មហារីកសុដន់ជាដ៏ជំងឺកាចសាហាវ កើតឡើងដោយសារការវិវត្តលឿនខុសប្រក្រតីនៃកោសិកាសុដន់។ ជំងឺនេះអាចកើតមានគ្រប់ផ្នែកនៃសុដន់ ប៉ុន្តែភាគច្រើនកើតមាននៅបំពង់ទឹកដោះ។ ខាងក្រោមនេះជារឿងសំខាន់ ៤ យ៉ាងអំពី ជំងឺមហារីកសុដន់ ណែនាំលោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត។
១. ជំងឺមហារីកសុដន់គ្មានវ៉ាក់សាំងការពារទេ
មកទល់ពេលនេះពិភពលោកមិនទាន់មានវ៉ាក់សាំងការពារជំងឺមហារីកសុដន់នៅឡើយទេ តែយើងអាចបង្ការបានតាមរយៈការទៅថតសុដន់រកមើលជំងឺមហារីកជាប្រចាំ និងការស្ទាបសុដន់ដោយខ្លួនឯង ក្លែងមានដុំអីប្លែក ហើយមិនត្រូវជក់បារី ផឹកស្រា រក្សាទម្ងន់ឲ្យមានលំនឹងកុំឲ្យធាត់ពេក ហាត់ប្រាណជាប្រចាំ។
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
២. ជំងឺមហារីកសុដន់សម្លាប់ស្ត្រីច្រើនជាងគេលើលោក
មហារីកសុដន់ គឺជាជំងឺមហារីកដែលកើតមានលើស្ត្រី និងសម្លាប់ស្ត្រីច្រើនជាងគេលើពិភពលោក។ នៅកម្ពុជាជំងឺមហារីកសុដន់ឈរនៅលំដាប់លេខ២ បន្ទាប់ពីជំងឺមហារីកមាត់ស្បូន ដែលបានសម្លាប់ស្ត្រីច្រើនជាងគេ។
![ហូរសារធាតុរាវពីចុងសុដន់១](https://cdn.hellokrupet.com/wp-content/uploads/2022/05/ហូរសារធាតុរាវពីចុងសុដន់១.jpg)
៣. ជំងឺមហារីកសុដន់អាចព្យាបាលជា
ត្បិតតែជាជំងឺកាចសាហាវ តែជំងឺមហារីកសុដន់ ប្រសិនបើយើងដឹងទាន់ពេល ស្វែងរកការព្យាបាលនៅដំណាក់កាលដំបូងៗ អត្រាព្យាបាលជាសះស្បើយមានពី ៦០%-៧០%។ដូច្នេះស្រ្តីគ្រប់រូបត្រូវពិនិត្យរកសញ្ញាប្រែប្រួលនៅសុដន់ដោយខ្លួនឯង ក្រែងមានដុំអីប្លែក ដើម្បីអាចបានដឹងមុន ឈានទៅរកការព្យាបាលបានទាន់ពេលវេលា។
អត្ថបទគួរអាន៖
៤. ជំងឺមហារីកសុដន់អាចលាប់ឡើងវិញ
បច្ចុប្បន្ន ទោះជាមានបច្ចេកវិទ្យាទំនើប អាចកាត់យកដុំមហារីកចេញយ៉ាងណាក៏ដោយ ក៏ ១០–២០% អាចលាប់ឡើងវិញបាន ដោយសារតែពេលកាត់អាចសល់កោសិកាខ្លះ ហើយកោសិកានោះនឹងវិវត្តជាកោសិកាមហារីកវិញបាន។ ហេតុនេះ តាមដានក្រោយធ្វើការវះកាត់ គឺចាំបាច់ណាស់ ដើម្បីទទួលបានការព្យាបាលឲ្យទាន់ពេល។