home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

​អ្នកជាពីជំងឺមហារីក​សុដន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ សុខភាពផ្លូវចិត្តជា​រឿងសំខាន់​ពេលកំពុងព្យាបាល

​អ្នកជាពីជំងឺមហារីក​សុដន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ សុខភាពផ្លូវចិត្តជា​រឿងសំខាន់​ពេលកំពុងព្យាបាល

មហារីក​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ ដែល​​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​។ ប៉ុន្តែ​ ប្រសិនបើ​យើង​​រក​ឃើញ ក៏​ដូចជា​ការ​ព្យាបាល​ជំងឺ​នេះ​​ទាន់​ពេលវេលា​ យើង​អាច​នឹង​មាន​ឱកាស​ជា​សះស្បើយ​ច្រើន​។ តួយ៉ាង​ ដូច​អ្នក​ស្រី​ យ៉ែម​ ស៊ីវន​ ​រស់នៅ​ក្នុង​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ក៏​ជា​អ្នក​ជំងឺ​ម្នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​ផ្សេង​ទៀត ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​សុដន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​​។ ដោយ​សារ​តែ​​ការ​តាំង​ចិត្ត​ខ្ពស់​ ធ្វើ​ឲ្យ​អ្នកស្រី​​អាច​ជម្នះ​រាល់​ឧបសគ្គ​ក្នុង​​ការ​ព្យាបាល​ដ៏​ពិបាក​​នេះ​។

ការ​ដឹង​ពី​វត្តមាន​នៃ​ជំងឺ​មហារីក​

នៅ​ពេល​ដែល​សង្កេត​ឃើញ​ថា​ ​មាន​ដុំ​ពក​​តូច​មួយ​នៅ​លើ​សុដន់​ អ្នក​ស្រី​ក៏​ប្រញាប់​ទៅ​ពិនិត្យ​រាងកាយ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ដែល​ជា​លទ្ធផល​ គឺ​អ្នក​ស្រី​កើត​ជំងឺ​មហារីក​សុដន់​ដំណាក់កាល​ទី​២។ ការ​ទទួល​បាន​ដំណឹង​នេះ ​ធ្វើ​ឲ្យ​អ្នក​ស្រី​មាន​ភាព​តក់ស្លុត និង​មាន​អារម្មណ៍​ច្របូកច្របល់​ជា​ខ្លាំង ដោយ​មិន​ដឹង​ថា ខ្លួន​អាច​ជា​សះស្បើយ​ឬ​យ៉ាង​ណា​។ ប៉ុន្តែ​ អ្នក​ស្រី​នៅ​តែ​​មាន​ស្មារតី​រឹងមាំ និង​ប្ដេជ្ញា​ចិត្ត​ថា​ ត្រូវ​តែ​យក​ឈ្នះ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ឲ្យ​បាន​។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «គ្រាន់​តែ​​​ឮ​ពាក្យ​ថា​​ជំងឺ​មហារីក​ យើង​ជា​ទូទៅ ​អ្នក​ណា​ក៏​ខ្លាច​ដែរ ពាក្យ​​ជំងឺ​មហារីក​។ ពេល​ហ្នឹង​យើង​​អាច​នឹង​នឹក​ឃើញ​ដល់​សេចក្តី​ស្លាប់​ ថា​ប្រសិនបើ​​យើង​កើត​អ៊ីចឹង ប្រហែលជា​អាយុ​មិន​​វែង​ មិន​ដឹង​ថា​ព្យាបាល​បាន​ឬ​មិន​បាន​ យើង​មិន​ទាន់​ដឹង។ គ្រាន់​តែ​កាន់​ក្រដាស​លទ្ធផល​ភ្លាម​ មាន​អារម្មណ៍​ថា​ស្លុត​ចិត្ត​ខ្លាំង​ដែរ​ ហើយ​ខ្ញុំ​ក៏​តាំង​ចិត្ត​​ខ្លួន​ឯង ហើយ​ខ្ញុំ​ប្រាប់​ខ្លួន​ឯ​ង​ថា​ឲ្យ​រឹងមាំ​ឡើង​»​។

