ពេលខ្លះយើងអាចនឹងមានអារម្មណ៍ខកចិត្ត ស្ដាយក្រោយ សោកសៅ ឬព្រួយបារម្ភ។ ក្រៅពីនេះយើង ក៏អាចនឹងមានបញ្ហាថប់អារម្មណ៍ ពីការដែលមានជាតិស្ករក្នុងឈាមទាប ឬក៏មានផលវិបាកផ្សេងទៀតដោយសារជំងឺនេះដែរ។ ប្រសិនបើអារម្មណ៍ទាំងនេះមិនបាត់ទៅវិញទេ ឬធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់យើងមានបញ្ហា នោះវាជាការសំខាន់ដែលយើងត្រូវនិយាយប្រាប់នរណាម្នាក់ហើយ និងវាក៏មិនចម្លែកអីដែរ បើសិនជាយើងមានអារម្មណ៍បែបនេះនៅពេលខ្លះ តែកុំភ្លេងយើងមិនមែនរស់នៅតែម្នាក់ឯងនោះទេ ត្រូវស្វែងរកជំនួយ។
- អារម្មណ៍ និងអាហារត្រូវញ៉ាំ
ជំងឺទឹកនោមផ្អែមប្រភេទ១ គឺតម្រូវឲ្យយើងផ្ដោតការយកចិត្តទុកដាក់លើអាហារដែលយើងត្រូវញ៉ាំ។ ដោយហេតុនេះហើយ ទើបពេលខ្លះអាចធ្វើឲ្យយើងស្ត្រេសបាន។ អ្នកជំងឺខ្លះ អាចញ៉ាំកាន់តែច្រើននៅពេលដែលពួកគេស្ត្រេស ឬញ៉ាំតិច ពេលដែលគេពិបាកចិត្ត។ ការញ៉ាំអាហារខុសៗគ្នា អាចបង្កឲ្យប៉ះពាល់ដល់អារម្មណ៍យើងដូចគ្នា។ ពេលខ្លះ អាចមកពីការផ្ដោតសំខាន់ទៅលើរូបរាង និងទម្ងន់រាងកាយខ្លាំងពេកផងដែរ។ ទាំងនេះ ហើយ គឺសុទ្ធតែជាមូលហេតុដែលនាំឲ្យការញ៉ាំអាហារមិនល្អចំពោះសុខភាព ដែលពេលខ្លះគេហៅថាបញ្ហាក្នុងការញ៉ាំទៀតផង។ អ្វីទាំងនេះ គឺជាបញ្ហាធ្ងន់ធ្ងរដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ អាចកើតមាន។ ប្រសិនបើយើងមានបញ្ហាដូចនេះ ជាការសំខាន់ដែលគួរលើកយកបញ្ហានេះឡើងដើម្បីស្វែងរកជំនួយពីក្រុមគ្រូពេទ្យ ឬអ្នកផ្សេងទៀត។
៥. រៀបចំផែនការ
ដោយសារតែយើងជាអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ យើងត្រូវតែ ត្រៀមខ្លួនជានិច្ចចំពោះបញ្ហាប្រឈមដែលអាចកើតមានឡើងចំពោះសុខភាពយើង។ ទោះបីជាយើងបានសម្របខ្លួនទៅនឹងជំងឺនេះបានទៅហើយក្ដី តែមានពេលខ្លះក៏យើងនៅតែ ប្រឈមខ្លះទៅនឹងបញ្ហាឡើងចុះជាតិស្ករក្នុងឈាមដែរ បើទោះបីជាយើងព្យាយាមធ្វើតាមការណែនាំរបស់គ្រូពេទ្យហើយក្ដី។
អ្វីទាំងនេះ គឺទាមទារឲ្យយើងព្យាយាមអត់ធ្មត់ និងត្រូវសម្លឹងមើលទៅមុខដោយជំនឿចិត្ត សេចក្ដីក្លាហាន និងមោទនភាពចំពោះអ្វីដែលយើងបានធ្វើ។
ចំពោះការប្រឈមមុខនឹងជំងឺទឹកនោមផ្អែម យើងក៏ត្រូវចេះសម្របខ្លួនរៀនគិតពីចំណុចវិជ្ជមានដូចគ្នាដែរ។ ពេលយើងអាចសម្របខ្លួនទៅនឹងជំងឺទឹកនោមផ្អែមបាន យើងនឹងមានភាពជឿជាក់លើខ្លួនឯង ពោរពេញដោយក្ដីសង្ឃឹម ទទួលបានការគាំទ្រ និងកាន់តែរឹងមាំ។
នៅពេលមួយ យើងនឹងក្លាយជាអ្នកជំនាញក្នុងការយល់ និងអាចដោះស្រាយជាមួយនឹងអារម្មណ៍ខ្លួនយើងបាន ហើយក៏អាចថែទាំសុខភាពបានកាន់តែល្អប្រសើរ។ ជាការពិតទៅការមានជំងឺទឹកនោមផ្អែមអាចបង្រៀនយើងពីវិធីដើម្បីដោះស្រាយនិងសម្របទៅនឹងបញ្ហាប្រឈមក្នុងជីវិតតាមរបៀបដែលមនុស្សវ័យក្មេងដទៃទៀតមិនអាចធ្វើបាន។ ប៉ុន្តែសូមចង់ចាំអ្វីដែលមានសរសេរនៅក្នុងអត្ថបទនេះ។ យុវវ័យគឺជាវ័យដែលសំខាន់បំផុតក្នុងជីវិតចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ១។
ជាពេលវេលាដែលមានការផ្លាស់ប្តូរច្រើននៅក្នុងខ្លួនរបស់យើង ហើយវាជាពេលវេលាដែលការគ្រប់គ្រងជាតិស្ករបានល្អ ជាការចាំបាច់ ប្រសិនបើចង់ជៀសវាងផលវិបាកនៃជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរនៅពេលក្រោយ។
សូមកុំខ្លាច គ្រាន់តែទទួលយកការពិតនេះ ហើយព្យាយាមអស់ពីសមត្ថភាពដើម្បីអាចទទួលបានការគ្រប់គ្រងជាតិស្ករល្អបំផុត។ នោះគឺជាអ្វីដែលយើងគ្រប់គ្នាអាចធ្វើបាន។ ដូចដែលនិយាយអ៊ីចឹង គឺមានរឿងតែមួយគត់ដែលបញ្ឈប់យើងបាន នោះគឺខ្លួនយើងផ្ទាល់។