបាត់បង់ជាតិដែក។ បញ្ហាកង្វះអេម៉ូក្លូប៊ីន នឹងប្រសើរឡើងវិញ ដោយគ្រាន់តែញ៉ាំអាហារសម្បូរជាតិដែក។ បើមិនអាចបរិច្ចាគឈាមបាន ដោយសារខ្វះអេម៉ូក្លូប៊ីន សូមពិគ្រោះជាមួយគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដើម្បីធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យត្រូវធ្វើតេស្តមួយចំនួនដូចជា៖
– តេស្តទំហំគ្រាប់ឈាម និងពណ៌៖ ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក គ្រាប់ឈាមក្រហមនឹងមានទំហំតូច ហើយពណ៌ក៏ស្លេកជាងធម្មតាដែរ។
– តេស្តរាប់គ្រាប់ឈាម៖ ជាធម្មតា គ្រាប់ឈាមក្រហមគឺមានពី ៣៤,៩-៤៤,៥ ភាគរយ សម្រាប់ស្រីៗ និងពី ៣៨,៨-៥០ភាគរយ សម្រាប់ប្រុសៗ ខណៈអត្រានេះនឹងប្រែប្រួលទៅតាមអាយុដូចគ្នា។
– តេស្តអេម៉ូក្លូប៊ីន៖ បើអេម៉ូក្លូប៊ីនទាបជាងធម្មតា បញ្ជាក់ថាមានជំងឺស្លេកស្លាំងហើយ។ ចំនួនធម្មតាគឺចន្លោះ ១៣,៥-១៧,៥ ក្រាម/ដេស៊ីលីត្រ សម្រាប់ប្រុសៗ និងចន្លោះពី ១២-១៥,៥ ក្រាម/ដេស៊ីលីត្រឈាម សម្រាប់ស្រីៗ ខណៈអត្រានេះនឹងប្រែប្រួលទៅតាមអាយុដូចគ្នា។
– តេស្តប្រូតេអ៊ីន៖ តេស្តនេះ នឹងពិនិត្យលើប្រូតេអ៊ីនមានផ្ទុកជាតិដែកក្នុងខ្លួន (Ferritin) ហើយបើរកឃើញថា ប្រូតេអ៊ីនផ្ទុកជាតិដែកមានកម្រិតទាប បញ្ជាក់ថាជាតិដែកក្នុងឈាមយើង ក៏ទាបដូចគ្នា។
ក្នុងករណីតេស្តឈាមឃើញថា យើងមានជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែក គ្រូពេទ្យនឹងធ្វើតេស្តបន្ថែមដើម្បីដឹងពីមូលហេតុដូចជា៖
– ឆែករកមើលការហូរឈាមចេញពីក្លនបំពង់អាហារ ដំបៅក្រពះ ដោយការឆ្លុះក្រពះ ហើយការឆ្លុះក្រពះនេះត្រូវមានបំពង់ស្ដើង ហើយស្រាល បំពាក់ដោយកាមេរ៉ា នឹងត្រូវបានដាក់ចូលក្នុងក្រពះតាមបំពង់ក។ ធ្វើបែបនេះ អាចឲ្យគ្រូពេទ្យមើលឃើញបំពង់ និងមើលឃើញកន្លែងមានហូរឈាម។
– ដើម្បីបញ្ជាក់ពីការហូរឈាមផ្នែកពោះវៀនក្រោម គ្រូពេទ្យនឹងឆ្លុះពោះវៀនធំ ដោយស៊កបំពង់ស្ដើង អាចបត់បែនបាន បំពាក់ដោយកាមេរ៉ា ទៅក្នុងរន្ធគូទ ចូលទៅក្នុងពោះវៀនធំ។ ជាទូទៅ គេនឹងដាក់ថ្នាំសណ្ដំ ហើយការឆ្លុះពោះវៀនធំ អាចឲ្យគ្រូពេទ្យមើលឃើញកន្លែងហូរឈាមនៅក្នុងពោះវៀនធំបាន។
– ចំពោះស្រីៗ ពេទ្យអាចតម្រូវឲ្យឆ្លុះអេកូអាងត្រគាក នៅពេលមករដូវច្រើនពេក ព្រោះអាចមានដុំសាច់នៅស្បូន។
គ្រូពេទ្យអាចសុំធ្វើតេស្តទាំងនេះផងដែរ អំឡុងពេលកំពុងសាកល្បងប្រើថ្នាំជាតិដែក។
៨- ព្យាបាលដោយរបៀបណា?
