ទូរសព្ទសំខាន់ណាស់ ចំពោះជីវិតរស់នៅសព្វថ្ងៃនេះ បូករួមទាំងការកម្សាន្ត អនឡាញ ខល។ មានការជជែកគ្នាច្រើនលើចំណុចដែលថា “ស្ត្រីមានផ្ទៃពោះ” អាចប៉ះពាល់ទារកក្នុងផ្ទៃអត់? បើប៉ះពាល់ ប៉ះពាល់កម្រិតណា? ពិតឬអត់ ហើយគួរធ្វើម៉េច?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ទូរសព្ទសំខាន់ណាស់ ចំពោះជីវិតរស់នៅសព្វថ្ងៃនេះ បូករួមទាំងការកម្សាន្ត អនឡាញ ខល។ មានការជជែកគ្នាច្រើនលើចំណុចដែលថា “ស្ត្រីមានផ្ទៃពោះ” អាចប៉ះពាល់ទារកក្នុងផ្ទៃអត់? បើប៉ះពាល់ ប៉ះពាល់កម្រិតណា? ពិតឬអត់ ហើយគួរធ្វើម៉េច?
ថ្ងៃនេះ “Hello គ្រូពេទ្យ” សូមលើកយកលទ្ធផលពីការសិក្សាចំពោះឥទ្ធិពលអត់ល្អដល់ស្ត្រីមានគភ៌ទាក់ទងនឹង Smartphone។ តោះទៅមើលអំណះអំណាង និងការពន្យល់លម្អិត៖
ពិសោធន៍ ២ ករណីពីផលអវិជ្ជមានពេលប្រើទូរសព្ទច្រើន រវាងស្ត្រីជាម្ដាយ ទៅគភ៌
១- ការសិក្សាលើកទី១
លោកវេជ្ជបណ្ឌិត Dr. Hugh S. Taylor នៅសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក បានពិសោធការប្រឈមរវាងសត្វកណ្ដុរផើម ២ ក្រុមក្នុងការទទួលរងវិទ្យុសកម្មពីទូរសព្ទ។ ក្រុមកណ្ដុរផើមទី ១ លោកបានដាក់ទូរសព្ទដៃភ្ជាប់ផ្ទាល់ទៅនឹងទ្រុងរបស់វា ឯក្រុមទី ២ មានតំណ ឬឧបករណ៍ភ្ជាប់ទៅទ្រុង។ ជាលទ្ធផល ឃើញថា កូនកណ្ដុរដែលកើតចេញពីកណ្ដុរមេក្នុងក្រុមទី១ មានបញ្ហាលើសកម្មភាព អត្តចរិត ឬស្រដៀងទៅនឹងវិបត្តិអត្តចរិតរបស់មនុស្ស (ប្លែកពីមនុស្សទូទៅ ឬចូលចិត្តតែឯងៗ)។
២- ការសិក្សាលើកទី២
ឥទ្ធិពលវិទ្យុសកម្មដែលទូរសព្ទដៃបញ្ចេញទៅលើម្ដាយ ក្នុងមុន និងក្រោយសម្រាល ពិតជាជះផលអវិជ្ជមាន ឬបង្កជាវិបត្តិអាកប្បកិរិយាក្មេងតូចពិតប្រាកដ។ នេះជាការអះអាងពីអ្នកវិទ្យាសាស្ត្រ ដាណឺម៉ាក។ ផ្ទុយទៅវិញ ស្ថាប័នបម្រើសេវាកម្មសុខភាពថ្នាក់ជាតិរបស់អង់គ្លេស ច្រានចោល និងអះអាងខុសពីអ្វីដែលភាគី ដាណឺម៉ាក បញ្ជាក់ ដោយបកស្រាយថា យើងមិនអាចសន្និដ្ឋាន ១០០% ថា វិបត្តិអត្តចរិតរបស់ក្មេងកើតឡើងដោយសាររលកវិទ្យុសកម្មពីទូរសព្ទទាំងស្រុងទេ។
មូលហេតុទូរសព្ទបង្កគ្រោះថ្នាក់ដល់កុមារ
រាល់គ្រឿងអេឡិចត្រូនិកទាំងអស់ គឺសុទ្ធតែបញ្ចេញ និងទទួលរលកវិទ្យុអេឡិចត្រូម៉ាញ៉េទិក។ ធាតុវិទ្យុសកម្មទាំងនេះ អាចបន្សល់នៅក្នុងសារពាង្គកាយ និងបង្កការខូចខាត “ព័ត៌មានសេនេទិច” ដែលអាចធ្វើឲ្យមានការផ្លាស់ប្ដូរនៃទម្រង់ម៉ូលេគុលកោសិការាងកាយ។
បន្ថយការប្រើទូរសព្ទ
វេជ្ជបណ្ឌិតជាច្រើនសុទ្ធតែណែនាំដូច្នេះ។ កុំកាន់ ឬដាក់ទូរសព្ទជាប់ខ្លួនរហូត ឬកំណត់ពេលវេលាប្រើ ឬលេងទូរសព្ទ ជាប្រការល្អបំផុត។
លោកបណ្ឌិត Devra Davis ស្ថាបនិកអង្គការ Environmental Health Trust របស់អាមេរិក បានព្រមានកុំឲ្យដាក់ទូរសព្ទនៅលើពោះ ហើយគួរប្រើកាស ឬឧបករណ៍បំពងសំឡេងជំនួសការស្ដាប់ផ្ទាល់វិញ។ មិនមែនតែស្ត្រីទេដែលរងគ្រោះពីវិទ្យុសកម្ម បុរសក៏ដូចគ្នា។
ការសិក្សាច្រើនណាស់បានបញ្ជាក់ថា ទូរសព្ទដាក់ក្នុងហោប៉ៅ អាចប៉ះពាល់ដល់សមត្ថភាពបង្កើតមេជីវិតរបស់បុរសទៀតផង។
ធ្វើម៉េចទៅ បើចៀសមិនផុតពីប្រើទូរសព្ទផង?
ខាងក្រោមនេះជាគំនិត និងដំណោះស្រាយមួយចំនួន (ចំពោះស្រីពោះធំ ឬអ្នកប្រើប្រាស់ទូទៅ) ដើម្បីអាចកាត់បន្ថយការទទួលរងផលអាក្រក់ពីវិទ្យុសកម្មរាល់ថ្ងៃ៖
– កុំដាក់ទូរសព្ទក្នុងហោប៉ៅ
– ដាក់វាឲ្យឆ្ងាយពីខ្លួន ពេលមិនត្រូវការប្រើ ឬពេលខល
– ប្រើទូរសព្ទមានខ្សែ (បើមាន)
– ខលទូរសព្ទតែនៅតំបន់ណាដែលមានសេវាល្អ ព្រោះការបញ្ចេញរលកវិទ្យុសកម្មខ្ពស់ គឺនៅកន្លែងណាដែលមានសេវាទាបប៉ុណ្ណោះ
– ផ្ញើសារឲ្យបានច្រើនជាងខល លើកលែងពេលមានការងារបន្ទាន់ ឬបើនិយាយ គួរជជែកឲ្យខ្លីបំផុតតាមតែអាចធ្វើទៅបាន
– ប្រើឧបករណ៍ជំនួយ ដូចជា កាស ឬឧបករណ៍បំពងសំឡេង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