brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ការចែករំលែកបទពិសោធន៍ជាសះស្បើយពីជំងឺមហារីកពងស្វាស

លោក Shunsuke Miyatake ជាជនជាតិជប៉ុនដែលរស់នៅក្នុងប្រទេស កម្ពុជាបានដឹងថា គាត់មានជំងឺមហារីកពងស្វាសកាលពីខែសីហា ឆ្នាំ ២០២៤។ ដំណឹង​នេះ​ធ្វើឱ្យគាត់​មាន​ការ​ភ្ញាក់ផ្អើលជាខ្លាំង ​ដោយសារគាត់មានការរស់នៅល្អទៀងទាត់ រក្សាតុល្យភាពរវាងការងារ និងជិវិតផ្ទាល់ខ្លួន ដូចជាចូលចិត្តថតរូប និងលេងបាល់ទាត់ពីរដងក្នុងមួយសប្តាហ៍ជាដើម។ មួយវិញទៀត ភាគរយនៃការកើត​​ជំងឺ​មហារីក​ពងស្វាសលើបុរស​មាន​តែ ១% ប៉ុណ្ណោះ តែគាត់បែរជាកើតជំងឺនេះ។

ការចែករំលែកបទពិសោធន៍ជាសះស្បើយពីជំងឺមហារីកពងស្វាស

លោក Miyatake ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រមាណ ២,៣ លាននាក់នៅអាស៊ីអាគ្នេយ៍ដែលរកឃើញថា កើតជំងឺមហារីក។ ករណីជំងឺមហារីកដែលកើតញឹកញាប់បំផុតមាន ជំងឺមហារីកសុដន់ ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសួត

ក្រោយពីឆ្លងកាត់ភាពតក់ស្លុត ភាពសោកសៅ កំហឹង និងការតាំងចិត្ត លោក Miyatake សម្រេចចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកពងស្វាសដំណាក់កាល 2B របស់គាត់ ដោយស្វែងយល់អំពីស្ថានភាពជំងឺឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ លោក​បាន​ធ្វើការព្យាបាល​នៅ​ប្រទេស​កម្ពុជា បានសហការជាមួយ​វេជ្ជបណ្ឌិត​ជាច្រើន បានធ្វើ​ការ​វះកាត់ និងបាន​ព្យាបាល​ដោយ​ប្រើថ្នាំគីមី​ជាច្រើនវគ្គ។

ក្នុងអំឡុងពេលព្យាបាលជំងឺមហារីកពងស្វាស លោក Miyatake ប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ការកែប្រែរបបអាហារ ការស្វែងរកវេជ្ជបណ្ឌិតដែលយកចិត្តទុកដាក់ក្នុងការព្យាបាល និងទទួលស្តាប់កង្វល់របស់គាត់ និងការសម្រេចចិត្តថា គាត់ត្រូវបន្តធ្វើការព្យាបាលនៅក្នុងប្រទេសកម្ពុជាទៀត ឬបន្តការព្យាបាលនៅក្រៅប្រទេស។

លោក Miyatake បានឱ្យដឹងថា ការបង្ហាញការយកចិត្តទុកដាក់ និងលើកទឹកចិត្តគឺចាំបាច់ និងមាន​ឥទ្ធិពលណាស់សម្រាប់គាត់ក្នុងអំឡុងពេលធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាល។ គាត់បានអានសារជាច្រើនដែលបានផ្ញើមកគាត់មកពីជុំវិញពិភពលោក ដែលបង្ហាញពីការ យកចិត្តទុកដាក់ចំពោះគាត់ និងលើកទឹកចិត្តគាត់ដោយការដឹងគុណ។

ំMr. Shunsuke Miyatake

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

រាល់ការយកចិត្តទុកដាក់ និងលើកទឹកចិត្តដែលគាត់ទទួលបានពីក្រុមគ្រួសារ និងមិត្តភ័ក្តិបាននាំគាត់តស៊ូទៅមុខបន្ត។ ដូចគ្នាដែរប្រសិនបើមិត្តភ័ក្តិ ឬនរណាម្នាក់ដែលគាត់ស្គាល់កំពុងរងទុក្ខ គាត់នឹងផ្ញើសារ ឬផ្តល់ការយកចិត្តទុកដាក់ ឬលើកទឹកចិត្តទៅពួកគេភ្លាមៗ។ ជាពិសេសអ្នកដែលចូលចិត្តគាត់ ឬអ្នកដែលកំពុងឆ្លងកាត់បទពិសោធន៍កើតជំងឺមហារីក និងទទួលការព្យាបាលដូចគាត់។

សព្វថ្ងៃនេះ អាការលោក Miyatake បានធូរស្បើយជាងមុន។ បន្ទាប់ពីការវះកាត់ និងការព្យាបាលដោយថ្នាំគីមីចំនួនបួនវគ្គ លទ្ធផលស្កែន CT នៅខែធ្នូ ឆ្នាំ ២០២៤ របស់លោកមិនឃើញមានសញ្ញាជំងឺមហារីក និងកូនកណ្តុរនៅក្នុងពងស្វាសទៀតទេ។ ប៉ុន្តែ​គាត់​ដឹង​ថា ​រឿង​មិន​ចប់​ត្រឹម​ហ្នឹងទេ។ គាត់ ​និង​ក្រុម​គ្រូពេទ្យ​ត្រូវ​បន្ត​តាម​ដាន​បន្ថែមទៀត។

ទន្ទឹមនឹងការបរិភោគរបបអាហារសុខភាព គាត់បានបន្តគ្រប់គ្រង ផលប៉ះពាល់នៃការព្យាបាល ដូចជាការបាត់បង់ អារម្មណ៍នៅចុងម្រាម ដៃ និងការឈឺជើងជាប្រចាំ។ ទោះជាយ៉ាងណាក៏ដោយ សក់ និងពុក ចង្ការរបស់គាត់កំពុងដុះមកវិញបន្តិចម្តងៗ ហើយការងារ និងជីវិតប្រចំាថ្ងៃរបស់គាត់កំពុងត្រលប់ទៅរកដូចមុនពេលគាត់ធ្វើរោគ វិនិច្ឆ័យរកឃើញថា មានជំងឺមហារីកពងស្វាស។ គាត់​ក៏​មាន​កម្លាំង​អាចចូល​ក្នុង​ការ​លេង​បាល់ទាត់​ម្តងម្កាលដែរ។

លោក Miyatake បានប្រាប់ថា ជំងឺមហារីកពងស្វាសអាចព្យាបាលបាន។ ប៉ុន្តែតាមបទពិសោធន៍ គាត់ធ្លាប់គិតថា គាត់នឹងអស់ជីវិត។ បន្ទាប់ពីបានជួបនឹងជំងឺធ្ងន់ធ្ងរ គាត់មានអារម្មណ៍ដឹងគុណចំពោះមនុស្សគ្រប់គ្នានៅជុំវិញគាត់ ដែលបានជួយលើកទឹកចិត្ត និងយកចិត្តទុកដាក់ចំពោះគាត់ក្នុងគ្រាគាត់កំពុងព្យាបាលជំងឺ។

យុទ្ធនាការទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺមហារីកប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទៅ ០៤ កុម្ភៈ។ យើងអាចចូលរួមយុទ្ធនាការនេះតាមមធ្យោបាយជាច្រើន ដូចជាចែករំលែកមូលហេតុកើតជំងឺមហារីក បទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ឬបទពិសោធន៍ព្យាបាលជំងឺមហារីករបស់ខ្លួនផ្ទាល់ របស់មិត្តភក្តិ ឬក្រុមគ្រួសារ។ល។ តាមរយៈបណ្តាញសង្គមជាដើម ដូចករណីរលោក Miyatake​ ដើម្បីលើកទឹកចិត្តអ្នកជំងឺមហារីកផ្សេងទៀត កុំឱ្យបាក់ទឹកចិត្ត និងកុំបោះបង់ចោលការព្យាបាល។ ជាងនេះទៅទៀត ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់មិត្តភក្តិ ញាតិមិត្ត ក្រុមគ្រួសារ និងសហគមជាកម្លាំងចិត្តដល់សំខាន់ក្នុងការជួយអ្នកជំងឺមហារីកដែលកំពុងទទួលការព្យាបាល។

អត្ថបទគួរអាន៖

ចំណុចសំខាន់

លោក Shunsuke Miyatake បានចែករំលែកថា
  • ជំងឺមហារីកពងស្វាសជាជំងឺអាចព្យាបាលបាន
  • ការបង្ហាញការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីសំណាក់មិត្តភក្តិ ញាតិមិត្ត ក្រុមគ្រួសារ និងសហគមគឺចាំបាច់ និងមាន​ឥទ្ធិពលណាស់សម្រាប់គាត់ក្នុងអំឡុងពេលធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលជំងឺមហារីក
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 04/02/2025