ដើម្បីព្យាបាលជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក គ្រូពេទ្យនឹងឲ្យយើងលេបថ្នាំជាតិដែក។ ពេទ្យនឹងរកមូលហេតុធ្វើឲ្យកើតមានជំងឺនេះ បើសិនជាចាំបាច់។ ពេទ្យនឹងឲ្យយើងលេបថ្នាំជាតិដែក ដើម្បីបំពេញការបាត់បង់មកវិញ ដោយប្រាប់ពីចំនួន និងបរិមាណត្រឹមត្រូវ។ ថ្នាំជាតិដែក ក៏មានជាប្រភេទទឹកសម្រាប់ក្មេង និងទារកផងដែរ។
ដើម្បីឲ្យរាងកាយស្រូបយកជាតិដែកឲ្យបានល្អ ត្រូវ៖
– ញ៉ាំថ្នាំជាតិដែកពេលពោះទទេ ប៉ុន្តែថ្នាំជាតិដែក អាចធ្វើឲ្យឈឺក្រពះ ហេតុនេះអាចលេបជាមួយអាហារបាន។
– មិនត្រូវលេបថ្នាំជាតិដែក ជាមួយថ្នាំបន្សាបអាស៊ីដក្រពះទេ អាចធ្វើឲ្យរំខានដល់ការស្រូបយកជាតិដែក។ គួរលេបថ្នាំជាតិដែក ២-៤ ម៉ោងមុន។
– លេបថ្នាំជាតិដែកជាមួយវីតាមីន C ព្រោះវីតាមីន C ជួយឲ្យការស្រូបថ្នាំជាតិដែកបានល្អ។ គ្រូពេទ្យនឹងផ្ដល់យោបល់ឲ្យលេបថ្នាំជាតិដែកជាមួយទឹកក្រូចស្រស់ ឬវីតាមីន C។
– ថ្នាំជាតិដែកអាចធ្វើឲ្យទល់លាមក ហេតុនេះ ពេទ្យនឹងឲ្យថ្នាំបន្ទន់លាមកឲ្យយើងលេប។ ម្យ៉ាងទៀត ថ្នាំជាតិដែក ក៏ធ្វើឲ្យលាមកមានពណ៌ខ្មៅផងដែរ។
ខ្វះជាតិដែក មិនអាចព្យាបាលឲ្យជាបានភ្លាមៗនោះទេ។ យើងអាចត្រូវលេបថ្នាំជាតិដែករយៈពេលយូរ អាចច្រើនខែ ឬឈានដល់ឆ្នាំ។ ជាទូទៅ យើងនឹងចាប់ផ្ដើមមានអារម្មណ៍ធូរស្រាល បន្ទាប់ពីទទួលការព្យាបាលបាន ១-២ អាទិត្យ។ សួរគ្រូពេទ្យពេលណា ត្រូវធ្វើតេស្តមើលជាតិដែកទៀត ហើយដើម្បីឲ្យបា្រកដថា ជាតិដែកមានគ្រប់គ្រាន់វិញ ត្រូវលេបថ្នាំជាតិដែក យ៉ាងហោចណាស់ឲ្យបាន ១ឆ្នាំ ឬយូរជាងនេះ។
បើថ្នាំជាតិដែក មិនធ្វើឲ្យជាតិដែកនៅក្នុងឈាមឡើងវិញនោះ យើងប្រហែលជាមានជំងឺស្លេកស្លាំងដោយសារការហូរឈាម ឬស្រូបជាតិដែកមិនបានល្អ ហេតុនេះ ពេទ្យនឹងធ្វើការតាមដានព្យាបាលបន្តទៀត។ ហើយយោងទៅតាមមូលហេតុជំងឺ ការព្យាបាលអាចមានដូចជា៖
- ប្រើថ្នាំពន្យារកំណើត ដើម្បីបន្ថយការហូរឈាមរដូវ
