១- ពេលដំបូងកូនក្នុងផ្ទៃចាប់ផ្តើមកម្រើក
ជាធម្មតា ស្រីៗពពោះ នឹងមានអារម្មណ៍ដឹងថា កូនកំពុងធាក់ពោះយើង ដែលអារម្មណ៍នេះកើតមាននៅចន្លោះសប្តាហ៍ទី ១៨-២០ នៃការពពោះ។ សម្រាប់គ្នាយើងទើបមានផ្ទៃពោះលើកដំបូង ត្រូវចំណាយពេលបន្តិច ដើម្បីឲ្យដឹងពីចលនាកូន វាអាចនឹងមានភាពស្រាលៗ អាចធ្វើឲ្យយើងមានអារម្មណ៍មិនប្រាកដ ដោយលើពេលវេលាកម្រើកលឿន និងខ្លីៗ។ តែចំពោះគ្នាយើងធ្លាប់មានកូនពីមុន ងាយសម្គាល់ដឹងពីសញ្ញា និងចលនាដំបូងរបស់កូន នៅពេលពពោះបាន ១៦ សប្តាហ៍។
បើយើងមានផ្ទៃពោះ ២៤សប្តាហ៍ ហើយកូនក្នុងពោះ នៅមិនទាន់មានចលនាទៀតនោះ គួរប្រញ៉ាប់ទាក់ទងទៅគ្រូពេទ្យ ដើម្បីពិនិត្យមើលពីចង្វាក់បេះដូងគភ៏ ថតឆ្លុះអេកូ និងពិនិត្យពីការលូតលាស់របស់កូន ដើម្បីប្រាកដថា កូនក្នុងផ្ទៃមិនមានបញ្ហាណាមួយ និងមានសុខភាពល្អ។
២- ពេលវេលាទារកចាប់ផ្តើមមានចលនា៖
បើយើងនៅតែមិនប្រាកដថា កូនចាប់ផ្តើមមានចលនា ឬនៅ នោះខាងក្រោមនេះ គឺជាការណែនាំមួយចំនួន ជួយគ្នាយើងងាយស្រួលសម្គាល់ចលនា និងការកម្រើករបស់កូន៖
– សប្តាហ៍ទី ១២៖ ជាពេលវេលាដំបូងសម្រាប់គភ៌ក្នុងផ្ទៃ ចាប់ផ្តើមចលនា តែម៉ាក់ៗភាគច្រើន ប្រហែលមិនមានអារម្មណ៍ដឹងទេ ដោយសារតែគភ៌នៅតូចពេក។
– សប្តាហ៍ទី ១៦៖ ម៉ាក់ៗជាច្រើន នឹងចាប់ផ្តើមមានអារម្មណ៍ មានអ្វីម្យ៉ាងកំពុងកម្រើកក្នុងពោះយើង វាមានអារម្មណ៍ដូចពេល យើងភ័យបុកពោះអ៊ីចឹងដែរ។ ពេលខ្លះយើងនឹងគិតខុស ថាវាជាការចាល់អាស៊ីដក្រពះ ប៉ុន្តែតាមពិតទៅ គឺមកពីកូនក្នុងពោះយើងមានចលនា។