អំឡុងពេលពពោះ បើធ្វេសប្រហែសក្នុងការថែទាំសុខភាព អាចបណ្ដាលឲ្យទារកប្រឈមនឹងកើតបញ្ហាពីកំណើតខ្ពស់មែនទែន។ ក្នុងនោះ បញ្ហាពីកំណើតទាក់ទងនឹងសរីរាង្គរបស់អាអូនក៏កើតមានញឹកញាប់ដែរ។ បើចង់ដឹងកូនមានវិបត្តិសរីរាង្គ ឬអត់ យើងគួរធ្វើបែបណា?
ឆ្លើយតបនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេសផ្នែកសម្ភព និងរោគស្រ្តី ឲ្យដឹងថា ជំងឺវិបត្តិសរីរាង្គដែលអាអូនក្នុងផ្ទៃដែលជួបញឹកញាប់ជាងគេមាន ជំងឺ Trisomy21 (ជំងឺសតិមិនគ្រប់ទឹក) Trisomy18 និង Trisomy13។ ស្ត្រីចាំបាច់បំផុតមិនអាចខកខានបានត្រូវពិនិត្យផ្ទៃពោះ នៅអាយុកូនពី១១-១៣សប្ដាហ៍ ៦ថ្ងៃ ដើម្បី៖
១. ពិនិត្យអេកូ វាស់កម្រាស់កញ្ចឹងកកូន (NT)
២. វាស់ប្រវែង ឆ្អឹងច្រមុះ
៣. បូមឈាមម៉ាក់ៗធ្វើតេស្ដ Double test: Free beta hCG, PAPP-A
លោកបញ្ជាក់ថា ក្រោយពីបានលទ្ធផលនេះ និងអាចគណនា ដើម្បីរកហានិភ័យកម្រិតទាប ឬកម្រិតខ្ពស់របស់ជំងឺទាំង ៣ខាងលើ។ ក្នុងករណីលទ្ធផលបញ្ជាក់ថា មានហានិភ័យកម្រិតទាប ម៉ាក់ៗត្រូវតាមដានពិនិត្យផ្ទៃពោះដូចធម្មតា។
![បាក់តេរីទ្វារមាសពេលពពោះ](https://cdn.hellokrupet.com/wp-content/uploads/2023/05/បាក់តេរីទ្វារមាសពេលពពោះ៤.jpg)
ប៉ុន្តែ បើលទ្ធផលបញ្ជាក់ថា មានហានិភ័យខ្ពស់ គឺត្រូវធ្វើការចោះបូមយកទឹកភ្លោះយកកោសិកាកូនទៅពិនិត្យរកភាពខុសប្រក្រតីនៃក្រូម៉ូសូម នៅអាយុ១៦សប្ដាហ៍ឡើងទៅ និងពិនិត្យអេកូ ពិនិត្យលម្អិតរកភាពមិនប្រក្រតីនៃសរីរាង្គនីមួយៗរបស់កូន នៅអាយុពី១៨-២៤សប្ដាហ៍។