– ថ្នាំផ្សះ និងថ្នាំដទៃទៀត ដើម្បីព្យបាលដំបៅក្រពះ
– ការវះកាត់យកដុំ Polyp និងដុំសាច់ផ្សេងៗ។
បើជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកធ្ងន់ធ្ងរ គឺត្រូវការចាក់ថ្នាំជាតិដែកតាមសសៃ ឬបញ្ចូលឈាម ដើម្បីឲ្យមានជាតិដែក និងអេម៉ូក្លូប៊ីនវិញភ្លាមៗ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ជ្រើសរើសអាហារដែលសម្បូរដោយជាតិដែក៖
- សាច់ក្រហម
- សាច់ជ្រូក និងបក្សី
- គ្រឿងសមុទ្រ
- សណ្ដែក
- បន្លែបៃតងក្រមៅ
- ស្ពៃ
- ផ្លែឈើក្រៀម
- ដំណាប់ទំពាំងបាយជូរ ដំណាប់ Apricot
- គ្រាប់ធញ្ញជាតិ
- នំបុ័ង ប៉ាស្ដា
- សណ្ដែកបារាំង។
រាងកាយយើងស្រូបជាតិដែកពីសាច់បានច្រើនជាងប្រភពដទៃទៀត បើមិនញ៉ាំសាច់ គួរញ៉ាំអាហារណាសម្បូរដោយជាតិដែក។
ជ្រើសរើសអាហារមានផ្ទុកវីតាមីន C ដើម្បីបង្កើនការស្រូបយកជាតិដែក ក៏អាចផឹកទឹកក្រូចស្រស់ ឬញ៉ាំអាហារណាមានវីតាមីន C រួមគ្នាជាមួយពេលកំពុងអាហារមានជាតិដែក ខណៈវីតាមីន C សម្បូរនៅក្នុងទឹកផ្លែឈើ ពិសេសទឹកក្រូចស្រស់ ជួយឲ្យរាងកាយស្រូបយកជាតិដែកបានល្អ។ វីតាមីន C ក៏មាននៅក្នុងបន្លែ ផ្លែឈើ ដូចជា៖
– ខាត់ណា
– ក្រូចថ្លុង
– ផ្លែគីវី
– បន្លែស្លឹកបៃតង
– ត្រសក់ស្រូវ
– ក្រូច
– ម្រេច
– ស្រ្តប៊ើរី
– ក្រូចឃ្វិច
– ប៉េងប៉ោះ។
បង្ការជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកលើទារក ត្រូវឲ្យកូនបៅទឹកដោះម្ដាយ ឬទឹកដោះគោម្សៅមានផ្ទុកជាតិដែក នៅឆ្នាំដំបូងក្រោយសម្រាល។ យ៉ាងណា ទឹកដោះគោម្សៅ មិនគួរប្រើលើទារកមានអាយុក្រោម ១ឆ្នាំ នោះទេ។
ក្រោយអាយុ ៦ខែ ត្រូវឲ្យកូនញុំាធញ្ញជាតិមានជាតិដែក ឬសាច់ម៉ត់ យ៉ាងហោចណាស់ឲ្យបាន ២ ដង/ថ្ងៃ ដើម្បីឲ្យមានជាតិដែកគ្រប់គ្រាន់។
ក្រោយអាយុ១ឆ្នាំ មិនត្រូវឲ្យក្មេងផឹកទឹកដោះគោច្រើនជាង ៥៩១ មិល្លីលីត្រ/ថ្ងៃនោះទេ ព្រោះផឹកទឹកដោះគោច្រើនពេក ធ្វើឲ្យក្មេងមិនចង់ញុំាចំណីដទៃទៀត។
[embed-health-tool-vaccination-tool]