ចំនួនអ្នកមានជំងឺទឹកនោមផ្អែមនៅកម្ពុជាមានការកើនឡើងជាងមួយភាគរយចាប់ពីឆ្នាំ២០១០ មកដល់ឆ្នាំ២០១៩។ នេះបើតាមតួលេខរបស់សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ IDF។ សម្រាប់ឆ្នាំ២០១០ អង្គការមួយនេះបានរកឃើញថាក្នុងចំណោមមនុស្សពេញវ័យសរុប អ្នកមានជំងឺទឹកនោមផ្អែមមានចំនួន៥,២ភាគរយ និងនៅឆ្នាំ២០១៩ តួលេខបានឡើងដល់៦,៤ភាគរយ។
ដូចគ្នាដែរ ក្នុងចំណោមអ្នកមានជំងឺទឹកនោមផ្អែមទាំងអស់ មានរហូតដល់៦២ភាគរយ មិនដឹងថាខ្លួនមានផ្ទុកជំងឺទឹកនោមផ្អែមនោះទេ។ ចំណែកអ្នកស្លាប់ដោយសារជំងឺទឹកនោមផ្អែមនៅកម្ពុជាវិញ សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ បានរកឃើញថាអ្នកមានជំងឺទឹកនោមផ្អែម២២នាក់ស្លាប់ក្នុងមួយថ្ងៃ គិតក្នុងឆ្នាំ២០១៩។
បើនិយាយដល់ការចំណាយលើថ្លៃព្យាបាលជំងឺទឹកនោមផ្អែម ស្ថាប័នអន្តរជាតិនេះបានរកឃើញថាអ្នកជំងឺម្នាក់ចំណាយប្រហែល២៣៨ដុល្លារក្នុងមួយឆ្នាំ ឬបើនិយាយពីការចំណាយលើថ្លៃព្យាបាលរបស់អ្នកជំងឺទឹកនោមផ្អែមទាំងអស់ ជាសរុបក្នុងឆ្នាំ២០១៩ មានប្រហែល១០២លានដុល្លារអាមេរិក។
ស្ថាប័នមួយនេះ បានប៉ាន់ប្រមាណដែរថា ក្នុងឆ្នាំ២០៣០ ការចំណាយលើថ្លៃព្យាបាលលើជំងឺទឹកនោមផ្អែមអាចឡើងដល់១៤៥,៩លានដុល្លារអាមេរិក។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
គួរបញ្ជាក់ថាក្នុងតំបន់អាស៊ីអាគ្នេយ៍ អ្នកជំងឺទឹកនោមផ្អែមសរុបមានប្រហែល៩០លាននាក់ក្នុងឆ្នាំ២០២១។ បើនិយាយដល់កម្រិតពិភពលោកវិញមានមនុស្សវ័យចន្លោះពី២០ទៅ៧៩ឆ្នាំ ចំនួន៥៣៧លាននាក់រស់នៅជាមួយជំងឺទឹកនោមផ្អែម ហើយ៤ភាគ៥នៃអ្នកទាំងនោះរស់នៅក្នុងប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។
ជំងឺទឹកនោមផ្អែមអាចបង្កឡើងតាមរយៈការមានរបបអាហារមិនល្អចំពោះសុខភាព ធាត់លើសទម្ងន់ និងការមិនសូវបញ្ចេញកម្លាំងពលកម្មជាដើម។ អ្នកមានជំងឺទឹកនោមផ្អែម ដែលមិនទទួលបានការព្យាបាលត្រឹមត្រូវអាចមានហានិភ័យសុខភាពច្រើនយ៉ាងដល់សរីរាង្គកាយ ពិសេសគឺប្រឈមខ្ពស់នឹងជំងឺបេះដូង។
[embed-health-tool-bmi]