brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

រឿងរ៉ាវទាំង៥នេះ តែងកើតលើស្ត្រីពពោះ នៅរដូវក្តៅ

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ឆ្លង​កាត់​​ការ​ប្រែប្រួល​ជា​ច្រើន​ មិន​ថា​រូបរាង​​កាយ​ ​អារម្មណ៍​ និង​ផ្លូវ​ចិត្ត​នោះ​ទេ ដូច្នេះ​ហើយ​ ការ​ថែទាំ​ខ្លួន​ឲ្យ​បាន​ល្អ​តាម​រយៈ​ការ​ជ្រើសរើស​របប​អាហារ​ត្រឹមត្រូវ ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​ទាំង​ម៉ាក់​ៗ និង​កូន​ក្នុង​ផ្ទៃ​​។ យ៉ាង​ណា​មិញ អំឡុង​ពេល​​រដូវ​ក្តៅ​នេះ ស្ត្រី​ពពោះ​​យើង​អាច​​ប្រឈម​នឹង​រឿងរ៉ាវ​មួយ​ចំនួន​ដែល​កើត​ឡើង​ជា​ទូទៅ ប៉ុន្តែ​មិន​បង្ក​ជា​បញ្ហា​ធំដុំ​ណា​មួយ​ឡើយ។

រឿងរ៉ាវទាំង៥នេះ តែងកើតលើស្ត្រីពពោះ នៅរដូវក្តៅ

រឿងរ៉ាវ​ទាំង​៥ ម៉ាក់​ៗ​តែង​ជួប​ប្រទះ​នៅ​រដូវ​ក្តៅ

១. មាន​អារម្មណ៍​ក្តៅ​គ្រប់​ពេល

ស្ត្រី​ពពោះ​មាន​បរិមាណ​ឈាម​នៅ​ក្នុង​រាងកាយ​កើន​ឡើង ដែល​នេះ​ជា​ហេតុ​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ក្តៅ​ជាង​អ្នក​ដែល​គ្មាន​ផ្ទៃពោះ។ រួម​ជាមួយ​នឹង​កម្តៅ​ក្នុង​រដូវ​ក្តៅ​ទៀត​នោះ យើង​កាន់​តែ​ស្អុះស្អាប់​ និង​មិន​ស្រណុក​ក្នុង​ខ្លួន​ជា​មិន​ខាន។

ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)!

២. ហើម​ប្រអប់​ជើង និង​ក​ជើង

ទោះ​បី​ជា​ការ​ហើម​ជើង ជា​រឿង​ធម្មតា​សម្រាប់​ស្ត្រី​ពពោះ​ក៏​ដោយ​ ប៉ុន្តែ​ក៏​អាច​បង្ក​ជា​ការ​រំខាន​ដូច​គ្នា។ ជាមួយ​នឹង​សារជាតិ​ទឹក​ច្រើន​នៅ​ក្នុង​រាងកាយ​អំឡុង​ពេល​ពពោះ និង​សម្ពាធ​ពី​ស្បូន​ដែល​កំពុង​លូតលាស់​ ធ្វើ​ឲ្យ​ម៉ាក់​ហើម​ជើង និង​ក​ជើង ហើយ​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​ក្នុង​រដូវ​ក្តៅ​នេះ។

៣. បែក​ញើស​

ទន្ទឹម​នឹង​នេះ​ដែរ ម៉ាក់​ៗ​នឹង​បែក​ញើស​ស្ទើរ​តែ​គ្រប់​ផ្នែក​នៃ​រាងកាយ​ ដូចជា​ក្លៀក​ ពោះ ផ្ទៃ​មុខ ក និង​ភ្លៅ​។ កត្តា​នេះ​កើត​ឡើង​ដោយ​សារ​តែ​បរិមាណ​ឈាម​កើន​ឡើង​អំឡុង​ពេល​ពពោះ ហើយ​ការ​ធ្វើ​មេតាប៉ូលីស​​គឺ​សម្រាប់​មនុស្ស​ពីរ​នាក់​ ទើប​​ធ្វើ​ឲ្យ​រាងកាយ​យើង​បញ្ចេញ​ញើស​ ដើម្បី​ឲ្យ​មាន​ភាព​ត្រជាក់។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​ជៀសវាង​កង្វះ​ជាតិ​ទឹក។

៤. ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​​​ជានិច្ច

ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ មាន​សារៈសំខាន់​ណាស់​ចំពោះ​ម៉ាក់​ៗ​នៅ​អំឡុង​ពេល​ពពោះ ពីព្រោះ​​ស្បែក​យើង​ងាយ​រង​ប្រតិកម្ម​​ខ្លាំង​អំឡុង​ពេល​ពពោះ និង​បង្ក​ឲ្យ​មាន​ស្នាម​ជាំ​ដោយ​សារ​កម្តៅ​ថ្ងៃ។ ដូច​នេះ ស្ត្រី​ពពោះ​គួរ​ការពារ​ស្បែក​ ដោយ​ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ដែល​មាន​SPF៣០​ឡើង​ទៅ។

ពពោះរដូវក្តៅ

៥. កម្តៅ​ថ្ងៃ​ធ្វើ​ឲ្យ​យើង​ងងុយ​គេង

ពិត​ណាស់​ រាងកាយ​យើង​បំពេញ​មុខងារ​កាន់​តែ​ច្រើន​ ដើម្បី​គ្រប់គ្រង​សីតុណ្ហភាព​ខាង​ក្នុង​ អំឡុង​ពេល​ពពោះ​នេះ ដូច្នេះ​ហើយ​ទើប​យើង​មាន​អារម្មណ៍​ងងុយ​គេង។ មួយ​វិញ​ទៀត ការ​ចំណាយ​ពេល​នៅ​ក្រោម​កម្តៅ​ថ្ងៃ ក៏​នឹង​ធ្វើ​ឲ្យ​រាងកាយ​ម៉ាក់​ៗ​នឿយហត់​អស់​កម្លាំង ដោយ​សារ​តែ​ការ​កង្វះ​ជាតិ​ទឹក។

អត្ថបទគួរអាន៖

ចំណុចសំខាន់

រឿងរ៉ាវ​ទាំង​៥ ម៉ាក់​ៗ​តែង​ជួប​ប្រទះ​នៅ​រដូវ​ក្តៅ៖
  • មាន​អារម្មណ៍​ក្តៅ​គ្រប់​ពេល
  • ហើម​ប្រអប់​ជើង និង​ក​ជើង
  • បែក​ញើស
  • ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​​​ជានិច្ច
  • កម្តៅ​ថ្ងៃ​ធ្វើ​ឲ្យ​យើង​ងងុយ​គេង
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 20/03/2025