ការ​យក​ឈ្នះ​ជំងឺ​មហារីក​

ដំបូង​ឡើយ​ អ្នក​ស្រី​ទទួល​យក​ការ​វះកាត់​ និង​ក្រោយ​មក​ ទើប​ទទួល​បាន​ការ​ព្យាបាល​ដោយ​​គីមី​។ ទោះ​បី​ជា​ការ​ព្យាបាល​ដោយ​គីមី​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ស្រី​តែង​តែ​ក្រើន​រំលឹក​ខ្លួន​ឯង ឲ្យ​ខំ​ជម្នះ​ឧបសគ្គ​នេះ​​ ដោយ​មិន​ចុះ​ចាញ់​ឡើយ​។ បន្ទាប់​មក​ទៀត អ្នក​ស្រី​បន្ត​ការ​ព្យាបាល​ដោយ​បាញ់​កាំរស្មី។ ថ្វី​ត្បិត​តែ​អំឡុង​ពេល​ព្យាបាល​​មាន​ផល​រំខាន​​ច្រើន​ ដូចជា​ជ្រុះ​សក់​ ក្អួត​ ពិបាក​ដក​ដង្ហើម​ ឬ​មិន​ស្រួល​ក្នុង​ខ្លួន​ក្ដី តែ​អ្នក​ស្រី​នៅ​តែ​អាច​តស៊ូ​បាន​ ដោយ​មិន​បោះបង់​ចោល​ការ​ព្យាបាល​ឡើយ​។ ជា​លទ្ធផល​ សុខភាព​របស់​អ្នក​ស្រី​មាន​ភាព​ប្រសើរ​ឡើង​ជា​លំដាប់​​។

អ្នក​ស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា​ ខ្ញុំ​នឹង​ក្លាយ​ជា​ស្រ្តី​ដែល​រឹងមាំ​បំផុត​ ក្រោយ​ពី​ការ​ព្យាបាល​សុដន់​ហើយ​ ពូកែ​អត់​ធ្មត់​បំផុត​ និង​មាន​សុភាព​ល្អ​បំផុត​​ ក្រោយ​ពី​ការ​ព្យាបាល​។​ អ៊ីចឹង​ ពាក្យ​សម្ដី​ហ្នឹង​ ខ្ញុំ​​និយាយ​ឲ្យ​ខ្លួន​ឯ​ង​រហូត​។ ទោះ​បី​ខ្ញុំ​មាន​ការ​លំបាក​ប៉ុនណា​ ខ្ញុំ​មាន​ភាព​រឹងមាំ​ ដូច​ថា​មាន​ចិត្ត​ចង់​​​តស៊ូ​ទៅ​មុខ​។ ពេល​ខ្លះ​ ខ្ញុំ​បាក់​ទឹក​ចិត្ត​ម្តង​ៗ​ដែរ ​ពេល​ព្យាបាល​ខ្ញុំ​ពិបាក​រឿង​ថ្នាំ​ពេក​ គ្មាន​អ្នក​ណា​មួយ​ថា​​ព្យាបាល​គីមី​ ស្រួល​ទេ​ បើ​​ខ្ញុំ​មិន​មាន​ទឹក​ចិត្ត​រឹងមាំ​ ខ្ញុំ​អាច​នឹង​ធ្វើ​អី​ផ្តេសផ្តាស ឬ​រត់​ចោល​ការ​ព្យាបាល​​អ៊ីចឹង​ទៅ​ ហើយ​ខ្ញុំ​ចេះ​តែ​ដាស់តឿន​ខ្លួន​ឯង​​ឲ្យ​ទទួល​​​យក​ ហើយ​ព្យាបាល​ ខ្ញុំ​ចង់​ឃើញ​លទ្ធផល​ល្អ​បំផុត​ក្រោយ​ព្យាបាល​»

មហារីកសុដន់៣

ដំបូន្មាន​

អ្នក​ស្រី​​មាន​ប្រសាសន៍​ថា សុខភាព​ផ្លូវ​ចិត្ត​គឺ​ជា​រឿង​សំខាន់​បំផុត បើ​សិន​បើ​ផ្លូវ​ចិត្ត​មាន​បញ្ហា​ រាងកាយ​ទាំង​មូល​ក៏​មាន​បញ្ហា​ដូច​គ្នា។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ​។ ទន្ទឹម​នឹង​នេះ​ដែរ យើងក៏​ចាំបាច់​ត្រូវ​ញ៉ាំ​​អាហារ​ល្អ​ៗ ដូចជា​បន្លែ ផ្លែឈើ​ ត្រី​ សាច់​ឲ្យ​បាន​ច្រើន និង​ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ក៏​ដូចជា​ការ​ជក់បារី​ជាដើម​។

ទស្សនាវីដេអូនៅទីនេះ៖

 

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 4 ថ្ងៃកន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត