អ័រម៉ូន ផលិតចេញពីក្រពេញ ហើយដើរតួជាអ្នកនាំសារ។ ពេលមានរំញោចអ្វីមួយ ប្រព័ន្ធប្រសាទ កណ្តាលបញ្ជូនសញ្ញាទៅកាន់ក្រពេញពិសេសណាមួយដើម្បី បញ្ចេញអ័រម៉ូនទៅក្នុងឈាម។ អ័រម៉ូនទាំងនោះ ធ្វើដំណើរទៅភ្ជាប់ Receptors របស់កោសិកា ដើម្បីឆ្លើយតប និងការភ្ញោច។ ដោយឡែកអ័រម៉ូនមួយចំនួន ធ្វើឲ្យកោសិកាមហារីកលូតលាស់លឿន។ ពេលខ្លះ នេះអាចជាមូលហេតុ គ្រូពេទ្យសម្រេចចិត្តប្រើការព្យាបាលដោយអ័រម៉ូន។
១- អ្វីជាការព្យាបាលដោយអ័រម៉ូន?
បើសិនលទ្ធផលតេស្តបង្ហាញថា កោសិកាមហារីកមាន Receptors ភ្ជាប់ជាមួយអ័រម៉ូន គ្រូពេទ្យនឹងប្រើការព្យាបាលណាដែលកាត់បន្ថយ ឬរារាំងមុខងារអ័រម៉ូននោះ។ ព្យាបាលបែបនេះហៅថា ការព្យាបាលមហារីក ដោយអ័រម៉ូន (Hormone Therapy )។
២- គួរព្យាបាលដោយអ័រម៉ូនប្រភេទណា?
មានវិធីច្រើន សម្រាប់ការព្យាបាល ដូចជា រារាំងមុខងារអូវែ រារាំងការផលិត អ័រម៉ូន អឺស្ត្រូហ្សែន (Estrogen) និងមុខងារអ័រម៉ូននេះតែម្តង។ ជារួម ធ្វើយ៉ាងណាទប់ស្កាត់ការបញ្ចេញ អ័រម៉ូន អឺស្ត្រូហ្សែន (អ័រម៉ូនផលិតពីអូវ៉ែ កោសិកាខ្លាញ់ ឬស្បែក) ព្រោះវាធ្វើឲ្យ កោសិកាមហារីករីកលូតលាស់។