ចាស់ៗជំនាន់មុនមានទំនៀមទម្លាប់ ឬជំនឿច្រើនណាស់ សូម្បីតែការពពោះក៏ពួកគាត់មានជំនឿមិនតិចដែរ ហើយជឿថា ម៉ាក់ៗជួនកាលក៏ចង់ធុញនឹងការត្រណមនេះត្រណមនោះដែរ។ យ៉ាងណាមិញមានម៉ាក់ៗមួយចំនួនអះអាងតាមជំនឿចាស់ៗថា ផឹកទឹកដូងច្រើនពេលពពោះ កូនកើតមកក្រចេះដើរ ព្រោះទឹកដូងធ្វើឲ្យជង្គង់កូនទន់?
គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ឆ្លើយតបទៅនឹងការអះអាងខាងលើ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ បានពន្យល់ថា ការអះអាងថា ផឹកទឹកដូងច្រើនពេលពពោះ កូនកើតមកក្រចេះដើរ បើគិតតាមក្បួនពេទ្យគឺមិនពិតទេ ព្រោះនៅក្នុងវេជ្ជសាស្ត្រ កូនក្រចេះដើរទាក់ទងនឹងការលូតលាស់ផ្នែករាងកាយ។
វេជ្ជបណ្ឌិតរូបនេះបន្ថែមថា កូនចេះដើរ ក៏ពាក់ព័ន្ធនឹងវ័យ ឬអាយុដែលកូនត្រូវចេះដើរដែរ មិនមានអ្វីទាក់ទងទៅនឹងការផឹកដូងសោះ។ ផ្ទុយទៅនឹងជំនឿរបស់ចាស់ៗ ទឹកដូង ជាជម្រើសល្អមួយដែលមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់អ្នកម្ដាយកំពុងពពោះ ដោយសារវាសម្បូររ៉ែមានប្រយោជន៍ដែលអាចជួយទ្រទ្រង់រាងកាយ ជួយរក្សាលំនឹង pH ក្នុងឈាម និងពង្រឹងចលនាសាច់ដុំ និងសម្រួលពេលយើងមានអាការៈគ្រុនក្ដៅដែរ។
ទឹកដូងមានគុណប្រយោជន៍ច្រើន ដូចជា ជួយបញ្ចុះសម្ពាធឈាម បំពេញជាតិទឹក ជួយសម្រួលសរសៃឈាមបេះដូង សម្រកទម្ងន់ និងកាត់បន្ថយអាការៈឈឺក្បាល។
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសរោគស្ត្រី និងសម្ភព
ទាក់ទងនឹងជំនឿពីទឹកដូងក្នុងពេលពពោះនេះដែរ ចាស់ៗតែងតែឲ្យស្ត្រីមានផ្ទៃពោះផឹកទឹកដូងឲ្យបានច្រើន ជាពិសេសពេលជិតសម្រាល ត្រូវផឹកទឹកដូងទុំរាល់ថ្ងៃ ដើម្បីឲ្យស្រួលកើតកូន។ ប៉ុន្តែ ការលើកឡើងបែបនេះ ក៏មិនមែនជាការពិតឡើយ ដោយខាងវិទ្យាសាស្ត្រមិនបានបញ្ជាក់ថាវាអាចជួយអ្វីបាននោះទេ។